យោធា​រុស្ស៊ី​បង្កាត់​ពូជ​ឆ្កែ​ចចក សាហាវ និង​ខ្លាំង​រហូត​ដល់​អាច​ការពារ​ព្រំដែន​បាន

  • 2016-04-09 21:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធា​រុស្ស៊ី​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កាត់​ពូជ​ឆ្កែ​ចចក​ជាមួយ​ឆ្កែ​ស្រុក ឈ្មោះ​ថា Volkosobs (wolf-dog) ដែល​មាន​សមត្ថភាព​ខ្លាំង​រហូត​ដល់​អាច​ការពារ​ព្រំដែន​បាន។

 

 

ពូជ​ឆ្កែ​ប្រភេទ​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ និង​ចង់​បាន​យូរ​មក​ហើយ ព្រោះ​សមត្ថភាព​វា​ខ្លាំង​គ្មាន​គូ​ប្រៀប។ ពូជ​ឆ្កែ​ចចក​កាត់​ឆ្កែ​ស្រុក​ជាង​២០០​ក្បាល ត្រូវ​គេ​បង្កាត់​នៅ​សាកលវិទ្យាល័យ Cologne ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយ​សារ​អត្តចរិត​របស់​ឆ្កែ​ប្រភេទ​នេះ គឺ​ដូច​ឆ្កែ​ចចក ដែល​សាហាវ និង​គំរាម​កំហែង​ដល់​មនុស្ស។

 

ឆ្នាំ​២០០០ អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​សត្វ​នៅ​វិទ្យាស្ថាន Prem Institute of Internal Troops របស់​រុស្ស៊ី សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បង្កាត់​ពូជ​ឆ្កែ​ចចក​ជាមួយ​ឆ្កែ​ស្រុក។ ក្នុង​រយៈ​ពេល​ជាង១០​ឆ្នាំ​មក​នេះ volkosob ជាង​៤០​ក្បាល​ត្រូវ​គេ​បង្កាត់។

 

 

Volkosob មាន​ភិនភាគ​ដូច​ឆ្កែ​ចចក សមត្ថភាព​ខ្លាំង តែ​អត្តចរិត​កាត់​មក​ឆ្កែ​ស្រុក ពោល​គឺ​រួសរាយ មិន​សាហាវ​ចង់​ស៊ី​សាច់​មនុស្ស​ដូច​ពូជ​ឆ្កែ​ចចក​សុទ្ធ​នោះ​ទេ។ ពូជ​ឆ្កែ​នេះ មាន​តម្លៃ ២០០០​ដុល្លារ និង​៣០០០​ដុល្លារ ប៉ុន្តែ​យោធា​រុស្ស៊ី​មិន​លក់​ឆ្កែ​ពូជ​នេះ​ឡើយ។ យ៉ាងណា​ក៏​ដោយ រុស្ស៊ី​សុខចិត្ត​ជួល​ឲ្យ​អង្គការ​សន្តិសុខ​ក្នុង​ស្រុក ក្រោម​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង។

 

Volkosob មាន​សមត្ថភាព​ហិត​ក្លិន​តាម​រក​គ្រឿង​ផ្ទុះ​ ទំនិញ​រត់​ពន្ធ​បាន​យ៉ាង​ងាយ​ស្រួល។ "ពួកគេ​ចូល​ចិត្ត​ធ្វើ​ការងារ។ ពេល​ចូល​ដល់​កន្លែង​ហ្វឹកហ្វាត់​ភ្លាម ពួកគេ​ចាប់​ផ្ដើម​គ្រហឹម​សង្ក្រឺត​ញេញ​ធ្មេញ​អន្ទះសា​ចង់​ហាត់​តែ​ម្ដង"។ នេះ​យោង​តាម​អ្នក​បង្ហាត់ Olga Galperina ប្រាប់​ឲ្យ​ដឹង។

 

 

អ្វី​ដែល​ធ្វើ​ពូជ​ឆ្កែ​ប្រភេទ​នេះ​មាន​តម្លៃ​សម្រាប់​យោធា​រុស្ស៊ី គឺ​សមត្ថភាព​វា​ពូកែ​ជាង​ពូជ​ណាៗ​ទាំង​អស់។ ពូជ Shepherds របស់​អាល្លឺម៉ង់ ប្រើ​ពេល​៤​នាទី ដើម្បី​ទិញ​ដឹង​ពី​កន្លែង​លាក់​ខ្លួន​របស់​ឧក្រិដ្ឋជន តែ​ពូជ​ឆ្កែ​ចចក​កាត់​ឆ្កែ​ស្រុក​នេះ​វិញ ប្រើ​ពេល​តែ​១៥ ទៅ ២០​វិនាទី​ប៉ុណ្ណោះ។ បើ​កន្លែង​ថ្មី​វិញ វា​គ្រាន់​តែ​មួយ​រត់​ជុំ​បរិវេណ​ប៉ុណ្ណោះ វា​នឹង​ចាប់​ផ្ដើម​ហិត​ក្លិន​តាម​ដាន​ដឹង​ភ្លាម​ទាក់ទង​នឹង​គ្រឿង​ញៀន ជន​ល្មើស ឬ​គ្រឿង​ផ្ទុះ។ Volkosob ពូកែ​ហិត​ក្លិន​ជាង​ពូជ​ធម្មតា​ដល់​ទៅ ៦ ដង​ឯណោះ។

 

ក្នុង​ការ​វាយ​ប្រហារ​វិញ ពូជ​ឆ្កែ​នេះ​វាយ​ប្រហារ​តែ​កន្លែង​សំខាន់​របស់​មនុស្ស​ប៉ុណ្ណោះ ពោល​គឺ​ផ្នែក​ត្រង់​ក និង​សន្លាក់​ឆ្អឹង។ ក្នុង​ពេល​វាយ​ប្រហារ​វិញ វា​មិន​ខ្វល់​នឹង​សំឡេង​កាំភ្លើង ឬ​គ្រឿង​ផ្ទុះ​ទេ តែ​វា​ផ្តោត​លើ​ការងារ​របស់​វា​ប៉ុណ្ណោះ។

 

 

Volkosob ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អាវុធ​សម្ងាត់​សម្រាប់​ល្បាត​ព្រំដែន​រុស្ស៊ី ប្រឆាំង​នឹង​ពួក​ឧក្រិដ្ឋជន និង​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន​តាម​ព្រំដែន៕

 

ដោយ៖ សុផាត ប្រភព៖ Odditycentral