រឿង​ពិតសម្លាញ់​ពីរ​នាក់ ម្នាក់​ពិការ​ដៃម្នាក់​​ពិការ​ភ្នែក សហការ​​គ្នា​ជួយ​បរិស្ថាន​

  • 2016-05-09 17:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​វីដេអូ​​​​​​រឿង​ពិត​​ស្ដី​ពី​ជីវិត​បុរស​​ពិការ​ដៃ​សង​ខាង​ម្នាក់​ និង​បុរស​ពិការ​ភ្នែក​ម្នាក់​​ យក​គ្នា​​ជា​សម្លាញ់​​ រួម​​សហការ​គ្នា​​ធ្វើ​ការងារ​បរិស្ថាន​​​កំពុង​​​ទាក់​ទាញ​​​ការ​ចាប់​អារម្មណ៍​ខ្លាំង​​លើ​បណ្ដាញ​អ៊ីនធឺណិត​ចិន​។

 

​ការ​ចុះ​ផ្សាយ​​ពី​​សារព័ត៌មាន​ Shanghaiist តាម​រយៈ​វីដេអូ​រឿង "Great Big Story" ជាង​ពីរ​នាទី​បាន​រៀប​រាប់​ពី​កិច្ចការ​​ប្រចាំ​ថ្ងៃ​របស់​ លោក​ Jia Haixia និង​ លោក​ Jia Wenqi។ ​បុរស​ពិការ​ទាំង​ពី​រៀង​រាល់​ថ្ងៃ មាន​កិច្ចការ​ការងារ​ត្រូវ​ធ្វើ​គឺ​ដាំ​​និង​មើល​ថែ​​កូន​​ឈើ​ជាង​​១​ម៉ឺន​ដើម​​លើ​ផ្ទៃ​​ដី​ប្រមាណ ៨​ហិចតា ប្រែ​ក្លាយ​ដី​​ស្ងួត​សោះ​កក្រោះ​ទៅ​ជា​​ព្រៃ​ឈើ។

 

ដោយ​សារ​​តែ​ប្រភព​ទឹក​​នៅ​ឆ្ងាយ​ពី​​​ទី​តាំង​ធ្វើ​ការ និង​ពុំ​ទាន់​មាន​លទ្ធភាព​​ជីក​​អណ្ដូង​បាន ​បុរស​ទាំង​ពីរ​ត្រូវ​ធ្វើ​ដំណើរ​​​​​ប្រហែល​ពីរ​គីឡូម៉ែត្រ​ដើម្បី​យក​​ទឹក​ស្រោច​​កូន​ឈើ​។

 

​ដើម្បី​ទៅ​ដល់​កន្លែង​ធ្វើការ​នោះ លោក Wenqi ដែល​ពិការ​ដៃ​ទាំង​សង​ខាង បាន​នាំ​ផ្លូវ​លោក Haixia ដែល​ពិការ​ភ្នែក​កាត់​ព្រៃ​ព្រឹក្សា តាម​រយៈ​ការ​កាន់​ដៃ​អាវ។ នៅ​ពេល​ដល់​ទន្លេ បុរស​ពិការ​ភ្នែក​នោះ ត្រូវ​ជិះ​លើ​ខ្នង​បុរស​ពិការ​ដៃ ដើម្បី​ឆ្លង​ទឹក។ ​​​​

 

បុរស​ពិការ​​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ដាំ​ដើម​ឈើ​​​​ចាប់​ពី​ឆ្នាំ​២០០២​មក។ បុរស​ពិការ​ភ្នែក លោកHaixia វិញ​បាន​និយាយ​ថា “ខ្ញុំ​ជា​ដៃ​របស់​គាត់ ហើយ​គាត់​ជា​ភ្នែក​របស់​ខ្ញុំ… យើង​ជា​ដៃ​គូ​ដ៏​ល្អ” ។

 

បុរស​អភ័ព្វ​ទាំង​ពីរ​នាក់​នេះ បាន​ចូល​រៀន​នៅ​សាលា​ជាមួយ​គ្នា តាំង​ពី​វ័យ​កុមារ​ក្នុង​ភូមិ Yeli ភាគ​ឦសាន​ប្រទេស​ចិន។ លោក Wenqi បាន​និយាយ​ថា ពូក​គេ​ទាំង​ពីរ​នាក់​ប្រៀប​ដូច​ជា​បងប្អូន ហើយ​មាន​អាយុ​ចន្លោះ​គ្នា​ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។  លោក Jia Haixia បាន​កើត​មក​ដោយ​ពិការ​ភ្នែក​ខាង​ឆ្វេង ហើយ​នៅ​ឆ្នាំ​២០០០ អំឡុង​ពេល​ធ្វើការ​ក្នុង​រោងចក្រ​ភ្នែក​ខាង​ស្ដាំ​របស់​លោក ត្រូវ​ដុំ​ថ្ម​ខ្ទាត​ចូល បណ្ដាល​ឲ្យ​ខ្វាក់​ទាំង​ស្រុង​តែ​ម្ដង។ ចំណែក​លោក Jia Wenqi បាន​ពិការ​ដៃ​ទាំង​គូ តាំង​ពី​អាយុ ៣​ឆ្នាំ ដោយ​សារ​ឆក់​ខ្សែ​ភ្លើង៕

ចុចអាន៖  ឡើង​លើ​ដើមឈើលក់​ក្រលៀន ​​ផ្អើល​ពេញ​​មន្ទីរពេទ្យ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist​