មន្ត្រី​ចរាចរណ៍​ទម្លាយ​មូល​ហេតុ​ ដែល​ប្រជាពលរដ្ឋ​មិន​សូវ​គោរព​ច្បាប់​បាន​ផុល​ផុស

  • 2016-04-30 16:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​សង្កេត​ឃើញ​ថា ច្បាប់​ចរាចរណ៍​ថ្មី​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ស្រប​ពេល​ច្បាប់​នេះ​ហាក់​មិន​សូវ​មាន​ឥទ្ធិពល​កក្រើក​ដូច​ដើម​ឆ្នាំ​ ២០១៦។ សម្រាប់​មន្ត្រី​សង្គម​ស៊ី​វិល អ្នក​ស្រី ឃុន ចាន់​ផា ប្រធាន​ផ្លាស់​ប្ដូរ​ឥរិយាបថ​នៃ​កម្មវិធី​មូល​និ​ធី​បង្ការ​របួស​អាស៊ី​ក៏​សង្កេត​ឃើញ​ថា ​ហាក់​មិន​សូវ​ផុលផុស​ឲ្យ​ដូច​សេចក្ដី​ប្រកាស​នៅ​ដើម​ឆ្នាំ​២០១៦ ថា​នឹង​រឹត​បណ្ដឹង​យ៉ាង​ម៉ឺង​ម៉ាត់​នោះ​ដែរ។ គេ​ឃើញ​ថា​ការ​រាយ​កង​កម្លាំង​ត្រួត​ពិនិត្យ​នៅ​តាម​ដង​ផ្លូវ​ប្រៀប​ដូច​ភ្លៀង​រលឹម។​ ជាក់​ស្ដែង​ដូច​ជា​ការ​ពាក់​មួក​សុវត្ថិភាព ហាក់​នៅ​មាន​កម្រិត​បើ​ទោះ​មាន​ការ​កើន​ឡើង​តែ​មិន​ទាន់​ច្រើន​តាម​ការ​រំពឹង​ទុក។

 

 

 

ចំ​ពោះ​លោក ឡាង លន់ អធិការ​រង​ប្រចាំ​ក្រុង​តា​ខ្មៅ បាន​ប្រាប់​​ថា ច្បាប់​​ចរាចរណ៍​បាន​រឹត​បន្តឹង​ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​គឺ​ប្រជាពលរដ្ឋ​ខ្លះ​មាន​ការ​យល់​ច្រឡំ​ដោយ​សារ​ការ​ពន្យារ​ពេល​ច្រើន​ដង​លើក​លែង​លើ​ការ​ផាក​ឯកសារ​មួយ​ចំនួន ដែល​ជា​ហេតុ​ពួក​គាត់​គិត​ថា​ច្បាប់​នៅ​មាន​ការ​យោគ​យល់​ខ្លះ ។

 

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ទី ឡុង តំណាង​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ បាន​ចាត់​ទុក​ថា​ពិត​ជា​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ខ្លះ​ ដែល​បណ្ដាល​ឲ្យ​ច្បាប់​នេះ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព។

 

កត្តា​នោះ​ គឺ​ដោយ​សារ​កង​កម្លាំង​ក្រោយ​ដាក់​វេន​គ្នា​ឡើង​ចុះ​ជួប​ការ​លំបាក​ព្រោះ​មាន​ការ​រវល់​ច្រើន មាន​ពេល​ខ្លះ​ក៏​ចន្លោះ​ប្រហោង មិន​បាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ខ្លះ។ កត្តា​មួយ​ទៀត​គឺ​ប្រជាពលរដ្ឋ នៅ​មិន​ទាន់​មាន​ទម្លាប់​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​ពេល​បើក​បរ ដោយ​សំអាង​ថា​ផ្លូវ​ជិត​ដូច្នេះ​ខ្ជិល​ពាក់​មួក​ជា​ដើម។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ឥរិយាបថ​ក្នុង​ការ​ពាក់​មួក​ទាំង​អ្នក​បើក​បរ​និង​អ្នក​រួម​ដំណើរ​ព្រម​ទាំង​ទៅ​បំពេញ​ឯកសារ​មួយ​ចំនួន​មាន​ការ​ផ្លាស់​ប្ដូរ​ល្អ​ប្រ​សើរ។​

 

យ៉ាង​ណា​លោក​បញ្ជាក់​ថា ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ២០១៦​ត​ទៅ ច្បាប់​នឹង​រឹត​ឡើងវិញ​ដោយ​មិន​លើក​លែង​ទាំង​មួក​សុវត្ថិភាព​និង​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​បើកបរ​ដោយ​អនុវត្ត​ទូទាំង​ប្រទេស​ព្រម​ទាំង​ដាក់​ពង្រាយ​កង​កម្លាំង​ត្រួត​ពិនិត្យ​ផាក​ពិន័យ​ផង​ដែរ៕

 

សូម​ទស្សនា​វី​ដេ​អូ៖

 

 

 

អត្ថបទ៖ លឹម សុ​នា