ដឹង​ទេ កែវ វាសនា ជូន​​ថ្លៃ​បណ្ណាការ​​​ភរិយា តាម​លេខ​ហុងស៊ុយ?

  • 2016-05-19 13:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង កែវ វាសនា ដែល​​ទើប​តែ​រៀប​ការ​ជា​មួយ​កូន​អ្នក​ជំនួញ​ធំ​​ម្នាក់​នៅ​ឯ​ស្រុក មង្គល​បុរី ខេត្ត​បន្ទាយមានជ័យ កាល​ពី​ពេល​ថ្មីៗ ព្រឹក​នេះ ​បាន​ទម្លាយ​ថ្លៃ​បណ្ណាការ ​ដែល​​​​ខ្លួន​បាន​ជូន​ទៅ​ក្រុម​គ្រួសារ​ភរិយាថា ចំនួន​តួលេខ​មាន​ហុងសុយ។

 

 

ថ្លៃ​បណ្ណាការ​នោះ​ ក្រុម​គ្រួសារ​​លោក​ បាន​​ជូន​ទឹក​ប្រាក់​ចំនួន ៤៨១៦៨ ដុល្លារ​អាមេរិក ទៅ​ក្រម​​គ្រួសារ​ខាង​ស្រី  ដែល​ចំនួន​នេះ ត្រូវ​បាន​​តារា​ចម្រៀង​រូប​​នេះ បញ្ជាក់​ថា គឺជា​លេខ​ហុងស៊ុយ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​យកតម្រាប់​តាម។ ​ការ​ជូន​​​ខាង​លើ​ ក៏​មិនមែន​ជា​ការ​បង្គាប់​របស់​ក្រុម​គ្រួសារ​ភរិយា​លោក​ឡើយ ប៉ុន្តែ​ក្រុម​គ្រួសារ​ជូន ដើម្បី​ឲ្យ​សាកសម​កិត្តិយស​ទាំង​សង​ខាង។

 

លោក វាសនា  បាន​រៀប​​រាប់​​ពី​រឿង​រាវ​ស្នេហា​​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស្គាល់​​គ្នា ជាង​៨ឆ្នាំ​មក​ហើយ ដែល​ការ​ស្គាល់​ដំបូង ​គឺ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​នៅ​ឯ​ស្រុក​មង្គល​បុរី ខេត្ត បន្ទាយមានជ័យ ដែល​ជា​ស្រុក​កំណើត​​ភរិយា​​​លោក​តែ​ម្ដង គ្រា​ដែលពួក​លោក​បាន​ចូល​រួម​មង្គលការ​នោះ​ជា​មួយ​គ្នា។

 

តារា​​ចម្រៀង​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​នេះ ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​​ថា ចាប់​តាំង​ពី​​ឈាន​ដល់​មាន​ទំនាក់​ទំនង​ស្នេហា រហូត​ដល់​ចាស់​ទុំ​ទាំង​សង​ខាង​ដឹងឮ​មក ខ្លួន​មិន​ដែល​ទម្លាយ​ឲ្យ​មហាជន​ដឹង​​​ឡើយ ក៏​ព្រោះ​តែ​ក្រុម​គ្រួសារ​ទាំង​​សង​​ខាង មិន​ចង់​​​ឃើញ​​សារព័ត៌មាន​ចុះ​ផ្សាយ ពី​ជីវិត​ឯកជន​របស់​លោក។

 

 

លោក​បាន​ប្រាប់​ថា ម្ដាយ​ឪពុកក្មេក​លោក គឺ​ជា​អ្នក​រក​ស៊ី​ចង​ការ​ប្រាក់​មួយ​នៅ​ឯ​ខេត្ត​​បន្ទាយ​មាន​ជ័យ។ ក្នុង​ទំនាក់​​ទំនង​ស្នេហ៍​ជាង​៨ឆ្នាំ​មក​នេះ លោក​ និង​ភរិយា ធ្លាប់​បាន​រកស៊ី​​មុខរបរ​​រួម​​គ្នា​មួយ គឺ​លក់​ផលិតផល​គ្រឿង​​សម្អាង​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​កាល​ពី​ប៉ុន្មាន​ខែ​មុន បាន​ចំណាយ​ដើម​ទុន​​រហូត​ដល់​ទៅ​ជិត៣ម៉ឺនដុល្លារ  ហើយ​​ជំនួញ​​នោះ ​កំពុងតែ​ដំណើរ​ការ​រាល់​ថ្ងៃ។

 

ដោយសារតែ​អាពាហ៍ពិពាហ៍​របស់​លោក ប្រារព្ធ​ធ្វើ​នៅ​​ខេត្ត បន្ទាយ​មាន​ជ័យ ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ កែវ វាសនា ​​បញ្ជាក់​ថា លោក​ មិន​បាន​អញ្ជើញ​មិត្ត​​សិល្បៈ​ច្រើន​ទេ ពោល​គឺ​មាន​តែ​អ្នក​​ជិតស្និទ្ធ​ប្រហែល​ជាង​១០នាក់​ប៉ុណ្ណោះ។ បន្ទាប់​ពី​អាពាហ៍ពិពាហ៍ លោក​បាន​បញ្ជាក់​ជា​ចុង​​ក្រោយ​ថា មិន​មាន​គម្រោង​កាត់​ចំណង​ដៃ នៅ​រាជធានី​ភ្នំពេញ​ឡើយ ព្រោះ​មិន​ចង់​រំខាន ញាតិមិត្តច្រើន​ជាង​នេះ៕

 

 

 

អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ​ដោយ កែវ វាសនា

 

អត្ថបទពេញនិយម