ឲ្យ​សង្សារ​ខ្ចី​ម៉ូតូ យក​ទៅ​បញ្ចាំ​បាត់

  • 2016-05-24 17:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“សង្សារ​ខ្ញុំ​ខ្ចី​ម៉ូតូ​បាត់​ពេញ​មួយ​ថ្ងៃ​ ស្រាប់​តែ​​ឭ​ថា​ យក​​ម៉ូតូ​ទៅ​បញ្ចាំ​បាត់”។ នេះ​ជា​ការ​លើកឡើង​របស់​កញ្ញា​ណារ៉ា​ ដែល​ជា​ឈ្មោះ​ហៅក្រៅ​។ ​អ្នក​ទាំង​ពីរ​​មាន​ទំនាក់ទំនង​ស្នេហា​​​រយៈពេល​ ​៣​ឆ្នាំ​​​ហើយ​​ ​​ហើយ​ជិត​​​​ដល់​​​​​ថ្ងៃ​ចូល​រោង​​ទៀត​ផង​​ ប៉ុន្តែ​នៅ​ពេល​កើត​ហេតុ​បែប​នេះ​ ណារ៉ា​ ក៏​បាន​ផ្ដាច់​ទំនាក់ទំនង​តែ​ម្ដងទៅ។

 

​“បង​អើយ ​​ខ្ញុំ​សំណាង​ណាស់​ដែល​មិន​ទាន់​បាន​រៀប​ការ​ បើ​សិន​ជា​រៀប​ការ​វិញ​មិន​ដឹង​ថា ខ្ញុំ​បែក​ទ្រូង​យ៉ាង​ណា​ទេ?”។ ទាំង​នេះ​ជា​ពាក្យ​សម្ដី​ ដែល​លើកឡើង​ដោយ​ កញ្ញា​ ណារ៉ា ប្រាប់​អ្នក​យក​ព័ត៌មាន​ Sabay​។

 

"ក្នុង​អំឡុង​ពេល​ទំនាក់​ទំនង​ ៣​ឆ្នាំ​​ ខ្ញុំ​ស្មាន​ចិត្ត​គាត់​មិន​ត្រូវ​ទាល់​តែ​សោះ។​ គាត់​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​និយាយ​ស្ដី ហើយ​ក៏​មិន​និយម​ចូល​ចិត្ត​ផឹក​ស៊ី​ទៀត​។ ដូច្នេះ​ហើយ​គ្រប់​សកម្មភាព​ ​ខ្ញុំ​បាន​ទុក​ចិត្ត​គាត់​។ ប៉ុន្តែ​ថ្ងៃ​មួយ​សង្សារ​ខ្ញុំ​បាន​​មក​កន្លែង​ខ្ញុំ​ធ្វើ​ការ​​ដោយ​ប្រាប់​ថា ម៉ូតូ​របស់​គាត់​ត្រូវ​​​គេ​ខ្ចី ហើយ​មក​ខ្ចី​ម៉ូតូ​ខ្ញុំ​ម៉ាក Wave ពណ៌​ក្រហម​ ដើម្បី​ទៅ​ចូលរួម​ជប់​លៀង​ជាមួយ​មិត្តភ័ក្ដិ​នៅ​តាខ្មៅ​ ខេត្ត​កណ្ដាល​។ ខ្ញុំ​ក៏បាន​ហុច​សោ​ម៉ូតូ​ឲ្យ​គាត់​ ហើយ​គាត់​ក៏​បាន​ទៅ​បាត់​ទៅ​"។ ណារ៉ា​និយាយ​។​

 

រូបតំណាង (សម្ដែង)

រហូត​ដល់​ម៉ោង​ ៦​ល្ងាច​ទៅ​ហើយ​ គាត់​ក៏​មិន​ឃើញ​ត្រឡប់​មក​​​​យក​ខ្ញុំ​ចេញ​ពី​​កន្លែង​ធ្វើ​ការ​​តាម​ការ​សន្យា​របស់​គាត់​ឡើយ។ ណារ៉ា​ បាន​រៀប​រាប់​ទៀត​ថា ដោយ​ទ្រាំ​មិន​បាន​ក៏​ទូរសព្ទ​ទៅ​សង្សារ ហើយ​គាត់​ក៏​បាន​លើក​ទូរសព្ទ ដោយ​បាន​និយាយ​ថា ៖ "បង​សុំទោស​ ម៉ូតូ​អូន​បញ្ចាំ​បាត់​ហើយ​ ព្រោះ​បង​ចាញ់​បាល់​ ហើយ​ជំពាក់​លុយ​គេ​ ក៏​ដាក់​បញ្ចាំ​ម៉ូតូ​សង​គេ​ទៅ​"។ គ្រាន់​តែ​​ឭ​​ដូច្នេះ​ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក ដោយ​មិន​នឹក​ស្មាន​ថា គាត់​ហាន​ធ្វើ​ដល់​ថ្នាក់​នេះ។​

 

មួយ​អាទិត្យ​ក្រោយ​មក​គាត់​ក៏​បាន​​​លោះ​​ម៉ូតូ​មក​ឲ្យ​ខ្ញុំ​វិញ​ នៅ​ពេល​នោះ​ក៏​ជា​ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គាត់​ បើ​ទោះ​បី​ជា​គាត់​បាន​សុំទោស​ រួម​ទាំង​អង្វរករ ជាច្រើន​លើក​ច្រើន​សារ​ក៏ដោយ​។ គាត់​និយាយ​ថា​ ៖ "​បង​សុំទោស​ បង​ទើប​តែ​លង់​ម្ដង​ប៉ុណ្ណោះ ហើយ​សន្យា​ថា មិន​មាន​ជា​លើក​ទី២​ នោះ​ទេ ហើយ​បង​សន្យា​ថា នឹង​ចូល​ស្ដី​ដណ្ដឹង​អូន​រៀប​ការ​តាម​ប្រពៃ​ណី​"។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​មិន​អាច​ជឿ​លើ​ការ​អង្វរករ​នោះ​បាន​ទៀត​ទេ ព្រោះ​ទង្វើ​របស់​សង្សារ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​ផង បាត់​បង់​ជំនឿ​ចិត្ត​លើ​គាត់​ផង និង​ខ្លាច​គាត់​ធ្វើបាប​ខ្ញុំ​លើស​នេះ​នៅ​ពេល​រៀប​ការ​ហើយ។ ណារ៉ា​និយាយ​។

 

តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​នេះ​ត្រូវ​​ទេ​? តើ​ជឿ​ថា ​គាត់​នឹង​កែ​​​ខ្លួន​ទេ​ ព្រោះ​គាត់​ទើប​មាន​កំហុស​លើក​ទី១?។ ទាំង​នេះ​ជា​សំណួរ​របស់​ណារ៉ា​៕

 

អត្ថបទ៖ វិបុត្រ