ដើរលេង​យ៉ាងម៉េច​ សប្បាយ ​ហើយ​អស់​លុយ​តិច ?

  • 2016-04-01 23:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មាន​ពិធីបុណ្យ​ទាន​ម្ដងៗ ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​និយម​ដើរ​កម្សាន្ត​ទៅ​ទី​ជិត ឬ ឆ្ងាយ ទៅតាម​ធនធាន និង​ពេលវេលា។ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជិត ឈាន​ចូល​មកដល់​ហើយ ក្រៅពី​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ជួបជុំ​គ្រួសារ​បងប្អូន​ញាតិមិត្ត តើ​ប្រិយមិត្ត​មាន​គម្រោង​ដើរ​កម្សាន្ត​ទៅ​ទីណា​ខ្លះ? ចង់​ដឹង​អត់ ដើរលេង​យ៉ាងម៉េច​ឲ្យ​សប្បាយ ហើយ​អស់​លុយ​តិច?

 

កញ្ញា​ឌី​ជា​បុគ្គលិក​នៅ​ធនាគារ​មួយ​បាន​ចែក​បទពិសោធន៍​ថា បើសិនជា​មិន​ចង់​អស់​លុយ ច្រើន ដើរលេង​គួរតែ​ខ្ចប់​អាហារ​តាមរបៀប​តិកនិក អង្គុយ​ញុំា​ក្រោម​ដើមឈើ ក្បែរ​វាលស្រែ ឬ មាត់សមុទ្រ ជាការ​ដើរលេង​របៀប​មើល​ធម្មជាតិ។

 

 

 

ដោយឡែក​ បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់ទៀត​ប្រាប់​ថា ដំបូង​ត្រូវ​គិត​ពី​ទីតាំង ដែល​ត្រូវ​ទៅ ហើយ​ប្រសិនបើ​ដើរលេង​ក្នុងស្រុក​លក្ខណៈ​មិត្ត​រួម​ក្រុម ត្រូវ​ប្រមូល​លុយ​ដាក់​ចូល​គ្នា​ជាមុន។ « យើង​ចាត់ចែង​នរណា​ម្នាក់​ក្នុង​ក្រុម​ឲ្យ​កាន់​លុយ​ថ្លៃ​ចំណាយ ផ្សេងៗ និង​ម្នាក់ទៀត​ជា​អ្នកបង្កើត​កម្មវិធី​ផ្សេងៗ​តាម​ចំណង់» សូ​ហេង បញ្ជាក់។

 

តែ​បើ​ដើរលេង​ក្រៅ​ស្រុក ចង់​អស់​លុយ​តិច អ្នកមាន​បទ​ពិសោធ​ដើរលេង​ក្រៅ ប្រទេស​រូប​នេះ​ផ្ដល់​យោបល់​ឲ្យ​ជិះ​ឡាន​តាក់ស៊ី​ឬ​ឡានក្រុង ដើម្បី​អាច​ឈប់​ដើរលេង​តាម​កន្លែង​ដែល​យើង​ចង់​ទៅ​ថែមទាំង​អាច​ភ្លក់​មុខ​ម្ហូប​ប្លែកៗ តែ​សុ​ហេង​ប្រាប់​ថា កុំ​ចូល​ហាង​ទិញ​ទំនិញ​ច្រើនពេក ។

 

ឆ្លើយតប​នឹង​សំណួរ​ដូចគ្នា​នេះ​ដែរ​ លោក​ ទូច ហាក់ អ្នក​រៀបចំ​ដំណើរ​កម្សាន្ត នៃ ក្រុមហ៊ុន​ទេសចរណ៍ ICGបាន​ណែនាំ​យ៉ាង​ខ្លី​ថា ​ដើរលេង​ចំណេញ គឺ​ត្រូវ​ដើរ​ជា​ក្រុម ។ ទោះ​ដើរលេង​តាម​ការរៀបចំ​របស់​ក្រុមហ៊ុន​ទេសចរណ៍ ឬ​ឯកជន​ក្ដី គួរ​ដើរលេង​គ្នា​ច្រើន ព្រោះ​បាន​ជុំ​គ្នា មាន​ភាព​សប្បាយ​រីករាយ ថែមទាំង​មាន​អនុស្សាវរីយ៍​ច្រើន «គ្នា​ច្រើន​អាច​ជួយ​រំលែក​ការ​ចំណាយ មាន​សុវត្ថិភាព អាច​ថតរូប​ជុំ​គ្នា ឬ លេងល្បែង​កម្សាន្ត​ផ្សេង» អ្នក​ជំនាញ​លើ​វិស័យ​ទេសចរណ៍​រូប​នេះ បន្ថែម ។

 

 

លោក​ក៏បាន​ណែនាំ​ដល់​អ្នក​ដែល​ចង់​ដើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ថា​គួរ​មានការ​រៀបចំ​គម្រោង​ទុកជាមុន​ឲ្យ​បាន​យ៉ាងហោចណាស់ ២សប្តាហ៍ ដើម្បី​កក់​សណ្ឋាគារ ឬ ផ្ទះសំណាក់ បើ​មិន​ដូច្នេះ​ទេ​ច្បាស់​ជា​ថ្លៃ ហើយ​ថែមទាំង​មិន​មាន​កន្លែង​ស្នាក់នៅ​ទៀត ។ ប្រិយមិត្ត​យល់ស្រប​នឹង​ការ​លើក​ឡើង​ខាង​លើនេះ​ទេ? ហើយ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ មាន​គម្រោង​ដើរ​កម្សាន្ត​ទីណា​ខ្លះ?

 

អត្ថបទ៖ លីដា

អត្ថបទពេញនិយម