សុវណ្ណ​ ស៊ុតឲ្យ​​ បឹងកេត​ ឈ្នះ ភ្នំពេញ​ក្រោន ១-០ ឯណាហ្គាឈ្នះ​ស៊ីម៉ាក់ ៣-១

  • 2016-05-01 02:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​ចាស់​ភ្នំពេញ​ក្រោន​​បាន​ទទួល​រង​បរាជ័យ​ដោយ​ក្រុម​ភ្ញៀវ​បឹងកេត​អង្គរ​ដោយ​លទ្ធផល​ ១-០ នៅ​ទឹក​ដី​របស់​ខ្លួន​​សម្រាប់​ការ​ប្រកួត​​សប្ដាហ៍​ទី​៦ ​ពាន​រង្វាន់​បាល់ទាត់​ជ្រើស​រើស​ជើង​ឯក​ជាតិ​​ប្រចាំ​ឆ្នាំ​២០១៦។

ក្រុម​បឹងកេត​អង្គរ

 

នៅ​កីឡដ្ឋាន​ RSN ដែល​​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​​យ៉ាង​ច្រើន​កុះករ​សម្រាប់​តង់​ទី​មួយ​មិន​​មាន​ក្រុម​ខាង​ណា​មួយ​ក៏​ដូច​ជា​អ្នក​គាំទ្រ​​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ដោយ​​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា​។ ចូល​ដល់​តង់​ទី​ពីរ​បឹងកេត​អង្គរ​នៅ​តែ​ព្យាយាម​វាយ​សម្រុក​ដូច​តង់​ទី​មួយ​រហូត​អាច​បំប៉ោង​សំណាញ់​ទី​​បាន​១​​គ្រាប់​ដោយ​ខ្សែ​ការពារ សុខ សុវណ្ណ នៅ​នាទី​ទី​៧១។

 

បន្ទាប់​ពី​ក្រុម​ភ្ញៀវ​នាំ​មុខ ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​បាន​ព្យាយាម​វាយ​សម្រុក ប៉ុន្តែមិន​អាច​រក​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​របស់​បឹងកេត​អង្គរ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​ប្រកួត​បាន​បង្កើត​​ការ​តឹង​សរសៃ​ក​ដាក់​គ្នា​តាម​រយៈ​ការ​ប៉ះ​ទង្គិច។ ទី​បំផុត​លោក​អាជ្ញា​កណ្តាល​បាន​សម្រេច​ពិន័យ​កាត​ក្រហម​មួយ​ម្នាក់​សម្រាប់​ក្រុម​ទាំង​ពីរ​គឺ​ ហុង ផេង របស់​បឹងកេត​អង្គរ និង​ Jang In Yong របស់​ភ្នំពេញ​ក្រោន។  ទោះ​ជា​យ៉ាង​ណា​ការ​ប្រកួត​​បាន​បញ្ចប់​ដោយ បឹងកេង​យក​ឈ្នះ​ភ្នំពេញ​ក្រោន ១-០។ ​

 

ចំណែក​នៅ​ពហុកីឡដ្ឋាន​ជាតិ​ម៉ោង​ដំណាល់​គ្នា​ ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់)​ដោយ​លទ្ធផល ៣-១​ ទោះ​ជា​ខ្សែ​បម្រើ​ គួច សុកុម្ភៈ​រង​របួស​រហូត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​តង់​ទី​មួយ៕

 

ក្រុម​ភ្នំពេញ​ក្រោន

 

​អត្ថបទ៖ ជាន ចាន់រ៉ា