កីឡាករ​ Leicester បាន​រង្វាន់​រថយន្ត​ Mercedes ​ម្នាក់​១​គ្រឿង

  • 2016-05-05 18:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប​ Leicester City ​សេដ្ឋី​ថៃ Vichai Srivaddhanaprabha ​នឹង​ផ្ដល់​រង្វាន់​រថយន្ត​ Mercedes ម្នាក់​១​​គ្រឿង​ ដល់​កីឡាករ​ក្រុម​កញ្ជ្រោង​ខៀវ​របស់​លោក​ទាំង​អស់​​ចំនួន​៣០​នាក់ ​បន្ទាប់​ពី​ពួកគេ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូងក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ នៅ​រដូវ​កាល​នេះ។

 

 

 

បើ​តាម​ Sportsmail បាន​ឲ្យ​ដឹង​ថា ​កីឡាករ​របស់​​ក្រុម​ Leicester ទាំង​អស់ នឹង​ទទួល​បាន​រង្វាន់​​​រថយន្ត​​ស៊េរី​ថ្មី Mercedes B-Class Electric Drive ​ម្នាក់​១​គ្រឿង ​ខណៈ​ដែល​រថយន្ត​​​របស់​ក្រុម​ហ៊ុន​អាល្លឺម៉ង់​នេះ​ ១​គ្រឿង​មាន​តម្លៃ​ ៣២៦៧០​ផោន (​ជាង​៤៧៤០០​ដុល្លារ)។

 

​​ក្រៅ​ពី​ផ្ដល់​រង្វាន់​ឡាន ​​ម្ចាស់​ក្លឹប​​វ័យ​៥៨​ឆ្នាំ​ Srivaddhanaprabha​ ក៏​បាន​សន្យា​​ជាមួយ​ក្រុម​​លោក​ Claudio Ranieri ​ថា​ នឹង​នាំ​ពួកគេ​ទាំង​អស់​ទៅ​ធ្វើ​ពិធី​ជប់លៀង​សប្បាយ​​នៅ​កន្លែង​ថ្លៃ នា​ទីក្រុង​ Las Vegas ​សហរដ្ឋ​អាមេរិក​ផង​​ដែរ សម្រាប់​ជោគជ័យ​ដ៏​ធំ​នេះ។

 

 

ក្លឹប​ Leicester បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៨៤ (១៣២​ឆ្នាំ​មក​ទល់​បច្ចុប្បន្ន) ​និង​ទើប​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ បន្ទាប់​ពី​ក្រុម​លេខ​២ Tottenham Hotspurs ស្មើ​ Chelsea ២-២ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail