ចុង​សប្តាហ៍​មុន កម្មវិធី «មុខរបរ​ខ្ញុំ​» របស់ PNN បាត់​បង់​បេក្ខជន​ទី​៩

  • 2016-06-07 16:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ទី៩ ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន ​បាន​ធ្លាក់​​ចេញ​ពី​កម្មវិធី​តាម​រយៈ​ការ​ប្រកួត​ប្រជែង​វិញ្ញាសា​ថ្មី​មួយ ប្លែក​ខុស​​ពីការ​វាយ​តម្លៃ​ដោយ​សមាជិក​ក្រុម និង​គណៈ​កម្មការ​កម្មវិធី គឺ​លោក ទេព រិនដារ៉ូ ដូច​បេក្ខជន​៨​រូប​មុន ។

 

 

ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ កញ្ញា ឌីណា កុសាម៉ា បេក្ខនារី​ប្រកួត​ប្រជែង​ក្នុង​ចំណោម​៥​រូប​ចុង​ក្រោយ នៃ​កម្មវិធី​ មុខ​របរ​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​ទាំង​អាឡោះ​អាល័យ ក្រោយ​រូបគាត់បាន​ចាញ់​ក្នុងវិញ្ញាសា​ថ្មី​មួយ តម្រូវ​ឲ្យ​បេក្ខជន​ទាំង​៥ ចាប់​ផ្តើម​អាជីវកម្ម​លក់ផ្កា​តាម​ដង​ផ្លូវ​សាធារណៈ។

 

បេក្ខ​នារី វ័យ​២៣ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ​រូបនេះ ​ធ្វើ​មិនបាន​ល្អ​ដូច​សមាជិក​ក្រុម​ដទៃ​ទៀត​នោះ​ឡើយ ដោយ កុសាម៉ា ទទួល​បាន​ចំណូល​ទាប​ជាង​គេ​បង្អស់​ ក្នុង​ចំណោម​បេក្ខ​ជនប្រជែង​ទាំង​៥រូប ជា​ហេតុផល​នាំ​ឲ្យ​គាត់​ត្រូវចាក​ចេញ​ពី​កម្មវិធី។

 

 

មុខ​របរ​ខ្ញុំ របស់ ភីអិនអិន ជា​កម្មវិធី​ជីវិត​ពិត ដែល​មាន​ផ្សាយ​ជូន​ទស្សនា​ក្នុង​ម៉ោង​មាស បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង រួម​គ្នា​បង្កើត​នូវ​អាជីវកម្ម​មាន​លំនឹង​មួយ ពោល​គឺ​ជា ភោជនីយដ្ឋាន​ពិត​ប្រាកដ។កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​ ចាប់​ពី​ម៉ោង​៨​យប់ រៀង​រាល់​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ដោយ​នឹង​បង្ហាញ​ជូន​ទស្សនិក​ជន នូវ​ចំណេះ​ដឹង ក៏​ដូច​ជា​លក្ខខណ្ឌ​ក្នុង​ការ​បង្កើត​មុខ​ជំនួញ​ ដែល​សុទ្ធ​តែ​កើត​មាន​ក្នុង​ស្ថាន​ភាព​ពិតរបស់​ពលរដ្ឋ​កម្ពុជា។

 

បួន​សប្តាហ៍​មុន បេក្ខជន​ក្នុង​កម្មវិធី បាន​ប្រឈម​មុខ​ប្រកួត​ប្រជែង​គ្នា ជាមួយ​នឹង​វិញ្ញាសា​ជា​ច្រើន។ ពួក​គេ​ត្រូវ​រួមគ្នា​ជា​ក្រុម បង្កើត​ចេញ​ពី​ភោជនីយដ្ឋាន​ថ្មី ពិត​ប្រាកដ​មួយ ខណៈ​នៅ​ពី​ក្រោយ​អាជីវកម្ម​នេះ គឺ​ជា​ការ​ប្រជែង​ដ៏ក្តៅ​គគុក សម្រាប់​បេក្ខភាព​ម្នាក់ៗ ដើម្បី​ឈាន​ទៅ​រក​ប្រាក់​រង្វាន់​ចំនួន ២០​លាន​រៀល​ពី​កម្មវិធី។

 

មក​ទល់​នឹង​ពេល​នេះ បេក្ខជន​​ទាំង​អស់ បាន​បង្កើត​ស្ទើរ​ទាំង​ស្រុង​នូវ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ពួក​គេ។ សប្តាហ៍​បន្ទាប់ ទស្សនិកជន នឹង​បាន​ដឹង​ថា តើ​នរណា​ជា​អ្នក​បន្ទាប់​ដែល​ត្រូវ​ដើរ​ចេញ​ពី​កម្មវិធី។ ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ក្នុងវិញ្ញាសា​ថ្មីៗ​ជា​ច្រើន​ទៀត ជាមួយ​ទេព​កោសល្យ​ក្នុង​យុទ្ធសាស្ត្រ​ជំនួញ​របស់​ពួក​គេ​ជាដើម។

 

កម្មវិធី “មុខរបរខ្ញុំ” រដូ​វកាល​ទី១ រំពឹង​ថា ​បញ្ចប់​នា​ចុង​ខែ​មិថុនា​នេះ ជាមួយ​នឹង​បេក្ខជន​៤​នាក់​ចុង​ក្រោយ​នៃ​កម្មវិធី ហើយ​​គ្រោង​នឹង​ចាប់​ផ្តើម​រដូវកាល​ថ្មី​របស់​ខ្លួន​បន្ត​ទៀត ក្រោយ​រដូវ​កាល​ទី១ បញ្ចប់​ដោយ​ជោគ​ជ័យ។

 

ផលិតករ​កម្មវិធី លោក Jimmy អះ​អាង​ថា «ពួក​យើង​នៅ​មាន​អ្វី​ដែល​កាន់​តែ​ទាក់​ទាញ​ជាង​នេះ ពី​កម្មវិធី​រដូវ​កាល​ទី​២»។ សម្រាប់​អ្នក​​មាន​ចំណាប់​អារម្មណ៍​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី “មុខរបរខ្ញុំ” រដូវ​កាល​ទី២ អាចផ្ញើ​ប្រវត្តិ​រូប តាម​រយៈ www.facebook.com/pnnmyplace ឬ​ទាក់ទង​មក​ទូរសព្ទ​លេខ 087 569 756៕

 

អត្ថបទៈ ពាណិជ្ជកម្ម