លោក​យាយ​វ័យ​ ៦៨​ឆ្នាំពឹង​លើ​បន្លែ​ផ្លែ​ឈើ​មួយ​កញ្ច្រែង​​រកស៊ីចិញ្ចឹម​ម្ដាយ​វ័យ​ ៩៨ឆ្នាំ

  • 2016-06-02 14:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​វ័យ​​៦៨​ឆ្នាំ​ទៅ​ហើយ​ លោក​យាយ​ មាជ យន់ ​នៅ​តែ​ប្រកប​របរ​រកស៊ី​​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ មិន​តែ​ប៉ុណ្ណោះ​រូម​ទាំង​ម្ដាយ​​វ័យ​ជាង​៩៨​ឆ្នាំ​ស្ថិត​ក្នុង​បន្ទុក​ទៀត​ផង។

 

លោក​យាយ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​រាល់​ថ្ងៃ​លោក​យាយ​ត្រូវ​ងើប​ពី​ព្រលឹម​ដើម្បី​ទៅ​ដើរ​រក​ទិញ​បន្លែ​ផ្លែ​ឈើ​តាម​ចម្ការ​ឬ​ផ្ទះ​អ្នក​ជិត​ខាង​ម្ដង​មួយ​កញ្រ្ចែងយក​មក​លក់​នៅ​តាម​ទី​ផ្សារ​​និង​​ពេល​ខ្លះ​បន្ត​លក់​នៅ​ទី​រមណីយដ្ឋាន​គៀនស្វាយ​ទៀត។

 

 

ថ្លែង​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា​មុខ​របរ​នេះ​បាន​កម្រៃ​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​ចិញ្ចឹម​ក្រពះ​រួម​ទាំង​មាន​ម្ដាយ​ចាស់​ជរា​ស្ថិត​ក្នុង​បន្ទុក​ម្នាក់​ទៀត។ស្ត្រី​មេម៉ាយ​អះ​អាង​ថា​លក់​មិន​រើស​​បន្លែ​ផ្លែ​ឈើ​ឡើយ ​និយាយ​រួម​​ទៅ​លក់​ទាំង​អស់​មាន​ដូចជា​សណ្ដែក​ ផ្ញៀវ​ ទៀប​បារាំង​ ទៀប​ស្វិត​ មៀន​ជា​ដើម​។

 

លោកយាយ​ មាជ យន់ បន្ថែម៖ "បើ​បាន​ផ្លែ​ឈើ​ហូប​ផ្លែ​ដូចជា​ផ្លែ​មៀន​ឬ​ផ្លែ​ទៀប​​លក់​បាន​ថ្លៃ​បន្តិច​​ចំណេញ​បាន​​ត្រឹម​មួយ​ម៉ឺន​រៀល​ ចំណែក​ស្វាយ​វិញ​បាន​ត្រឹម​តែ​ប្រាំ​ពាន់​រៀល​ទេ​ចៅ​។ ហើយ​ស្អី​ក៏​យាយ​លក់​ដែរ​អត់​រើស​ទេ ទៅ​ទិញ​គេ​បាន​មួយ​កញ្ច្រែង​គឺ​ចាប់​ផ្ដើម​ដើរ​លក់​ហើយ។ លក់​ឆាប់​បាន​អស់​ក៏​ឆាប់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​។ ព្រោះ​ចេញ​តាំង​ពី​ព្រឹក​មក​ ណាមួយ​មាន​ម្ដាយ​ចាស់​នៅ​ចាំ​ឯ​ផ្ទះ​ទៀត​​"។

 

ស្វាមី​លោក​យាយ​បាន​ទទួល​មរណភាព​តាំង​ពី​ជំនាន់​ប៉ុលពត​មក​ម្ល៉េះ​ ដោយ​បន្សល់​ទុក​កូន​ ៨​នាក់​ក្នុង​នោះ​ស្រី​៤​នាក់​​។​ មាន​គ្រួសារ​អស់​៤​នាក់​នៅសល់​៤​នាក់​សុទ្ធ​តែ​ធ្វើការ​សំណង់​និង​ធ្វើ​ស្រែ​ចម្ការ​។ យ៉ាង​ណាមិញ​ក្នុង​នាម​ជា​ស្រី​មេម៉ាយ​កូន​៨​នាក់​ បញ្ជាក់​ផង​ដែរ​ថា​ កូន​ៗ​គេ​អាច​ចែក​រំលែក​បន្តិច​ម្នាក់​ល្មម​បាន​ហូប​ចុក​ខ្លះ​ប៉ុន្តែ​ ដោយសារ​នៅ​មាន​ម្ដាយ​ និង​ចង់​ទៅ​វត្ត​វ៉ា ទើប​លោក​យាយ​នៅ​តែ​បន្ត​រកស៊ី​តិច​តួច​សម្រាប់​ជីវិត​ដែល​ខ្លួន​ចង់​បាន​ខ្លះ៕

 

​អត្ថបទ៖ ថា ម៉ាលីដា​

​​