គន្លឹះដាក់ពាក្យ៧យ៉ាង ពីអ្នកជាប់ជយលាភីអាហារូបករណ៍
- 2016-04-26 21:52:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះដាក់ពាក្យ៧យ៉ាង ពីអ្នកជាប់ជយលាភីអាហារូបករណ៍
ចន្លោះមិនឃើញ
អាហារូបករណ៍ប្រៀបដូចជាគ្រាប់ពេជ្រមួយសម្រាប់អ្នកប្រាថ្នាចង់បាននិងស្វះស្វែងរក។ ដំបូន្មានពីអ្នកជោគជ័យធ្លាប់ទទួលបានកញ្ចប់សិក្សាដោយឥតគិតថ្លៃនោះអាចជាការបង្ហាញផ្លូវដ៏ល្អ បូករួមទាំងការអនុវត្តដើម្បីសម្រេចគោលដៅចាប់យកអាហារូបករណ៍។ ដូចនេះគេហទំព័រ Top Universities បានស្រង់យកការចែករំលែកប្រាប់ពីអ្នកជោគជ័យក្នុងការដាក់ពាក្យអាហារូបករណ៍ មួយចំនួនមកបង្ហាញ៖
១. ដាក់ពាក្យឲ្យបានមុន កាន់តែឆាប់កាន់តែល្អ
វាអាចជារឿងពិបាកក្នុងការរៀបចំតាមដំបូន្មាននេះ ប៉ុន្តែអ្នកឈ្នះអាហារូបករណ៍ជាច្រើនបានឲ្យដឹងថា វាជាចំណែកសំខាន់មួយជួយឲ្យពួកគេជោគជ័យទទួលបានអាហារូបករណ៍។ "សាលាជាច្រើនមានលុយអាហារូបករណ៍ផ្ដល់ជូនសិស្សនិស្សិតក្នុងចំនួនកម្រិតមួយ ហើយបើដាក់ពាក្យមុន អ្នកនឹងអាចមានលទ្ធភាពទទួលបានមុន"។ នេះបើតាមសម្ដី Alexis Csizmazia ដែលទទួលបានអាហារូបករណ៍សកលវិទ្យាល័យ QS-IE។
២. ចូលមើលវិបសាយសាលា រកមើលឱកាសអាចទទួលបាន
សកលវិទ្យាល័យមួយចំនួនដែលអ្នកចង់ទៅរៀនតែងមាន វិបសាយជាប្រភពព័ត៌មានល្អមួយដែលអ្នកអាចទាក់ទងស្វែងរកអាហារូបករណ៍បាន។ Doris Fang អ្នកឈ្នះការសិក្សាមិនគិតថ្លៃ QS Connect Masters 1-2-1 ឆ្នាំ២០១៥ បានឲ្យដឹងថា៖ "ខ្ញុំណែនាំឲ្យចូលមើលក្នុងវិបសាយសាលាដែលអ្នកចាប់អារម្មណ៍ចង់ដាក់ពាក្យទៅរៀន។ តាមធម្មតា វិបសាយសាលាទាំងនោះនឹងផ្ដល់ព័ត៌មានលម្អិតទាក់ទងអាហារូបករណ៍ និងមូលនិធិផ្ដល់ជូនសម្រាប់និស្សិតដាក់ពាក្យប្រជែងយកផងដែរ"។
៣. ស្វែងរកព័ត៌មានអាហារូបករណ៍តាមប្រភពផ្សេងៗ
"ការស្រាវជ្រាវជាគន្លឹះសំខាន់មួយ"។ នេះបើតាម Thuy Phamova Thanh អ្នកទទួលបានអាហារូបករណ៍ QS។ អ្នកមានបទពិសោធន៍ឈ្នះអាហារូបករណ៍ជាច្រើនណែនាំឲ្យអ្នកស្វះស្វែងរកអាហារូបករណ៍អាចរកតាមប្រភពជាច្រើនដូចជា អ៊ីនធឺណិត បណ្ណាល័យ តាមរយៈមិត្តភ័ក្ដិជាដើម។ ប្រភពទាំងនេះអាចបង្ហាញប្រាប់ដល់អ្នកអំពីស្ថាប័នឬអ្នកផ្ដល់អាហារូបករណ៍គ្រប់ប្រភេទ។
៤.យកចិត្តទុកដាក់លើសំណេរដាក់ពាក្យអាហារូបករណ៍
នៅពេលអ្នករកបានប្រភពអាហារូបករណ៍និងសម្រេចចិត្តដាក់ពាក្យ ត្រូវប្រាកដថាពាក្យស្នើសុំរបស់អ្នកឆ្លើយតបទៅនឹងអ្វីដែលខាងសាលាចង់បាន។"ចំណាយពេលវេលាបន្តិចពិនិត្យមើលសំណេរអត្ថបទសុំអាហារូបករណ៍របស់អ្នក ពិនិត្យមើលពាក្យគន្លឹះសំខាន់ៗ និងឆ្លើយតបឲ្យចំអ្វីដែលគេចង់បាន"។ នេះជាការណែនាំរបស់ Salimatou Balde អតីតនិស្សិតអាហារូបករណ៍សកលវិទ្យាល័យ QS-IE។
៥.សុំនរណាម្នាក់ឲ្យជួយពិនិត្យមើលពាក្យរបស់អ្នក
ក្រោយពិនិត្យរកមើលកំហុសក្នុងពាក្យស្នើសុំអាហារូបករណ៍ដោយខ្លួនឯងរួច ការសុំឲ្យនរណាម្នាក់ជួយពិនិត្យនិងផ្ដល់ជាមតិអាចឲ្យអ្នកដឹងពីចំណុចខ្លាំងនិងភាពខ្សោយរបស់អ្នកបាន។ "ពាក្យស្នើអាហារូបករណ៍របស់ខ្ញុំកាន់តែប្រសើរឡើងពេលខ្ញុំបានសុំឲ្យមិត្តភ័ក្ដិជួយពិនិត្យមើល ជាពិសេសអក្ខរាវិរុទ្ធនិងវេយ្យាករណ៍"។ នេះបើតាម Stephen Jarvis អ្នកឈ្នះអាហារូបករណ៍ QS Academic Excellence ។
៦. ចេះលៃលកពេលវេលា
ការគ្រប់គ្រងពេលវេលាបានល្អជារឿងមួយសំខាន់ ពិសេសពេលអ្នកដាក់ពាក្យស្នើសុំអាហារូបករណ៍ច្រើន។ ពិនិត្យមើលរាល់ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ ដូចនេះអ្នកអាចលៃលកពេលគ្រប់គ្រាន់សម្រាប់រៀបចំឯកសារគ្រប់តាមតម្រូវការ។ កញ្ញាValentina Sandulova សិស្សអាហារូបករណ៍ QS EDHEC- Business School ធ្លាប់ជាអ្នកធ្វើការពេញម៉ោងមុនពេលជាប់អាហារូបករណ៍។ នាងបាននិយាយថា៖ " អត់ធ្មត់ ព្យាយាមដាក់ជាបន្តបន្ទាប់ និងប្រាកដថាអ្នកចេះលៃពេលដូចនេះអ្វីៗនឹងអាចដំណើរការបានល្អ"។
៧. ដាក់ហើយដាក់ទៀត
ជាចុងក្រោយ អ្វីដែលអ្នកមានបទពិសោធន៍ឈ្នះអាហារូបករណ៍ណែនាំគឺ ចាប់ផ្ដើមដាក់ពាក្យ! “ដំបូងខ្ញុំមិនប្រាកដខ្លួនឯងថាត្រូវដាក់អាហារូបករណ៍មួយនេះឬមួយនោះ ឬយ៉ាងណានោះទេ ព្រោះវាមានការប្រកួតប្រជែងច្រើនមែនទែន ប៉ុន្តែការសាកល្បងនិងការខំប្រឹងប្រែងជាការសម្រេចចិត្តល្អបំផុតដែលខ្ញុំបានធ្វើ"។ នេះជាសម្ដីរបស់ Lee MacPherson អ្នកឈ្នះអាហារូបករណ៍ QS Leadership ។ អ្នកទទួលអាហារូបករណ៍ជាច្រើនបានឲ្យដឹងថា ពួកគេធ្លាប់បានទទួលលិខិតបដិសេធ ឬមិនជាប់អាហារូបករណ៍ជាច្រើនដងមុនពេលជោគជ័យទទួលបានវា។ ពួកគេបានឲ្យយោបល់ថា ការលើកទឹកចិត្តខ្លួនឯងខំព្យាយាមកែប្រែចំណុចខ្វះខាត និងបន្តព្យាយាមដាក់ពាក្យជាសោសំខាន់បើកទ្វារទៅទទួលយកអាហារូបករណ៍ដែលខ្លួនប្រាថ្នាចង់បានដោយជោគជ័យ៕
ចុចអាន៖ យុវតីខ្មែររៀនសុទ្ធតែពាណិជ្ជកម្មអន្តរជាតិនៅថៃ រំពៃចង់បានការងារនៅទីនោះទៀត!
ប្រែសម្រួល៖ មាន រតនា ប្រភព៖ topuniversities