ម្ដាយ ខេម យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​យក​លុយ​បង់​ឱ្យ​គ្រួសារ​អ្នក​ស្លាប់ ប៉ុន្តែ...

  • 2016-05-27 18:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​របស់​តារា​ចម្រៀង ខេម បាន​និយាយ​ថា អ្នក​ស្រី​បាន​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ ដើម្បី​យក​ប្រាក់​ផ្ដល់​សំណង​ដល់​គ្រួសារ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​កន្លង​មក​នេះ ទោះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​យ៉ាង​ណា​ក្ដី។

 

 

ប៉ុន្តែ​អ្នក​ស្រី ឡាច ម៉ាលី និយាយ​បន្ត​ថា ភាគី​គ្រួសារ​អ្នក​ស្លាប់​មិន​ព្រម​ទទួល​យក​សំណង​ចំនួន ៤ ០០០ ដុល្លារ​អាមេរិក​បាន​ពី​ការ​បញ្ចាំ​ប្លង់​ផ្ទះ​នោះ​ទេ ដោយ​ទាមទារ​ឱ្យ​កូន​ប្រុស​ផ្ដល់​សំណង ២៥ ០០០ ដុល្លារ​អាមេរិក​ជា​ដាច់​ខាត។ " ខ្ញុំ​សុំ​ជូន ៤ ០០០ ដុល្លារ​ក្នុង​ក្ដី​ស្រឡាញ់​ហ្នឹង គេ​អត់​ទទួល​យក​ទេ ហើយ​លុយ​ហ្នឹង​ខ្ញុំ​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​គេ​ទេ ខ្ញុំ​ស្ទើរ​តែ​គ្មាន​ផ្ទះ​នៅ​ហើយ​ប្អូន តែ​គេ​អត់​យក​ទេ"។

 

ស្ត្រី​វ័យ​៥៦​ឆ្នាំ​រូប​នេះ​​បន្ត​ថា បច្ចុប្បន្ន​​មិន​បាន​ដឹង​ថា កូន​ប្រុស​របស់​ខ្លួន​នៅ​ទីណា​នោះ​ទេ ព្រោះ​បន្ទាប់​ពី​ជួប​រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍ ខេម មិន​បាន​ទាក់ទង​មក​ម្ដាយ​ឡើយ។ ហើយ​បង​ស្រី​របស់ ខេម ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​ជំនួស​ជាមួយ​នឹង​គ្រួសារ​ជន​រង​គ្រោះ។

 

ប្រភព​ដដែល​បង្ហើប​ថា ដោយ​សារ​តែ​ភាគី​ម្ខាង​ទៀត នៅ​តែ​មិន​ព្រម​ទទួល​យក​សំណង ៤ ០០០ ដុល្លារ មាន​តែ​ទុក​ឱ្យ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ។ អ្នក​ស្រី​បន្ត​ថា៖"ឱ្យ​សំពះ​ក៏​ខ្ញុំ​សំពះ​ដែរ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ថ្ងៃ​ក្រោយ តែ​គេ​អត់​ព្រម​ទទួល​យក បើ​គេ​រឹង​ប៉ុណ្ណឹង​ហើយ យើង​ទៅ​ចរចា​ក៏​អត់​ប្រយោជន៍​ដែរ"។

 

ទោះ​បី​ជា​យ៉ាង​ណា ម្ដាយ​រូប​នេះ​បន្ត​ថា អ្នក​ស្រី​ចង់​ដោះស្រាយ​បញ្ហា​របស់​កូន​ប្រុស​ឱ្យ​បាន​ឆាប់ ព្រោះ​អ្នក​ស្រី​ក៏​កំពុង​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ទុក្ខ​ជា​រឿយៗ និង​សន្លប់​ជា​រៀងរាល់​ថ្ងៃ ។ អ្នក​ស្រី​បន្ត​ថា បាន​អ្នក​ជិតខាង​ជួយ​យកអាសា​ពេល​ជំងឺ​ធ្វើ​ទុក្ខ​ម្ដង ព្រោះ​កូន​ស្រី​ជាប់​រវល់​ដោះ​ស្រាយ​បញ្ហា​របស់ ខេម៕

 

អត្ថបទ៖ សំ ជំនាញ