វិភាគ៖ ​ហេតុ​អ្វី​អ្នក​ប្រដាល់​​​ខ្មែរ​ភាគ​ច្រើន​​ មិន​អាច​រក្សា​ភាព​ខ្លាំង​​បាន​យូរ​?

  • 2016-03-30 20:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​​កម្ពុជា​​មួយ​ចំនួន​​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ងាយ​​ធ្លាក់​ចុះ​សមត្ថភាព​ប្រកួត​ខ្លាំង​ បន្ទាប់​ពី​​សមត្ថភាព​របស់​ពួក​គេ​​​ឡើង​ខ្លាំង​ស្ទើរ​ដល់​ចំណុច​កំពូល​​ហើយ​។ នេះ​បើ​ប្រៀប​ធៀប​នឹង​អ្នក​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ដែល​វ័យ​របស់​ពួក​គេ​កាន់​តែ​ច្រើន​ហើយ ប៉ុន្តែ​សមត្ថភាព​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដែល​​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​មិន​អាច​មើល​ស្រាល​បាន។

 

លោក មាស សុខ​គ្រី ​​ជា​មន្ត្រី​​អាជ្ញាកណ្ដាល​ និង​ចៅ​ក្រម​មួយ​រូប​​របស់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​​លើក​ឡើង​​ថា ​​​​​កីឡាករ​នៅ​កម្ពុជា​មិន​អាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​បាន​យូរ​​អង្វែង​ទេ ពី​ព្រោះ​ពួក​គេ​​ភាគ​ច្រើន​​មាន​ចរិត​​ខ្ជិល​ មិន​​ព្យាយាម​បន្ត​​ការ​ហ្វឹកហាត់​ដោយ​គិត​ថា ខ្លួន​ខ្លាំង​ហើយ​មិន​ចាំ​បាច់​ហ្វឹកហាត់​​​ខ្លាំង​​បន្ថែម​ទៀត​ទេ។ ​អ្នក​ខ្លះ​​​​ឡើង​វ៉ៃ​យូរ​ៗ ទៅ​មាន​ជំងឺ​ជាប់​ខ្លួន​​ត្រង់​ចំណុច​ណា​មួយ ដែល​​ជះឥទ្ធិពល​ដល់​ការ​ហ្វឹកហាត់។

 

​លោក​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​ជួន​កាល​បណ្ដាល​មក​ពី​ ​​ដល់​វ័យ​​កាន់​តែ​ចាស់​(កម្លាំង​ធ្លាក់​ចុះ)។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡាករ​ប្រដាល់​ខ្លះ​គិត​ថា ​អាជីព​​​ឈឺ​​ខ្លួន​រូប​គេ​មិន​ចាប់​ជា​​របរ​ប្រចាំ​ជីវិត​នា​​ថ្ងៃ​អនាគត​បាន​ឡើយ​ ដូច្នេះ​ហើយ​​ទើប​​បាន​ជា​​ពួក​គេ​​​បន្ថយ​ការ​ហ្វឹកហាត់​ក្រោយ​ពេល​មាន​ប្រាក់​គ្រប់គ្រាន់​រក​ស៊ី​មុខ​របរ​ផ្សេង​វិញ។

 

​​​ជា​មួយ​គ្នា​នោះ​​​​គ្រូ​បង្វឹក​​ក្លឹប​​ប្រដាល់​ក្រសួង​ការពារ​​ជាតិ ធុន សុភា ដែល​ជា​អតីត​កីឡាករ​ប្រដាល់​ដ៏​ល្បី​មួយ​រូប​បាន​លើក​ឡើង​ស្រដៀងគ្នា​ដែរ​ថា ​កីឡាករ​ប្រដាល់​​នៅ​កម្ពុជា​​ដែល​ខ្លាំង​ហើយ​ប្រែ​មក​ជា​ធ្លាក់​វ៉ៃ​មិន​ល្អ​​ក្នុង​រយៈ​ពេល​ខ្លី ​មក​ពី​ពួក​គេ​មាន​ចរិត​តួឯក។ ​ម្យ៉ាងទៀត​អាច​មក​ពី​សុខភាព​​ធ្លាក់​ចុះ​ ពីព្រោះ​កីឡាករ​ដែល​ខ្លាំង​ដល់​កម្រិត​ខ្ពស់​​ច្រើន​​ទុក​ពេល​វេលា​ទំនេរ​ច្រើន​​មិន​បន្ត​ខំប្រឹង​​ហ្វឹកហាត់​។

 

លោក ធុន សុភា (អាវ​ស)​ជា​អាជ្ញា​កណ្តាល

 

​លោក​​បន្ថែម​ទៀត​ថា ការ​រក្សា​ភាព​ខ្លាំង​របស់​កីឡាករ​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​​លើ​អ្នក​នោះ​ស្រលាញ់​ប្រដាល់​ខ្លាំង​​ដោយ​លះបង់​​ច្រើន​ជា​មួយ​​​វិស័យ​ឈឺ​ខ្លួន​នេះ។ ​ទន្ទឹម​នឹង​នោះ​​អ្នក​ប្រដាល់​ក៏​ទាមទារ​ឲ្យ​មាន​ការ​ជំរុញ​ពី​គ្រូ​បង្វឹក​​ផង​ដែរ​ទើប​អាច​ប្រកាន់​ការ​ហ្វឹកហាត់​បាន​ខ្ជាប់​ខ្ជួន។

 

 

ទោះ​បី​ជា​យ៉ាង​ណា ​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​ខ្លាំង​ហើយ​មិន​អាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​បាន​យូរ​ដូច​ជា​កត្តា​ជាជីវភាព​ខ្វះ​ខាត ការ​ប្រឹង​ប្រែង​ហ្វឹកហាត់​​មួយ​រយៈ​គ្រាន់​តែ​​សម្រាប់​ឡើង​ប្រកួត​ យក​ពេល​​ប្រកប​មុខ​ការងារ​ផ្សេង​ទៀត​ដើម្បី​ជីវភាពគ្រួសារ ប្រាក់​តម្លៃ​ខ្លួន​ឡើង​ប្រកួត​តិច​ ឬ​ក៏​ប្រាក់​រង្វាន់​​នៅ​មាន​កម្រិត​ជា​ដើម៕​

 

​ក្រៅ​ពី​កីឡាករ​កម្ពុជា​ពីរ​​រូប​នេះ​តើ​ប្រិយមិត្ត​ដឹង​ទេ​ថា​នៅ​មាន​អ្នក​ណា​ខ្លះ​ទៀត​ដែល​ខ្លាំង​តែ​មួយ​រយៈ​ពេល​ខ្លី​នោះ?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​