ទិត្យ វិច្ឆិកា បង្ហើប​ពី​​​អាល់ប៊ុម​ដំបូងរបស់​​ យូធូ ក្នុង​ដំណើរ​ការ​ឡើង​វិញ

  • 2016-05-23 15:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ទិត្យ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ផលិតកម្ម យូធូ នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​បាន​បិទ​ទ្វា​ជិត​១០​ឆ្នាំ​កន្លង​មក ហើយ​អាល់ប៊ុម​ដំបូង​សម្រាប់​​ការ​វិល​មក​ម្ដង​ទៀត​មាន​ឈ្មោះ "ខ្ញុំ​ត្រឡប់​មក​វិញ"។

 

 

សិល្បករ​ក្នុង​ឆន្ទៈ​សង្គម​រូប​នេះ​បាន​បន្ត​ថា លោក​ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​អាល់ប៊ុម​នេះ​ដែរ។ លោក​សង្ឃឹម​ថា មហាជន​ចូលរួម​ជួយ​គាំទ្រ ដែល​ហាក់​ដូច​ជា​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​តាម​តំបន់​ដាច់​ស្រយាល​ផង​ដែរ។

 

ទិត្យ វិច្ឆិកា និយាយ​ថា៖"ខ្ញុំ​ព្យាយាម​ត្រឡប់​មក​ក្នុង​អាជីព​ជា​អ្នក​សិល្ប:​វិញ គោល​បំណង​របស់​ខ្ញុំ​ គឺ​ច្រៀង​រក​ប្រាក់​ដើម្បី​ទៅ​ជួយ​ជន​ក្រីក្រ ជន​ពិការ កុមារ​កំព្រា និង​ប្រជាជន​ដែល​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដែល​ខ្វះ​ទឹក​ប្រើ​ប្រាស់ សូម​មេត្តា​ជួយ​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ខ្ញុំ​បាទ"។

 

នៅ​ក្នុង​​អតីត​កាល​ ផលិតកម្ម U2 ធ្លាប់​បាន​បណ្ដុះ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រួច​មក​ហើយ​ដូច​ជា ខេមរៈ សិរីមន្ត, សុគន្ធ កញ្ញា, មាស សុខសោភា, ឆន សុវណ្ណរាជ, លី អ៊ីវ៉ាធីណា ជាដើម ដែល​ពួក​គេ​កំពុង​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ចម្រៀង និង​មាន​ជីវភាព​ធូរធារ​ទៀត​ផង។ លើកលែង​តែ​តារា​ចម្រៀង ទិត្យ វិច្ឆិកា ដែល​កំពុង​រស់​នៅ​ក្នុង​ជីវភាព​លំបាក​ជាមួយ​ម្ដាយ​ជរា ទោះ​បី​ជា​លោក​កំពុង​លេចធ្លោ​ជួយ​ជន​ក្រីក្រ​រហូត​ទទួល​ងារ​ជា”អ្នក​សិល្បៈ​ក្នុង​ឆន្ទៈ​សង្គម”យ៉ាង​ណា​ក្ដី។

 

ទិត្យ វិច្ឆិកា ក៏​មិន​ទាន់​បាន​ដឹង​ដែរ​ថា មាន​តារា​ចម្រៀង​រូប​ណា​ខ្លះ​ចូលរួម​ជាមួយ​ផលិតកម្ម យូធូ ក្នុង​ដំណើរ​ឡើង​វិញ​លើក​នេះ។ ប៉ុន្តែ​រូប​លោក​អះអាង​ថា កន្លង​មក​គោលការណ៍​របស់​ផលិតកម្ម​ គឺ​បណ្ដុះបណ្ដាល​អ្នក​ចម្រៀង​ជំនាន់​ក្រោយ ហើយ​គោលការណ៍​ប្រហែល​ជា​ត្រូវ​អនុវត្តន៍​បន្ត​ទៀត៕

 

អត្ថបទ៖ សំ ជំនាញ​