ក្រោក​​ម៉ោង ​៣​​យប់​​​ធ្វើ​ទឹក​សណ្ដែក​លក់​រាល់​ថ្ងៃ ​ដើម្បី​លុយ​​៤​ម៉ឺន​រៀល​​

  • 2016-06-13 15:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​​​​​៦​:៤៥​នាទី​ព្រឹក​ ជា​វេលា​មួយ​​ដែល​​​​អ្នក​​ធ្វើ​ការ​នៅ​​ភ្នំ​ពេញ​​​​​ឬ​សិស្ស​និស្សិត​មួយ​ចំនួន​កំពុង​សម្រុក​​​​​​ធ្វើ​​ដំណើរ​ទៅ​សាលា ឬ​កន្លែង​ធ្វើ​ការ​ រី​ឯ​ស្ត្រី​​វ័យ​​៤០​ឆ្នាំ​​ម្នាក់​​​​​ក៏​កំពុង​ជាប់​ដៃ​​​លក់​ទឹក​សណ្ដែក​ដប​​ឲ្យ​អតិថិជន​នៅ​តាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ​លេខ​៥១​។

 

 

អ្នក​មីង​ គួ សុខ​ទៀង​​​ ដែល​មាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​ភ្នំ​ពេញ សព្វ​ថ្ងៃ​រស់​នៅ​​ម្ដុំ​ចម្ការ​ដូង​ បាន​ឲ្យ​ដឹង​ថា​អ្នក​មីង​​ប្រកប​របរ​ខាង​លើ​​ជិត​៧​ឆ្នាំ​មក​ហើយ។ ​ រៀង​រាល់​ថ្ងៃ​​អ្នក​មីង​​តែង​​មក​​​​រៀប​ចំ​និង​ចាប់​​លក់​ទឹក​​សណ្ដែក​​តាំង​ពី​ម៉ោង​​ជិត​៦​ព្រឹក​រហូត​ដល់​ម៉ោង​​៩​កន្លះ​​ព្រឹក​ទើប​ឈប់​​។ ក្នុង​មួយ​ថ្ងៃ​អ្នក​មីង​ សុខ​ទៀង​អាច​​រក​ចំណូល​​បាន​​​ពី​៤​ឬ​៥​ម៉ឺន​ក្នុង​មួយ​ថ្ងៃ។ ​​​

 

កំពុង​ច្រក​ទឹក​សណ្ដែក​ អ្នក​មីង​សុខ​ទៀង​បាន​បន្ថែម​​ប្រាប់​ Sabay ទៀត​ថា៖ "រាល់​ថ្ងៃ​ខ្ញុំ​ក្រោក​​​ម៉ោង​​៣​ឬ​៣​កន្លះ​​ធ្វើ​ទឹក​សណ្ដែក​​ ហើយ​ជិះ​ពី​ចម្ការ​ដូង​​មក​លក់​នៅ​នេះ​... ហើយ​មួយ​ថ្ងៃ​បាន​​៤​ឬ​៥​ម៉ឺន​អី​ហ្នឹង អា​ហ្នឹង​បើ​​យើង​ផាត់​​ថ្លៃ​​សណ្ដែក ថ្លៃ​ទឹកកក​​ ហើយ​ថ្លៃ​អី​ផ្សេង​ៗ​​ទៀត​។ ខ្ញុំ​ធ្វើ​លក់​ទាំង​អា​ទឹក​សណ្ដែក​ខៀវ និង​អា​ពណ៌​ស។...រាល់​ថ្ងៃ​​ខ្ញុំ​ធ្វើ​ទឹក​សណ្ដែក​ហ្នឹង​ ធ្វើ​តែ​​ឯង ហើយ​បាន​ប្ដី​ខ្ញុំ​​ជួយ​ការងារ​​តិច​តួច​ដែរ"។​​

 

និយាយ​ពី​ស្ថាន​ភាព​ក្នុង​គ្រួសារ​វិញ អ្នក​មីង​សុខ​ទៀង​​បាន​ប្រាប់​ថា​ អ្នក​មីង​​សព្វ​ថ្ងៃ​រស់​នៅ​​​​ជា​មួយ​​ស្វាមី​ជា​ជាង​ជួស​ជុល​នាឡិកា​នៅ​ផ្ទះ​​និង​កូន​ប្រុស​​​​១​នាក់​​​​ក្នុង​បន្ទុក​ដែល​កំពុង​​​រៀន​ថ្នាក់​ទី​៥។ អ្នក​មីង​​មាន​កូន​ទាំង​អស់​បី​នាក់ ដែល​កូន​ប្រុស​​ៗ​​ពីរ​នាក់​ទៀត​បាន​រៀប​ការ​និង​ទៅ​រស់​នៅ​​​ធ្វើ​ការ​តាម​ខេត្ត។ រៀង​រាល់​ខែ​ កូន​​​ៗ​បង​​របស់​អ្នក​មីង​តែង​ផ្ញើ​លុយ​ ប្រមាណ​១០០​ដុល្លារ​ម្នាក់​​មក​ជួយ​ផ្គត់​ផ្គង់​ជីវភាព​អ្នក​មីង​ផង​ដែរ៕

 

 

ចុចអាន៖  ត្រាច់ចរ​រុញ​រទេះ​មួយ​ថ្ងៃ ១៥​ម៉ោង ដើម្បី​ប្រាក់ ២​ម៉ឺន​រៀល

 

អត្ថបទ​៖ មាន រតនា​​​​​​​​​​​​​​​​​​​​​​​​​​ រូបថត៖ ទូរសព្ទដៃ