របរ​លក់​ចេក​១ម៉ូតូ ស្ត្រី​មេម៉ាយ សា វង្ស អាច​ឱ្យ​កូន​​រៀន​បរិញ្ញា​ដល់​ទៅ ២ នាក់

  • 2016-06-03 14:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ជា​ស្ត្រី​មេម៉ាយ ប៉ុន្តែ​អ្នកស្រី សា វង្ស មាន​កម្លាំង​​ដឹក​ចេកលក់​​ទម្ងន់​រាប់រយ​គីឡូ​​ តាម​ម៉ូតូ​សង់កូរ៉េជំនំ​​មួយ​គ្រឿងបាន​ ដូច​មនុស្ស​ប្រុស​អ៊ីចឹងដែរ។ អ្នកស្រីបានប្រាប់​ Sabay នៅ​ម៉ោង ៥ កន្លះ​ព្រឹក​​ថា សព្វថ្ងៃ​អ្នកស្រី​មាន​កូនក្នុង​បន្ទុក​បី​នាក់ គឺ​កូនច្បង​រៀន​​ឆ្នាំ​ទី ៣ កូន​ទី​ពីររៀន​ឆ្នាំ​ទី ១ និងកូន​​ម្នាក់​ទៀតកំពុង​រៀន​ថ្នាក់​ទី ១២។

 

ដៃកំពុង​លើក​ចេក​ចុះ រីឯ​​មាត់វិញ​​និយាយ​​ថា របប​​ដឹក​ចេក​លក់​នេះ​ ​អាច​ធ្វើ​ឱ្យ​អ្នកស្រី​​មាន​លុយ​​​កាក់​សមរម្យ សម្រាប់​​ចាយវាយ និង​​បង់​ថ្លៃ​សាលា​សម្រាប់​កូន៖ "ខ្ញុំ​គ្មាន​រក​អី​ទេ អាហ្នឹង លក់​តែ​ចេក​ហ្នឹង"។

 

យ៉ាងណា​លោក​ស្រីរៀបរាប់​​ថា របប​នេះមាន​ការ​លំបាក​បន្តិចបន្តួច​ដែរ ដូចជា​ត្រូវ​ទៅ​កាប់​នៅ​ចម្ការក្នុង​ព្រៃ ដឹង​តាម​ផ្លូវ​ជង្ហុក ផ្លូវ​រទេះ​គោ និង​ត្រូវ​ជិះដឹក​ជា​ច្រើន​គីឡូ​ ពី​កៀនស្វាយមក​លក់​នៅ​ផ្សារ​បឹងត្របែកផ្លាហ្សា។

 

ស្ត្រី​វ័យ​៤៥​ឆ្នាំ ថា៖ “ខ្ញុំ​ឈប់​បី​ដង ទម្រាំ​មក​ដល់​នេះ។ ទាល់​តែ​ខ្លាំង​ទើប​អាច​ដឹក​បាន"។

 

ទោះ​លំបាក​ក្ដីអ្នកស្រី​មិនបាន​​រុញរា​ឡើយ ព្រោះ​ក្ដី​សង្ឃឹម​របស់​អ្នកស្រី គឺ​ចង​​ឃើញ​កូន​ប្រុសស្រី បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ ​មាន​ការងារ​ល្អ​ក្នុង​សង្គម ដោយ​មិន​ចង់​ឱ្យហត់នឿយ​​ដូច​ខ្លួន​​ឡើយ។

 

“ខ្ញុំ​រៀន​​​បាន​តិច ពិបាក ចឹង​បាន​ខ្ញុំ​ឱ្យ​កូន​រៀនបាន​ច្រើន​ បាន​ការងារ​ល្អ​ធ្វើ"។ អ្នក​ស្រុក​កៀន​ស្វាយបញ្ជាក់។

 

ស្ត្រី​សម្បុរ​ខ្មៅ​ស្រអែមបន្ត​ថា ចេក​រាប់​ស្ទង​នៅ​លើ​ម៉ូតូ​នេះ​ អាច​លក់​បាន​ខ្ទង់ ៣០ ម៉ឺន​រៀល ដោយ​មិនទាន់​គិតថ្លៃដើម។ ​រីឯ​តម្លៃ​វិញ ក្នុង​មួយ​ស្និត​ ៣ ០០០ ​រៀល​ទៅ​ ៤​ ០០០ រៀល​តាម​ផ្លែ​តូច​ធំ។  អ្នកស្រី​លក់​ចាប់​ពី​ម៉ោង ៦ ព្រឹកដល់ ៧-៨ យប់៕

 

 

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបថតទូរសព្ទដៃ

អត្ថបទពេញនិយម