Dé-Like-Milk​ ទីកន្លែង​ជួប​មិត្ត​​ដូច​ក្នុង​​ពិភព ​Facebook

  • 2014-10-25 18:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​យុវវ័យ​ពិត​ជា​មាន​អារម្មណ៍​ប្លែក​មិន​ខាន​ បើសិនជា​បាន​ទៅ​ហាង​ Dé-Like-Milk ព្រោះ​ហាង​មួយ​នេះ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ហាក់​ដូចជា​ កំពុង​នៅ​ស្ថិត​ក្នុង​ទំព័រ​ហ្វេសបុក​​អីចឹង​ដែរ​ ក៏​ព្រោះ​ពាក្យ​ពេជ្រសំខាន់​ជាច្រើន​នៅ​ក្នុង​ហ្វេសបុក​ត្រូវ​បាន​ប្រើ​លើ​ ទីតាំង​សំខាន់​ៗ​ក្នុង​ហាង​មួយ​នោះ​។

 

 

គ្រាន់ ​តែ​ទៅ​ដល់​មុខ​ហាង​ Dé-Like-Milk ភ្លាម​ ឃើញ​រូប​មេដៃ​ដ៏​ធំ​មួយ តំណាង​ពាក្យ​ Like បាន​សម្ញែង​​ខ្លួន​យ៉ាង​សង្ហា​ ដោយ​សម្គាល់​ថា ជា​ទីតាំង​​របស់ ​Dé-Like-Milk។ ជាមួយ​គ្នា​នេះ​ដែរ ពេល​មិត្ត​យុវវ័យ​ ឈាន​ជើង​ដើរ​ទៅ​ដល់​មាត់​ទ្វារ​នោះ អ្នក​នឹង​សង្កេត​ឃើញ​ពាក្យ log In នៅ​លើ​មាត់ទ្វារ​ ឈាន​ជើង​ចូល​ខាង​ក្នុង​​អ្នក​ឃើញ​ពាក្យ​ check In នៅ​លើតុ​​ទទួល​ភ្ញៀវ​ ហើយ​ជា​ពិសេស​គឺ​ពាក្យ​ Share ជា​សញ្ញា​បង្ហាញ​ផ្លូវ​ទៅ​បន្ទប់​ទឹក​។ ទាំងនេះ​​គឺ​ជា​ចំណុច​ប្លែក​ពី​ហាង​ដទៃ របស់ ​Dé-Like-Milk ដែល​​បាន​ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​សប្បាយ​រីករាយ​ ជាង​មុន​ទៅ​ទៀត​ ។

 

ក្រៅ ​ពី​ការ​តុបតែង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ទាំង​នេះ​ បើ​និយាយ​ពី​សេវា​កម្ម​របស់​ហាង ​Dé-Like-Milk វិញ​ ពិត​ជា​មិន​ធ្វើ​ឲ្យ​មិត្ត​យុវវ័យ​ខក​បំណង​ឡើយ​ ក៏​ព្រោះ​ភាព​រហ័សរហួន​​​របស់​បុគ្គលិក​ ចំពោះ​ការ​ផ្ដល់​សេវាកម្ម​ យ៉ាង​រហ័ស​ទាន់​ចិត្ត​ ជា​ពិសេស​កន្លែង​អង្គុយ​ មាន​ច្រើន​ជម្រើស ​ងាយស្រួល​ដល់​ការ​ជជែក​គ្នា​លេង​ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​ គឺ​សេវា​អ៊ីនធឺណិត 8Mbp/Seconds មិន​ធ្វើ​ឲ្យ​ការ​កម្សាន្ត​តាម​អ៊ីនធឺណិត​​របស់​អ្នក​ខក​បំណង​ឡើយ​។

 

 

 

ក្រៅពី​ចំណុច​ទាក់ទាញ​ខាង​លើ​ហើយ Dé-Like-Milk ក៏​មាន​លក់​តែ​បៃតង មាន​គុណភាព​ខ្ពស់​ រសជាតិ​ឆ្ងាញ់ ហើយ​ក៏​មាន​អាហារ​សម្រន់​មួយ​បែប​ដែរ ឈ្មោះ​ថា “គុយទាវ​លាក់ខ្លួន​ អង្រួន​ចិន្ដា​” ដែល​​ត្រូវ​បាន​ចុងភៅ​រៀបរាប់​ថា គុយទាវ ត្រូវ​បាន​ចៀន​រហូត​ដល់​ក្រៀម ហើយ​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​បន្លែ​ច្រើន​ប្រភេទ ដែល​លាយឡំ​សាច់​គ្រឿង​សមុទ្រ​ជា​ច្រើន​យ៉ាង​ឆ្ងាញ់​ពិសា​ ដែល​នេះ​ជា​ការ​ច្នៃប្រឌិត​ថ្មី ជា​អាហារ​ប្រចាំ​ត្រកូល​នៅ​ហាង​នេះ​តែ​ម្ដង។

 

ហាង​ Dé-Like-Milk មាន​ទីតាំង​ស្ថិត​នៅ​ ផ្ទះ​លេខ ១៥០J ផ្លូវ​លេខ ១៣៤ សង្កាត់​វាលវង់ ខណ្ឌ ៧​មករា រាជ​ធានី​ភ្នំពេញ​ (ផ្លូវ​ចូល​ជាប់​នឹង​ផ្ទះ​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​​ ឯកឧត្ដម​ ហុក ឡងឌី) ក៏​អាច​ទាក់ទង​តាម​ទូរសព្ទ​​លេខ 088 777 5305។

 

-មើល​អត្ថបទ៖ ឆៃយ៉​ក្ដាម​ អាហារ​ឆ្ងាញ់​ជាប់​មាត់!

 

អត្ថបទ៖ កង ចាន់​បញ្ញា