ទោះ​កម្ពុជា​​នៅ​​មាន​​កម្រិត ​​ផ្នែក​​បច្ចេកទេស​​ពាណិជ្ជកម្ម តែ​វិនិយោគ​បរទេស​​មិន​មើល​រំលង​

  • 2016-05-30 17:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិនិយោគ​បរទេស​នៅ​តែ​សម្លឹង​ឃើញ​កម្ពុជា​ ជា​ប្រទេស​ផ្ដល់​ផល​ចំណេញ​ដល់​ខ្លួន​លើ​វិស័យ​ពាណិជ្ជកម្ម បើ​ទោះ​កម្ពុជា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​ស្វ័យប្រវត្តិកម្ម​នៃ​ពាណិជ្ជកម្ម​នៅ​មាន​កម្រិត​ធៀប​នឹង​ប្រទេស​ខ្លាំង​ៗ​នៅ​អាស៊ាន​ដូច​ជា ថៃ សឹង្ហបុរី ដែល​ធ្វើ​ឲ្យ​ទំហំ​ផលិត​មិន​ទាន់​ស្រប​តាម​ការ​ចង់​បាន​យ៉ាង​ណា​ក្ដី ។ ​

(រូបភាព៖ www.bizbilla.com)

 

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា យល់ថា មាន​កត្តា​ច្រើន​ដែល​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​មិន​អាច​រំលង​កម្ពុជា ​និង​នៅ​តែ​បោះ​ជំហាន​បោះ​ទុន​វិនិយោគ​នៅ​ប្រទេស​នេះ។

 

លោក​បញ្ជាក់​ថា ការ​បើក​ចំហ​ទីផ្សារ​អាស៊ាន​បាន​អនុគ្រោះ​ពន្ធ​លើ​ប្រទេស​ជា​សមាជិក ដែល​ជំរុញ​ចរន្ត​នេះ​កើន​ឡើង។ មួយ​វិញ​ទៀត ​តម្លៃ​កម្លាំង​ពលកម្ម​ ស្រប​ជាមួយ​ប្រទេស​កម្ពុជា​មាន​ធនធាន​ដែល​អំណោយ​ផល​ល្អ​លើ​ឧស្សាហកម្ម។

 

លោក​លើក​ហេតុ​ផល​ថា ដូច​ជា​វិស័យ​កាត់​ដេរ អ្នក​វិនិយោគ​ទំនង​មាន​ទំនោរ​មក​កម្ពុជា​ច្រើន​ជាង​ថៃ ឬ​សឹង្ហបុរី ព្រោះ​មាន​អំណោយ​ផល​ល្អ​លើ​ផ្នែក​កម្លាំង​ពលកម្ម ទីផ្សារ ។

 

​ប្រការ​សំខាន់​មួយ​ទៀត គឺ​ការ​ចំណេញ​លើ​ពន្ធ។ ដូច​ជា​ផ្នែក​ទំនិញ​កាត់​ដេរ​ពី​កម្ពុជា​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប ​មិន​ត្រូវ​បាន​គិត​ពន្ធ​នោះ​ទេ និង​ប្រទេស​មួយ​ចំនួន​គិត​ពន្ធ​ទាប​សម្រាប់​កម្ពុជា។ ឧទាហរណ៍ បើ​សិន​ជា​ទំនិញ​ដូច​គ្នា​នាំ​ចេញ​ពី​ថៃ​ទៅ​អាមេរិក​ត្រូវ​គិត​ពន្ធ​ខ្ពស់ តែ​បើ​នាំ​ពី​កម្ពុជា​ទៅ គឺ​បង់​ពន្ធ​ទាប​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

 

យ៉ាង​ណា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​បន្ថែម​ថា ដើម្បី​សម្រួល​កិច្ច​ពាណិជ្ជកម្ម និង​សមត្ថភាព​កម្ពុជា​អាច​កើន​ឡើង​មួយ​កម្រិត​អោយ​ទាន់​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ទៀត​ដែល​ជឿន​លឿន​ជាង​ ក្នុង​ជំនួប​កិច្ច​ប្រជុំ​អគ្គ​នាយក​គយ​អាស៊ាន​លើក​ទី​២៥​ដែល​បញ្ចប់​ថ្មី​ៗ​នេះ បាន​គិត​គូរ​ផែនការ​មួយ​ក្នុង​ចំណោម​ផែន​ការ​ទាំង​១៤ ដែល​និយាយ​ពី "​បង្ខិត​គម្លាត​សមត្ថភាព"។

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម