កម្ពុជា​នឹង​នាំ​ចូល​រថយន្ត​ទំនើប ២​គ្រឿង ចល័ត​ធ្វើ​ឆៀក​ដល់​ខេត្ត​តែ​ម្ដង

  • 2016-06-15 22:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ ដើម្បី​នាំ​យក​រថយន្ត​ទំនើប ២គ្រឿង មក​ធ្វើ​ឆៀក​ជូន​ប្រជាពលរដ្ឋ​ដល់​ខេត្ត​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ឡើង​មក​ភ្នំពេញ​ទៀត​ឡើយ។

 

 

“ឥឡូវ​យើង​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​មួយ ដើម្បី​គេ​អាច​យក​ឡាន​ធំ​មក... ឡាន​ហ្នឹង​បើក​ទៅ​ណា​ក៏​បាន​ដែរ គ្រប់​ទីកន្លែង​ទាំង​អស់ ហើយ​ឡាន​នោះ​អាច​ទៅ​ឆៀក​នៅ​ទី​នោះ​តែ​ម្ដង ដោយ​មិន​បាច់​ឲ្យ​បង​ប្អូន​ដែល​នៅ​ជន​បទ បើក​ឡាន​ឆ្ងាយ​មក​ឆៀក​ទេ... យើង​យក​សេវា​ទៅ​ជូន​គាត់ ដល់​ផ្ទះ​គាត់​តែ​ម្ដង"។ នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់​របស់ ឯក​ឧត្ដម ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ​រថយន្ត​ផ្សារ​ទំនើប​អ៊ីអន​កាល​ពី​ព្រឹក​មិញ​។

 

​​​ឯក​ឧត្តម ស៊ុន ចាន់ថុល បាន​បញ្ជាក់​ទៀត​ថា រថយន្ត​ទំនើប​នោះ​មាន​ឧបករណ៍​គ្រប់​ទាំង​អស់​ប្រៀប​ដូច​ជា Robot ហើយ​អាច​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត​គ្រប់​ផ្នែក។ ក្រសួង​សាធារណការ គ្រោង​នាំ​ចូល ២​គ្រឿង​សិន​ប៉ុណ្ណោះ ព្រោះ​ក្នុង​មួយ​គ្រឿង តម្លៃ​រហូត​ដល់​ទៅ​កន្លះ​លាន​ដុល្លារ។ រថយន្ត​ទាំង​នោះ អាច​មក​ដល់​កម្ពុជា ២​ខែ​ទៀត បន្ទាប់​ពី​ដំឡើង​រួច​រាល់​នៅ​ប្រទេស​កូរ៉េ៕

 

អត្ថបទ៖ គង់ វិសាល ​
អត្ថបទពេញនិយម