ប្រវត្តិ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល និង​ទីតាំង​ប្រារព្ធ ៥​ឆ្នាំ​ចុង​ក្រោយ

  • 2016-05-24 14:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល បាន​ប្រារព្ធ​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤​រោច​ខែ​ពិសាខ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី២៤ ខែ​ឧសភា។ ជា​ទូទៅ​ព្រះ​រាជ​ពិធី​មួយ​នេះ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ លើ​វាល​ព្រះ​មេរុ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១៣​ វាល​ព្រះ​មេរុ​ត្រូវ​បាន​ក្លាយ​ជា​​កន្លែង​បូជា​ព្រះ​បរម​រតន​កោដិ ទើប​ឆ្នាំ​ក្រោយ​ៗ​មក ត្រូវ​ប្រារព្ធ​នៅ​តាម​បណ្ដាល​ខេត្ត​វិញ​ម្ដង។

 

រូបភាព(AKP)

 

ប្រវត្តិ​នៃ​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល៖

 

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ។ នេះ​បើ​ក្រឡេក​មើល​តាម​ប្រវត្តិសាស្ត្រ និង​ចម្លាក់​នានា។ មិន​មាន​ឯកសារ​ណា​បញ្ជាក់​ច្បាស់​ពី​ប្រវត្តិ​នៃ​ពិធី​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល​ទេ ប៉ុន្តែ​ប្រភព​មួយ​ចំនួន​បង្ហាញ​ថា វា​មាន​លក្ខណៈ​ព្រហ្មញ្ញ​សាសនា​ផង ពុទ្ធសាសនា​​ផង។

 

តាម​រឿង​រាមកេរ្តិ៍ នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា មាន​វគ្គ​មួយ​ដែល​និយាយ​ពី​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល គឺ​ត្រង់​ព្រះ​រាម​ទៅ​ច្រត់​ព្រះនង្គ័ល​រក​នាង​សេដា ដែល​គេ​ផ្ញើ​នឹង​ព្រះធរណី​នៅ​ក្នុង​ដី។ ចំណែក​នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា​វិញ គឺ​ត្រង់​កន្លែង​មួយ ព្រះពុទ្ធអង្គ​ប្រសូត​មក មាន​ពិធី​ច្រត់​នង្គ័ល គេ​យក​ព្រះ​អង្គ​ទៅ​ចូល​រួម​ដែរ ហើយ​ពេល​នោះ ព្រះ​អង្គ​ពិចារណា​រឿង​គោ​ដែល​ហត់​នឿយ​ក្នុង​ការ​ភ្ជួរ​ស្រែ។ ​

 

កំណត់ហេតុ​របស់​មន្ត្រី​ទូត​ចិន ជីវ តាក្វាន់ ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​នា​ចុង​សតវត្សរ៍​ទី​១៣ មិន​បាន​បញ្ជាក់​ថា ខ្មែរ​សម័យ​នោះ​មាន​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ទេ ហើយ​ក៏​មិន​មាន​ចម្លាក់​ណា​មួយ​បញ្ជាក់​ច្បាស់​ថា​មាន​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល​នៅ​ក្នុង​សម័យ​អង្គរ​ដែរ។

 

ចូល​មក​ដល់​សម័យ​សង្គមរាស្ត្រនិយម ពិធី​មួយ​នេះ​បាន​ប្រារព្ធ​ឡើង​ជា​ប្រចាំ ប៉ុន្តែ​ត្រូវ​អាក់​ខាន​ទៅ​វិញ នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា។ ព្រះបាទ នរោត្តម សីហនុ ទ្រង់​បាន​ធ្វើ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះ​ឲ្យ​មាន​វត្តមាន​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩៤ និង​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

 

មូលហេតុ​នៃ​ការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល៖

 

១. ប្រាប់​កសិករ​ថា​ ដល់​រដូវ​ធ្វើ​ស្រែ​ហើយ ២. ផ្សង​៖ ការ​បរិភោគ​របស់​គោ​ឧសភរាជ​ និង​ការ​បួង​សួង​សូម​ទឹក​ភ្លៀង​ និង​ទិន្នផល​ដំណាំ ៣. ការ​ដឹង​គុណ​ សំដៅ​ដល់​ការ​ដឹង​គុណ​របស់​ប្រជានុរាស្ត្រ​ចំពោះ​អាទិទេព​ ក៏​ដូចជា​មេឃ​ ដែល​បាន​បង្អោរ​ភ្លៀង ៤. គេ​ជឿ​ជាក់​ថា​ ស្ដេច​មេឃ គឺ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​លើ​ការ​គ្រប់គ្រង​ ឬ​បញ្ជា​ធរណី​ និង​មេឃ​បាន​។

 

ទីតាំង ​៥​ឆ្នាំ​ចុង​ក្រោយ៖

 

ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១២ ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​វាល​ព្រះ​មេរុ​ រាជធានី​ភ្នំពេញ​ដូច​សព្វ​មួយ​ដង​។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១៣ ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល​ត្រូវ​ប្រារព្ធ​ឡើង​នៅ​តាម​បណ្ដាល​ខេត្ត​វិញ​ម្ដង ព្រោះ​វាល​ព្រះ​មេរុ​​ក្លាយ​ជា​កន្លែង​បូជា​ព្រះ​បរម​រតន​កោដិ។ ​​

 

ថ្ងៃ​ទី​២៨​ ឧសភា​ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​នេះ​បាន​ប្រារព្ធ​នា​ ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម​ ដោយ​ក្នុង​នោះ​គោ​ឧសភរាជ​បរិភោគ​តែ​ពោត​ប៉ុណ្ណោះ​។

 

ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៤ ព្រះ​រាជ​ពិធី​ក៏​បាន​ផ្លាស់​មក​ធ្វើ​នា​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ដោយ​គោ​ឧសភរាជ​បរិភោគ​នូវ​សណ្ដែក​ ពោត​និង​ស្រូវ​។ ​

ថ្ងៃ​ទី​៦​ ឧសភា ឆ្នាំ​២០១៥ ព្រះ​រាជ​ពិធី​ក៏​បាន​ប្ដូរ​មក​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។ ក្នុង​នោះ​គោ​ឧសភរាជ​ បាន​បរិភោគ​សណ្ដែក និង​ពោត​ច្រើន​ ហើយ​ព្រាហ្មណ៍​ទស្សន៍ទាយ​ថា ទិន្នផល​ស្រូវ និង​ផល​កសិកម្ម​ផ្សេង​ទៀត​ មិន​សូវ​ទទួល​បាន​ផល​ច្រើន​ លើក​លែង​តែ​ពោត​ និង​សណ្ដែក​។

​ ថ្ងៃ​ទី​២៤​ ឧសភា ឆ្នាំ​២០១៦ ព្រះ​រាជ​ពិធី​បាន​សម្រេច​ប្រារព្ធ​នៅ​ ខេត្ត​សៀមរាប​។ គូស​បញ្ជាក់​ផង​ដែរ​ រាល់​ឆ្នាំ​នា​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ប្រារព្ធ​ឡើង​ក្រោម​ព្រះ​រាជ​អធិបតី​របស់​ព្រះ​មហាក្សត្រ​ និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជា​ច្រើន អង្គ​-នាក់​ទៀត៕

 

អត្ថបទ៖ នួន ចាន់លីហួត

អត្ថបទពេញនិយម