អេ ភូថង​ រៀបចំ​ពិធី​ឡើង​ផ្ទះ​ថ្មី​​ជា​អំណោយ​លោក​ជំទាវ​ ​ហ៊ុន​ ម៉ាណា​

  • 2016-05-25 18:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ លោក អេ ភូថង បាន​ទទួល​​ផ្ទះ​ថ្មី​មួយ​ល្វែង​ជា​អំណោយ​របស់​លោក​ជំទាវ​ ហ៊ុន ម៉ាណា  អគ្គនាយក​ទូរទស្សន៍​បាយ័ន  កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ហើយ​ក៏​​រៀប​ចំ​ពិធី​ឡើង​ផ្ទះ​​តែ​ម្តង។

 

 

អ្នកស្រី​ សុំាង សុម៉ាលី និង​លោក​អេ ភូថង បាន​បង្ហាញ​អារម្មណ៍​អារម្មណ៍​សប្បាយ​ចិត្ត​រំភើប​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​ ​ដោយ​សារ​តែ​អ្នក​ស្រី​ ​និង​ស្វាមី​ទទួល​បាន​ផ្ទះ​ថ្មី​​ដើម្បី​រស់​នៅ​សមរម្យ​ដូច​គេ​ដូច​ឯង។ អ្នក​ស្រី​នឹង​តស៊ូ មិន​លក់​ផ្ទះ​នេះ​ដូច​មុន​ទៀត​ទេ បើ​ទោះ​ជា​ត្រូ​វ​ប្រឈម​នឹង​ភាព​វេទនា​យ៉ាង​​ណា​ក៏ដោយ។

 

បន្ទាប់​ពី​ទទួល​បាន​ផ្ទះ​ថ្មី​ភ្លាម​ គ្រួសារ​ អេ ភូថង​ បាន​រៀប​ចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​​តែ​ម្តង។ ក្នុង​ពិធី​នេះ​ក៏​មាន​​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឯក​ឧត្តម​​ តែម​ ម៉ឺន ខាង​ប៉ុស្តិ៍​ទូរទស្សន៍​ និង​កីឡាករ​ប្រដាល់​​មួយ​ចំនួន​ដូច​ជា សេន ប៊ុនថេន, រឿម សោភ័ណ្ឌ, អុំ ចម្រើន, ពេជ្យ សុផាន់​ ជាដើម។

 

អ្នកស្រី​សុម៉ាលី និង​​លោក​អេ ភូថង ធ្លាប់​មាន​ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន​ដែរ​ ស្ថិត​នៅ​បុរី​សន្តិភាព​២ ប៉ុន្តែ​ដោយ​សារ​ស្វាមី​ធ្លាក់​ខ្លួន​ឈឺ​ និង​បណ្ដាល​មក​ពី​អត់​លុយ​ចិញ្ចឹម​ក្លឹប​ ក្នុង​ពេល​មិន​ទាន់​បិទ​ទើប​ចេះ​តែ​មាន​ការ​ខ្វះ​ខាត​ប្រាក់​កាក់​ ហើយ​ឈាន​ដល់​ការ​លក់​ដើម្បី​យក​ប្រាក់​ទៅ​ដោះស្រាយ​ជីវភាព​ និង​ដើម្បី​បាន​សង​បំណុល​គេ។  គ្រួសារ​របស់​អ្នកស្រី​ធ្លាក់​ខ្លួន​ជួល​ផ្ទះ​គេ​នៅ​អស់​រយៈ​យ៉ាង​យូរ  មុន​ពេល​បាន​កន្លែង​រស់​នៅ​ដែល​ខាង​សហព័ន្ធ​ប្រគល់​ឲ្យ​នៅ​ស្ដាត​ចាស់​។

 

ផ្ទះ​ដែល​លោក​ អេ ភូថង​ទទួល​បាន​នោះ  គឺ​ស្ថិត​នៅ​បុរី​សន្ដិភាព​២ ចុះ​ពី​ផ្លូវ​ជាតិ​លេខ៣​ហួស​រង្វង់​មូល​ចោមចៅ ​ចម្ងាយ​៤គីឡូម៉ែត្រ ។ សព្វ​ថៃ្ង​នេះ អ្នក​ស្រី​ សុំាង សុម៉ាលី ​ជា​គណៈ​ចៅ​ក្រម​​នៅ​​សង្វៀន​បាយ័ន ហើយ​លោក អេ ភូថង​​ធ្វើ​ជា​គណ​​ចៅ​ក្រម​ និង​ជា​ពិធីករ​នៅ​សង្វៀន​TV5​​ ព្រម​ទាំង​​ទទួល​បង្ហាត់​សិស្ស​នៅ​តាម​ក្លឹប​ផ្សេងៗ​ជា​ប្រចាំ៕

 

 
 

អត្ថបទ៖ មួន សុគន្ធតារា ​​​​​