Messi ឆ្លើយ​តប​ទៅ​​តុលាការ​ រឿង​​ចោទ​ប្រកាន់​​គេច​ពន្ធ

  • 2016-06-03 16:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​​តារា​ឆ្នើម​ក្រុម​ FC Barcelona​ បាន​ឆ្លើយ​តប​ទៅ​កាន់​តុលាការ​នៅ​ទីក្រុង​ Barcelona កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា ​ខ្លួន​ពិត​ជា​មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់​ ទាក់ទង​នឹង​រឿង​បង់ពន្ធ ដោយ​គិត​​តែ​រឿង​លេង​បាល់ទាត់​តែ​ប៉ុណ្ណោះ។

 

Messi នៅ​ក្នុងតុលាការ​ជិត​៤ម៉ោង​ម្សិល​មិញ

 

Messi និង​ឪពុក​ Jorge ​ត្រូវ​​បាន​រដ្ឋាភិបាល​អេស្ប៉ាញ​ចោទ​ប្រកាន់​ថា បាន​គេច​ពន្ធ​ប្រាក់​ចំនួន​ ៤,៦​លាន​​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ​២០០៧-២០០៩ ​ទាក់​ទង​​ទៅ​នឹង​សិទ្ធ​រូបថត​របស់​គេ ដែល​ក្រុមហ៊ុន​នៅ​ប្រទេស​មួយ​ចំនួន​ យក​ទៅ​ប្រើ​ប្រាស់​ ដោយ​គ្មាន​ការ​​អនុញ្ញាត​បង់​ពន្ធ​ត្រឹម​ត្រូវ។ ចំពោះ​បញ្ហា​នេះ​ ​ព្រះ​រាជ​អាជ្ញា​អេស្ប៉ាញ ​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ពិន័យ​ប្រធាន​ក្រុម​អាហ្សង់ទីន​រូប​នេះ​​ធ្ងន់ធ្ងរ ឬ​អាច​ជាប់​ពន្ធនាគារ​ដល់​ទៅ​ ២២​ខែ។

 

 

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ ​តម្រូវ​ឲ្យ​ឡើង​តុលាការ​ស្រាយ​បំភ្លឺ រយៈពេល​៣​ថ្ងៃ​ តាំង​ពី​ថ្ងៃ​អង្គារ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

 

Messi បាន​​បក​ស្រាយ​ដល់​តុលា​ការ​ថា៖ "ខ្ញុំ​មិន​ដែល​សួរ​នាំ​រឿង​ពន្ធ​អ្វី​ទាំង​អស់​ជាមួយ​ឪពុក​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ទុក​ចិត្ត​គាត់ និង​មេធាវី​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់ ទាក់​ទង​នឹង​រឿង​នោះ ខ្ញុំ​គ្រាន់​តែ​លេង​បាល់ទាត់​តែ​ប៉ុណ្ណោះ”។

 

 

 

Enrique Bacigalupo ​មេធាវី​របស់​ Messi ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ ពុំ​ដែល​ចំណាយ​ពេល​សូម្បី​១​នាទី ដើម្បី​អាន សិក្សា ឬ​ស្វែង​យល់​ពី​រឿង​ពន្ធ​នេះ​ទេ។ រីឯ​ចំពោះ​លទ្ធផល​សម្រេច​របស់​តុលាការ​យ៉ាង​ណា ​ពុំ​ទាន់​ដឹង​​ឡើយ៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc | goal