ថ្នាក់​ដឹក​នាំ​ នៃ​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ២​រូប ​ក្លាយ​ជា​អ្នក​បម្រើ​ ក្នុង​ទិ​វា​ពលកម្ម​អន្តរជាតិ

  • 2016-05-02 15:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គ​នាយក​ និង​គណៈ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន RMA Cambodia ចំនួន​២​រូប ត្រូវ​បាន​គេ​ប្រទះ​មក​ធ្វើ​ជា​អ្នក​រត់​តុ​ ដោយ​លើក​អាហារ​បម្រើ​ភ្ញៀវ​នៅ​ហាង​ BBQ និង​មួយ​កន្លែង​ទៀត​នៅ The  Pizza Company កាល​ពី​ម្សិល​មិញ។

 

 

បុរស​ស្លៀក​ឯក​សណ្ឋាន​ពណ៌​ទឹក​ក្រូច ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាលោក ងន សាំង អគ្គ​នាយក​ក្រុមហ៊ុន RMA Cambodia កំពុង​កត់​អាហារ​ដែល​ភ្ញៀវ​កុម្មង់ ព្រម​ទាំង​លើក​ភេសជ្ជៈ​ជូន​ភ្ញៀវ​ពិសា​យ៉ាង​ញញឹម​រស់​រាយ ដោយ​ខុស​ពី​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក ពាក់​ក្រវាត់​ក​អាវ​ធំ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ការ​យ៉ាង​ម៉ឺង​ម៉ាត់។

 

លោក បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​សម្រាប់​លោក ក្នុង​ការ​មក​បំពេញ​ការងារ​តាម​អាហារដ្ឋាន​ផ្សេង​ៗ​បែប​នេះ។ កន្លង​មក​លោក​ធ្លាប់​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ចម្អិន​ភី​ហ្សា ជា​អ្នក​ឆុង​កាហ្វេ​ទៀត​ផង។

 

 

លោក​បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​មក​ធ្វើ​ជា​អ្នក​បម្រើ​​​ថា ៖ “ខ្ញុំ​​​បាន​​​ផ្ដួចផ្ដើម​​ធ្វើ​​បែប​នេះ​ឡើង​ដើម្បី​សិក្សា​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​បុគ្គលិក​ ដែល​បម្រើ​ការ​តាម​ហាង។ វា​អាច​ឲ្យ​យើង​ដឹង​ពី​តម្រូវ​ការ​របស់​ពួក​គាត់​ហើយ​អាច​ស្វែង​យល់​ពី​កង្វះ​ខាត​ដែល​យើង​មាន ដើម្បី​ធ្វើ​ការ​កែ​តម្រូវ ព្រម​ទាំង​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់​ដឹក​នាំ​ និង​បុគ្គលិក​នៅ​តាម​ហាង​ផង​ដែរ ”។

 

មិន​ខុស​គ្នា​ប៉ុន្មាន គណៈ​គ្រប់​គ្រង​ទូ​ទៅ​នៃ​ក្រុម​ហ៊ុន EFG លោក ទេព វិ​រៈ កំពុង​បម្រើ​និង​លើក​អាហារ​ជូន​ភ្ញៀវ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ក៏​ចង់​បញ្ជាក់​ពី​ឆន្ទៈ​របស់​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​​ថា​តែង​តែ​ផ្ដល់​ឱកាស​និង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ស្មើ​ៗ​គ្នា ព្រម​ទាំង​ស្ដែង​ពី​សកម្មភាព​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើន​ទំនាក់​ទំនង​ជាមួយ​បុគ្គលិក និង​មើល​ឃើញ​ពី​ផល​លំបាក​របស់​ពួក​គាត់។

 

 

 

ការ​បង្ហាញ​ខ្លួន​ជា​អ្នក​បម្រើ​របស់​ថ្នាក់​ដឹក​នាំ​ទាំង​ពី​រូប​នេះ ធ្វើ​ឲ្យ​អតិថិជន​ម្នាក់​ភ្ញាក់​ផ្អើល​ក្រោយ​កញ្ញា​មិន​បាន​ដឹង​ជា​មុន​ថា CEO ក៏​ដូច​ជា Manager នៃ​ក្រុម​ហ៊ុន​ធំ​មួយ​មក​បម្រើ​អាហារ​ដល់​ភ្ញៀវ​ដូច្នេះ។ កញ្ញា លីន​ដា កំពុង​ទទួល​ទាន​ភី​ហ្សា​យល់​ថា នេះ​ជា​សកម្មភាព​ល្អ​ដែល​ថ្នាក់​ដឹក​នាំ​សុខ​ចិត្ត​ដាក់​ខ្លួន​មក​បំពេញ​នាទី​បែប​នេះ ដែល​ជា​រឿង​កម្រ​មួយ ហើយ​វា​ក៏​ជា​សារ​ដល់​អ្នក​គ្រប់​គ្រង​ដទៃ​ទៀត​ឲ្យ​​​ចេះ​យល់​​ទុក្ខ​​លំបាក​​របស់​​អ្នក​​ក្រោម​​បង្គាប់​ផង​ដែរ៕

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម