២៩​ក្រុម​ចូល​រួម​ប្រកួត​ពាន ស្វាយរៀង​ខាប់ ​លើក​ទី​២ ​ឆ្នាំ​២០១៦​នេះ​

  • 2016-04-30 19:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពាន​រង្វាន់​ជើង​ឯក​ពាន​រង្វាន់​ ស្វាយរៀង​​ខាប់​​បាន​វិល​មក​ដល់​ទៀត​ហើយ​​ដោយ​​​ឆ្នាំ​២០១៦​នេះ​ជា​​ការ​ប្រកួត​លើក​ទី​២។ ការ​ចាប់​ពូល​កាល​ពី​ម្សិល​មិញ​ ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៦​បង្ហាញ​ថា ​ក្រុម​ចូល​រួម​ប្រកួត​​ទាំង​អស់​ចំនួន​២៩​ក្រុម​​ដែល​ត្រូវ​បាន​បែង​ចែក​ជា​៨​ពូល​ ប៉ុន្តែ​៣​ពូល​ចុង​ក្រោយ​មាន​​តែ​៣​ក្រុម​ប៉ុណ្ណោះ​ក្នុង​មួយ​ពូល។

 

 

ពាន​រង្វាន់​បាល់​ទាត់​ស្វាយ​រៀង​ ខាប់​លើក​ទី​២​ ឆ្នាំ​២០១៦​ មាន​ការ​ចូល​រួម​ទាំង​អស់​ចំនួន​២៩​ក្រុម​ ទូទាំង​ខេត្ត​ស្វាយរៀង ​ដោយ​ក្នុង​១​ក្រុម​មាន​កីឡាករ​ចំនួន​២៣​នាក់​ ដែល​ធ្វើ​ការ​ប្រកួត​រាល់​ថ្ងៃសៅរ៍​ អាទិត្យ និង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ផ្សេង​ៗ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ កីឡាករ​ជា​មន្ត្រី​រាជការ​ អង្គការ​ ស្ថាប័ន​ក្រុម​ហ៊ុន​ផ្សេង​ៗ​ អាច​មាន​លទ្ធភាព​ចូល​រួម​ប្រកួត​បាន។

 

គោល​បំណង​ក្នុង​ការ​រៀប​ចំ​ពាន​រង្វាន់​នេះ​ឡើង​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ស្រទាប់​មហាជន​ និង​ជំរុញ​​ឲ្យ​យុវជន​ យក​ពេល​វេលា​ មក​ចូល​រួម​លេង​កីឡា​ ជៀស​វា​ង​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេង​ៗ​ ដែល​សង្គម​ស្អប់ខ្ពើម។ ​ពានរង្វាន់​នេះ​ រៀប​ចំឡើង​ដោយ​ សមាគម​កីឡា​បាល់ទាត់​ ខេត្ត​ស្វាយរៀង​ សហការ​ជា​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយរៀង​ ដែល​មាន​ឯកឧត្តម​ ឌី វិជ្ជា​ ជា​ប្រធាន​ ហើយ​ឯក​ឧត្តម​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ នូវ​ការ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ក្នុង​ខេត្ត​ ដោយ​មាន​គម្រោង​រៀប​ចំ​ការ​ប្រកួត​ ​ឲ្យ​មាន​រៀង​រាល់​ឆ្នាំ​ ទាំង​ពាន​រង្វាន់​មហាជន​ ក្រោម​អាយុ​១៥​ និង​១៧ឆ្នាំ​ ព្រម​ទាំង​ពាន​រង្វាន់​នារី​ផង​ដែរ។

 

 

ពាន​រង្វាន់​ស្វាយ​រៀង​ខាប់​ ឆ្នាំ​២០១៦​នេះ​ ​ជា​លើក​ទី​២​ ដែល​បាន​រៀប​ចំ​ឡើង​ ដោយ​លើក​ទី​១​ បាន​រៀប​ចំ​នៅ​ឆ្នាំ​២០១៥​ ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៣៣​ក្រុម​ ហើយ​ធ្វើ​ការ​ប្រកួត​នៅ​លើ​ស្មៅ​សិប្បនិម្មិត​ ៩​នាក់ ក្នុង​វគ្គ​ជំរុះ​ក្នុង​ពូល​ និង​វគ្គ​ខ្វែង​ទើប​មក​ប្រកួត​ នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ​១១​នាក់។

 

ការ​ប្រកួត​លើក​ទី​១ ​បទបញ្ជា​បច្ចេកទេស​ បាន​កំណត់​ថា​ កីឡាករ​គ្រប់​ខេត្ត​ក្រុង​ ដ៏​ទៃ​អាច​ចូល​រួម​ប្រកួត​បាន​ ប៉ុន្តែ​ការ​ប្រកួត​លើក​ទី​២ ដោយ​មាន​សំណូម​ពរ​ ពី​ក្រុម​ក្នុង​ខេត្ត​ច្រើន​ ទើប​ចេញ​បទ​បញ្ជា​ថ្មី​ កំណត់​ឲ្យ​តែ​កីឡាករ​ ក្នុង​ខេត្ត​ ឬ​កីឡាករ​ដែល​មាន​ការងារ​នៅ​ក្នុង​ខេត្ត​ទើប​អាច​ចូល​រួម​បាន៕

 

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ ផ្តល់​ឲ្យ​