បី​ក្រុម ឈ្នះ​ទឹក​ប្រាក់​ពាន់​ដុល្លារ​​ពី​កម្មវិធី "​ប្រកួត​ប្រជែង​គម្រោង​អាជីវកម្ម Phillip Bank"

  • 2016-05-02 18:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួតប្រជែង​គម្រោង​អាជីវកម្ម ផ្ដួចផ្ដើម​ដោយ Philip Bank ក្រោម​ការ​សហការ​រៀប​ចំ​ដោយ Kairos បាន​រក​ឃើញ​ជយលាភី​បី​ក្រុម ដែល​​បាន​បង្ហាញ​គម្រោង​អាជីវកម្ម​លេចធ្លោ​ជាង​គេ អម​ដោយ​ទឹក​ប្រាក់​ខ្ពស់​បំផុត​ ៣ ០០០ ដុល្លារ​​សម្រាប់​ក្រុមជយលាភី​លេខ ១ ។

 

លោក ហាន់ ប៉េង​គាន់ ​នាយក​គ្រប់គ្រង​ទូទៅ​​ធនាគារ Phillip Plc  (រាប់​ពី​ស្តាំ រូប​ទី២)

 

​លោក ហាន់ ប៉េង​គាន់ ជា​នាយក​គ្រប់គ្រង​ទូទៅ​របស់​ធនាគារ Phillip Plc ឲ្យ​ដឹង​ថា ក្រុម​ដែល​ឈ្នះ​បី​ក្រុម​ក្នុង​ចំណោម ១១ក្រុម​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Phillip Bank Business Plan Competition លើក​​ទី​ពីរ​នេះ​ បាន​បង្ហាញ​ពី​ផែនការ​អាជីវកម្ម​ថ្មី​ប្លែក​និង​មាន​សក្ដានុពល​សម្រាប់​ពេល​អនាគត។

 

លោកថា ​​ការ​កាត់​សេចក្តី​របស់​គណៈកម្មការ​ទាំង ៤ រូប​រយៈ​ពេល​ប្រមាណ ១៥នាទី គឺ​ផ្តោត​ទៅ​លើ លទ្ធភាព​​ជំនួញ ទស្សនៈ ការ​ធ្វើ​បទ​បង្ហាញ និង​ភាព​អាច​ទៅ​រួច​សម្រាប់​គម្រោង​អាជីវកម្ម​របស់​ក្រុម​ទាំង ១១។ ផ្អែក​លើ​ប៉ុន្មាន​ចំណុច​នេះ ក្រុម​ចំនួន ៣ ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្រោម​ផែនការ​អាជីវកម្ម៖

 

១. ជយលាភី​លេខ១ ទឹក​ប្រាក់ ៣ ០០០ដុល្លារ៖ គម្រោង​អាជីវកម្ម CamxTravel ដែល​ផ្តោត​លើ​ការ​នាំ​ភ្ញៀវ​ទេសចរណ៍​ពី​អាមេរិក​និង​ប៉ែក​អឺរ៉ុប មក​ទស្សនា​តំបន់​និង​ទីកន្លែង​បែប​ផ្សងព្រេង​នៅ​កម្ពុជា។

 

 

២. ជយលាភី​លេខ២ ទឹក​ប្រាក់ ២ ០០០ដុល្លារ៖ គម្រោង​អាជីវកម្ម CamboTrip។ CamboTrip ជា​កម្មវិធី​ទូរសព្ទ ណែនាំ​ទីកន្លែង​កម្សាន្ត​ស្រដៀង​គ្នា​នឹង TripAdviser។ ជំហាន​ដំបូង CamboTrip បង្ហាញ​តែ​កន្លែង​កម្សាន្ត​នៅ​កម្ពុជា​សិន​ប៉ុណ្ណោះ ហើយ​ពេល​​ក្រោយ​នឹង​​បង្ហាញ​​ទីតាំង​ផ្សេងៗ​ជុំវិញ​ពិភពលោក​បន្ថែម​ទៀត។

 

 

៣. ជយលាភី​លេខ ៣ ទឹកប្រាក់ ១ ០០០ដុល្លារ៖ គម្រោង​អាជីវកម្ម Sky Park ដែល​សំដៅ​លើ​ការ​សាងសង់​ចំណត​រថយន្ត​លើ​អាកាស​និង​ស្រប​ច្បាប់ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ចត​យានយន្ត​លើ​ដង​ផ្លូវ​សាធារណៈ​អនាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ។

 

 

អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​ Kairos បញ្ជាក់​ថា គោល​បំណង​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​គម្រោង​អាជីវកម្ម​នេះ​ឡើង គឺ​ចង់​ផ្ដល់​ចំណេះ​លើ​ផ្នែក​ជំនួញ​ដល់​យុវជន​កម្ពុជា​វ័យ​ក្មេង។ មុន​ពេល​​​​ប្រកួត Kairos បាន​បង្ហាត់​បង្រៀន​ពី​យុទ្ធសាស្រ្ត​​​និង​គំនិត​ខ្លះ​ៗ​សម្រាប់​ធ្វើ​អាជីវកម្ម​ដល់​បេក្ខជន​ចម្រុះ​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ក្នុង​កម្មវិធី​នេះ។ សម្រាប់​ក្រុម​​​មាន​គំនិត​អាជីវកម្ម​លេចធ្លោ​ នឹង​ឈ្នះ​ការ​ប្រកួត​រួម​ជាមួយ​ប្រាក់​រង្វាន់​ដែល​អាច​ឲ្យ​ពួកគេ​ចាប់​ផ្តើម​គម្រោង​​អាជីវកម្ម​ខ្នាត​តូច​បាន។

 

Phillip Bank Business Plan Competition រៀប​ចំ​ឡើង​ដោយ Philip Bank សហការ​រៀប​ចំ​ដោយ Kairos រួម​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក្រេឌីត, Joma Bakery Cafe និង NEW UNION។ ខាង Phillip Bank រំពឹង​ថា​នឹង​បន្ត​សហការ បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​ថ្មីៗ​នា​ឆ្នាំ​ក្រោយៗ​ទៀត៕

 

អត្ថបទ៖ ប៉ែត ផាន់និត