តា​ គង់ ណៃ យក​ចាប៉ីដងវែង៩ដើម​សម្ដែង​​រួម​គ្នា​ថ្ងៃ​អាទិត្យ​នេះ

  • 2016-03-31 20:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​អាទិត្យ​ទី៣ ខែ មេសា ឆ្នាំ ២០១៦ នៅ​សាល​មហោស្រព​ចុតមុខ នឹង​​មាន​រៀបចំ​​មហោស្រព​ចាប៉ី​ដង​វែង​​មួយ ​ក្រោម​ប្រធានបទ "សម្រស់​ព្រៃ​ឈើ​ខ្មែរ " ដែល​កម្មវិធី​នេះ លោក​ព្រឹទ្ធាចារ្យ​វោហារ​សព្ទ គង់ ណៃ នឹង​ដឹក​នាំ​អ្នក​លេង​ចាប៉ី​ល្បី​ឈ្មោះ៩រូប ឡើង​ច្រៀង​ឆ្លង​ឆ្លើយ​គ្នា ជូន​ទស្សនិកជន​បាន​ទស្សនា។

 

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក ពេជ សារ៉ាត ស្ថាបនិក​ និង​​ប្រធាន​ដឹក​នាំ​សហគមន៍​ចាប៉ី​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ព្រឹក​មិញ​នៅ​សារមន្ទីរជាតិថា មហោស្រព​ចាប៉ី​ដង​វែង​ខាង​លើ​​ធ្វើ​ឡើង​ដើម្បី​លើក​ស្ទួយ និង​អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ​ជា​ពិសេស​ចាប៉ី​ដង​វែង ទៅ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង។ ចំណុច​សំខាន់​មួយទៀត​ នៃ​កម្មវិធី​នេះ គឺ​លើក​កម្ពស់​ការ​ចូល​រួម​ថែរក្សា​សម្រស់ និង​អត្ថប្រយោជន៍​នៃ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ​

 

ពេជ សារ៉ាត បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កម្មវិធី​នេះ​ព្រឹទ្ធាចារ្យ​វោហារ​សព្ទ គង់ ណៃ នឹង​​ដឹក​នាំ អ្នក​លេង​ចាប៉ី​ល្បី​ឈ្មោះ៩រូប​ច្រៀង​ឆ្លង​​ឆ្លើយ​ឆ្លង​គ្នា ទាក់​ទង​នឹង​សម្បត្តិ​ធម្មជាតិ ក៏​ដូច​ជា កេរដំណែល​វប្បធម៌​​ប្រពៃណី។ លោក​ថា ការ​​សម្ដែង​បែប​នេះ មិន​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ ចាប៉ី​បុរាណ​ខ្មែរ។ "កន្លង​មក​ចាប៉ី​យើង​ច្រៀង​ឆ្លង​ឆ្លើយ​តែ២នាក់​អី​ទេ តែ​ខ្ញុំ​ចង់​​ធ្វើ​ឲ្យ​មាន​ការ​លេង​ចូល​គ្នា​ច្រើន នៅ​បរទេស​ គេ​អាច​យក​ឧបករណ៍​ភ្លេង​បូរាណ​​បញ្ចូល​គ្នា​ច្រើន ខ្ញុំ​គិត​ថា ខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​ដែរ យើង​និង​បាន​ឃើញ​វា​នៅ​ថ្ងៃ​នោះ ។ លោក ពេជ្រ សារ៉ាត់​ថ្លែង។

 

ក្រៅ​ពី​ការ​សម្ដែង​ចាប៉ី​ដង​វែង ក៏​មាន​របាំ ​និង​សិល្បៈ​សម្ដែង​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា តន្ត្រី​ថូន និង​តន្ត្រី​គែន​មក​ពី​ខេត្ត ឧត្តរមានជ័យ, ក្បូន​សម្លេង​អង្គរ​, ច្រៀង​ក្រមា​ខ្មែរ, វង្ស​​ភ្លេង​​បញ្ជាន់​អារក្ស និង របាំ​សហសម័យ​ជា​ដើម។

 

ទស្សនិកជន​ដែល​មាន​បំណង​ចង់​អញ្ជើញ​​ទស្សនា​មហោស្រព​ចាប៉ី​ដង​វែង​ខាង​លើ ត្រូវ​ទិញ​សំបុត្រ ក្នុង​តម្លៃ​មនុស្ស​ម្នាក់​២ម៉ឺន​រៀល ហើយ​​សំបុត្រ​មាន​ដាក់​លក់​នៅ​សាល​មហោស្រព​ចតុមុខ។ ថវិកា​ដែល​សល់​ពី​ការ​​ចំណាយ​ផ្សេង នឹង​យក​ទៅ​ជួយ​សកម្មជន​ការពារ​ព្រៃ​ធម្មជាតិ៕

 

 

អត្ថបទ៖ ខុត សីហា