​សំណង់​កូន​ប្រាសាទ​ព្រះវិហារ​នៅ​ថៃ​​នឹង​ត្រូវ​កម្ទេច​ចោល​​វិញ

  • 2016-05-10 22:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន​ថៃ PBS យោធា​ថៃ​​នឹង​​កម្ទេច​ចោល​​​សំណង់​​​​កូន​ប្រាសាទ​មួយ​​​​ដែល​សង់​យក​លំនាំ​តាម​ប្រាសាទ​ព្រះវិហារ ដែល​ការ​​​ធ្វើ​បែប​នោះ​គឺ​ដើម្បី​​កុំ​ឲ្យ​មាន​បញ្ហា​ល្អក់​កករ​ណា​មួយ​ជា​មួយ​​​​ភាគី​ប្រទេស​កម្ពុជា។

 

ប្រាសាទ​ខ្នាត​តូច​​មាត្រដ្ឋាន​​១​​លើ​១០​នៃ​ប្រាសាទ​ព្រះវិហារ​ពិត​ ត្រូវ​បាន​​សាង​សង់​ឡើង​ដោយ​​​យោធា​ថៃ​សហការ​ជា​មួយ​ក្រុមហ៊ុន​ឯកជន​ លើ​ទំហំ​ផ្ទៃដី ៦០០ម៉ែត្រ​ការ៉េ នៅ​​ក្នុង​ឧទ្យាន​ជាតិ​ថៃ Khao Phra Viharn ក្នុង​ខេត្ត​ស៊ីសាកេត ដែល​មាន​ចម្ងាយ​ប្រហែល​៧០០​ម៉ែត្រ​ពី​​​ភាគ​ខាង​ជើង​នៃ​ប្រាសាទ​ព្រះ​វិហារ​របស់​​កម្ពុជា។

 

កូន​ប្រាសាទ​​​​ខាង​លើ​​បាន​ចំណាយ​ប្រាក់​ប្រមាណ​៥​លាន​បាត (ជាង​១​សែន​ដុល្លារ) និង​ប្រើ​ពេល​អស់​៥​ខែ​​ដើម្បី​សាង​សង់។ ចំពោះ​ប្រាសាទ​ព្រះវិហារ​ខ្នាត​តូច​នោះ​ផង​ដែរ ត្រូវ​បាន​​​បើក​​ទទួល​ភ្ញៀវ​ទេសចរ​​​ចូល​ទស្សនា​​​ជា​ច្រើន​​ផង​ដែរ​មុន​ពេល​ដែល​​​ទី​តាំង​​​នោះ​ត្រូវ​បាន​បិទ​​នា​ពេល​ថ្មី​ៗ​នេះ។

 

ជុំ​វិញ​ការ​​សម្រេច​ចិត្ត​​បំផ្លាញ​ចោល​ប្រាសាទ​ខាង​លើ ប្រជាជន​ថៃ​​​ក្នុង​តំបន់​​បាន​​​បញ្ចេញ​មតិ​​រិះ​​គន់​ថា​​​អាច​ប៉ះ​ពាល់​ដល់​​វិស័យ​ទេសចរណ៍​​ថៃ​​និង​ចំណូល​​របស់​ពួក​គេ។

 

ដោយ​ឡែក​ លោក ​Chokechai Saikaeo មន្ត្រី​​អង្គការ​ក្នុង​តំបន់​ម្នាក់​បាន​​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​ចង់​​ឲ្យ​ប្រាសាទ​​​ខាង​លើ​នៅ​តែ​បើក​ទទួល​ភ្ញៀវ​ទេសចរ ព្រោះ​​​ពួក​គេ​​មិន​មាន​ឱកាស​​ទៅ​ទស្សនា​​ប្រាសាទ​ព្រះវិហារ​ពិត​ ដោយ​សារ​តែ​​បញ្ហា​ព្រំប្រទល់​រវាង​​ភាគី​កម្ពុជា​និង​​ថៃ៕

 

ចុចអាន៖  ថៃ​ សង់​​កូន​ប្រាសាទ​ព្រះវិហារ​​ក្នុង​ខេត្ត​ស៊ីសាកេត​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ bangkokcoconuts​​​