តារា​សម្ដែង ណូ ជ័យរិទ្ធី ស្រងាក​ចិត្ត​ថ្ងៃ​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ម្ដាយ

  • 2016-05-26 00:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ណូ ជ័យរិទ្ធី បាន​សម្ដែង​ភាព​ខក​បំណង​នៅ​ក្នុង​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ឧទ្ទិស​កុសល​ជួន​ម្ដាយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ព្រោះ​មាន​អ្នក​សិល្បៈ​តិចតួច​ប៉ុណ្ណោះ​ចូលរួម។

 

“ចប់​ហ្មង​អ្នក​សិល្បៈ​យើង! ខ្ញុំ​ខំ​ត្រៀម​ម្ហូប​អាហារ​ច្រើន​ណាស់​សម្រាប់​ទុក​ផ្គត់ផ្គង់​បង​ប្អូន​អ្នក​សិល្បៈ​យើង តែ​អត់​មាន​អ្នក​មក​ចូលរួម​សោះ"។ ណូ ជ័យរិទ្ធី ថ្លែង​មក​កាន់ Sabay មុន​នេះ។ លោក​បន្ត​ថា បន្ទាប់​ពី​ដំណឹង​តាម​បណ្ដាញ​សង្គម​កន្លង​មក ហាក់​ដូច​ជា​មាន​អ្នក​សិល្បៈ​រួម​អាជីព​ជា​ច្រើន បង្ហាញ​ឆន្ទៈ​ចូលរួម ទើប​លោក​ឱ្យ​ចុងភៅ​ត្រៀម​ម្ហូប​អាហារ​ជា​ច្រើន​​ដូច្នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​សម្ដែង​រូប​នេះ​បន្ថែម​ថា សូម្បី​អ្នក​រួម​អាជីព​មួយ​ចំនួន ដែល​លោក​ធ្លាប់​ទៅ​ចូលរួម​កម្មវិធី​របស់​ពួក​គេ​មិន​ដែល​ខាន​នោះ ក៏​មិន​បាន​បង្ហាញ​មុខ​មក​ចូលរួម​ដែរ។ លោក​បន្ត​ថា៖" សូម្បី​កាល​បូជា​សព​ម្ដាយ​របស់​ខ្ញុំ ក៏​មាន​តែ​ពីរ​នាក់​បង​ស្រី​ខ្ញុំ​ដែរ គ្មាន​នរណា​គេ​មក​ចូលរួម​ដែរ​ហ្នឹង"។

 

ណូ ជ័យរិទ្ធី បាន​រំលឹក​ថា ការ​ម្ដាយ​របស់​លោក​ឈ្មោះ ឡាយ ស៊ីវណ្ណា ក៏​ជា​អតីត​អ្នក​រាំ​របាំ​មួយ​រូប​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ដែរ ហើយ​បាន​​ទទួល​អនិច្ចកម្ម​ដោយ​ជរាពាធ​នា​ពេល​កន្លង​មក។ ដោយ​ឡែក​ចំពោះ​ឪពុក​របស់​លោក​វិញ ក៏​ធ្លាប់​មាន​ប្រវត្តិ​ជា​អតីត​ផលិតករ​ភាពយន្ត​មួយ​រូប​ដែរ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៦០ និង​១៩៧០។ ហើយ​និស្ស័យ​សិល្បៈ​បាន​បន្ត​មក​ដល់​រូប​លោក​នា​ពេល​បច្ចុប្បន្ន៕

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ