លោក​គ្រូ ម៉ាន់ កុសល បោះបង់​គំនិត​រត់​ម៉ូតូ​ឌុប វិល​រក​ល្ខោន​ស្បែក​ធំ​វិញ

  • 2016-06-14 18:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ពី​មហាជន​ភាគ​ច្រើន ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ផង​នោះ បាន​ជំរុញ​ឱ្យ​លោក​គ្រូ​ស្បែក​ធំ ម៉ាន់ កុសល យល់ព្រម​បោះបង់​ចោល​បំណង​ទៅ​រត់​ម៉ូតូឌុប ហើយ​វិល​មក​បើក​ទ្វា​សមាគម​សិល្បៈ សុវណ្ណភូមិ វិញ។

 

 

“២២ ឆ្នាំ​ហើយ​មិន​ដែល​មាន​អ្នក​ជួយ​ទេ រហូត​ដល់​ខ្ញុំ​អស់​លទ្ធភាព ក៏​ដើរ​ចេញ​ស្ងាត់ៗ តែ​ពេល​នេះ​ដើម្បី​ជា​ការ​តប​ស្នង​ដល់​យុវជន ខ្ញុំ​វិល​ចូល​វិញ"។ ម៉ាន់ កុសល ថ្លែង​មក​កាន់ Sabay មុន​នេះ។ លោក​បន្ត​ថា មាន​យុវជន​មួយ​ចំនួន​បាន​ចេញ​មុខ​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​សមាគម។ ប៉ុន្តែ​លោក​អះអាង​ថា ការ​ស្រលាញ់ ការ​ឈឺឆ្អាល​ចំពោះ​ល្ខោន​ស្បែក​ធំ​ទៅ​វិញ​ទេ ដែល​មាន​សារសំខាន់​ជាង​លុយ​ទៅ​ទៀត។

 

លោក ម៉ាន់ កុសល អះអាង​ថា បច្ចុប្បន្ន​ក៏​មាន​សប្បុរសជន​ក្រៅ​ប្រទេស​មួយ​ចំនួន​មាន​បំណង​ផ្ដល់​ជំនួយ​មក​កាន់​សមាគម​របស់​លោក​ដែរ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​ប្រកាស​បិទ​ទ្វា​នា​ពេល​កន្លង​មក​ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ។ ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ។ ដោយ​ឡែក ពេល​នេះ​ក្រសួង​វប្បធម៌​ក៏​បាន​បើក​ភ្លើង​ខៀវ​ក្នុង​ការ​ផ្ដល់​ជំនួយ​ផង​ដែរ ប្រសិន​បើ​មាន​តម្រូវ​ការ។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​អះអាង​ថា ត្រូវ​រៀប​ចំ​សារ​សមាគម​ឡើង​វិញ​សិន ទើប​ដឹង​ថា ត្រូវ​ការ​ជំនួយ​បែប​ណា​ពី​ក្រសួង​វប្បធម៌។

 

 

លោក​គ្រូ ម៉ាន់ កុសល បាន​រំលឹក​ថា សមាគម​សិល្បៈ​សុវណ្ណភូមិ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៤ ដោយ​ធ្វើ​ការ​លើ​ការ​អភិរក្ស​ទម្រង់​ល្ខោន​ស្បែក​ធំ ហើយ​រស់​បាន​ដោយ​សារ​ការ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ខ្លះ និង​ការ​សម្ដែង​លក់​សំបុត្រ​នៅ​កន្លែង។ កន្លង​មក​សមាគម​ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​ជា​ច្រើន ដោយ​ដណ្ដើម​បាន​មេដាយ​មាស​ជូន​ជាតិ​ទៀត​ផង។

 

“បរទេស​គេ​មើល​មក​ក្រុម​យើង​អស្ចារ្យ​ណាស់ បាន​មេដាយ​មាស បាន​អី​អញ្ចឹង ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ពី​ជីវភាព​របស់​ពួក​យើង​ទេ"។ ម៉ាន់ កុសល បញ្ជាក់​យ៉ាង​ដូច្នេះ។ លោក​អះអាង​បន្ត​ថា កន្លង​មក​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន ២ ​ក្នុង​ព្រឹត្តិការណ៍​សិល្បៈ​រៀបចំ​នៅ​ប្រទេស​វៀតណាម​ទៀត​ផង។

 

លោក​បន្ត​ថា កេរ្តិ៍​ឈ្មោះ​សមាគម​ល្បី​ល្បាញ ប៉ុន្តែ​គ្មាន​នរណា​បាន​ដឹង​ពី​ស្ថានភាព​ជីវភាព​នោះ​ទេ។ លោក​បន្ត​ថា លទ្ធភាព​ផ្គត់ផ្គង់​សមាគម​ថមថយ​បន្តបន្ទាប់​ព្រោះ​គ្មាន​ចំណូល សូម្បី​លុយ​ជួល​កន្លែង​ដាក់​សម្ភារៈ​ក៏​គ្មាន ធ្វើ​ឱ្យ​លោក​សម្រេច​បិទ​ទ្វា​ដោយ​ស្ងៀមស្ងាត់ ហើយ​សម្រេច​ទៅ​រត់​ម៉ូតូ​ឌុប​កាល​ពី​ពេល​ថ្មី​នេះ​តែ​ម្ដង៕

 

អត្ថបទ៖ សំ ជំនាញ