គ្រូ​គណិតវិទ្យា ​ចែក​រំលែក​បទ​ពិសោធន៍​បង្រៀន​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ

  • 2016-06-17 18:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សិស្ស​ពូកែ​គណិតវិទ្យា​ទសវត្ស​ ៨០ និង​ជា​គ្រូបង្រៀន​គណិតវិទ្យា​នៅ​វិទ្យាល័យ​ ១០ មករា ខេត្ត​សៀមរាប លោក លី ឡៃហេង បាន​ចែក​រំលែក​បទ​ពិសោធន៍​ធ្វើ​យ៉ាងណា​ឲ្យ​សិស្ស​រៀន​ចេះ និង រៀន​ពូកែ​គណិតវិទ្យា។

 

 

១. ការ​ស្វែងយល់​ពី​សិស្ស៖ គ្រូ​ពូកែ​មិនមែន​ត្រឹមតែ​មាន​ជំនាញ​លើ​មុខ​វិជ្ជា​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ត្រូវ​ដឹង​ និង ចេះ​សង្កេត​អំពី​សមត្ថភាព​របស់​សិស្ស​ ដូច្នេះ​យើង​អាច​​បង្រៀន​តាម​កម្រិត​សិស្ស ថាតើ​ពួកគេ​នៅ​ខ្វះ​ចន្លោះ​អ្វី អត់​ទាន់​ចេះ​អ្វី យើង​ជួយ​បំពេញ​ឲ្យ​ពួកគេ។ បើ​យើង​យក​បច្ចេកទេស​កម្រិត​ខ្ពស់​បង្រៀន​សិស្ស គឺ​សិស្ស​កម្រិត​ទាប​មិន​អាច​ចាប់​បាន​ បើ​យើង​បង្រៀន​ទាប​ពេក សិស្ស​អាច​ធុញ ដូច្នេះ យើង​សិក្សា​ហើយ​យើង​រៀប​ចំ​បច្ចេក​ទេស​ នៃ​ការ​បង្រៀន​ឲ្យ​ត្រឹមត្រូវ​តាម​ចំណេះ​សិស្ស។  

 

២. ការ​ធ្វើ​លំហាត់៖ បើ​ទោះ​ជា​សិស្ស​ក៏​ដោយ គ្រូ​ក៏​ដោយ​បើ​ដឹង​ពី​រូបមន្ត​ហើយ​ក្ដី ប៉ុន្ដែ ខ្វះ​ការ​អនុវត្ត ​គឺ​មិន​អាច​ក្លាយ​ជា​អ្នក​ពូកែ​គណិតវិទ្យា​បាន​ឡើយ​ ដូច្នេះ អ្នក​រៀន​គណិត​ត្រូវ​ធ្វើ​លំហាត់​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

 

៣. ការ​សន្សំ​ចំណេះ​ពី​តូច៖ ប្រសិន​បើ​អ្នក​ពុំ​មាន​មូលដ្ឋាន​គ្រឹះសោះ​ នៃ​ការ​រៀន​គណិត​វិទ្យា​គឺជា​រឿង​លំបាក​មួយ។ ដូច្នេះ គ្រប់​អ្នក​រៀន​គណិតវិទ្យា​ ត្រូវ​សន្សំ​រូបមន្ត​តាំង​ពី​កាក់ល្អិត​ (បាត​ក្រោម) មក គឺជា​រឿង​សំខាន់ មានន័យ​ថា យើង​ត្រូវ​ចេះ​រូបមន្ត​តាំង​ពី​ក្រោម​ ហើយ​បូក​នឹង​អនុវត្តន៍​ទៀត​នោះ​អ្នក​នឹង​ក្លាយ​ជា​សិស្ស​ពូកែ​គណិត​វិទ្យា។

 

 

លោក លី ឡៃហេង វ័យ​ជាង ៤០ ឆ្នាំ ជា​គ្រូ​គណិតវិទ្យា​​នៅ​វិទ្យាល័យ ១០ មករា ខេត្ត​សៀមរាប ដែល​បាន​​ចាប់​អាជីព​ជាគ្រូ​បង្រៀន​ជាង ២០ ឆ្នាំ​មក​ហើយ។

 

ក្នុង​អំឡុង​ឆ្នាំ ១៩៨៧ លោកគ្រូ ឡៃហេង ធ្លាប់​ជា​សិស្ស​ពូកែ​គណិតវិទ្យា ហើយ​លោក​បាន​ប្រលង​បញ្ចប់​ថ្នាក់​បាក់ឌុប នៅ​ឆ្នាំ ១៩៩០។

 

ក្រោយ​មក​គ្រូ​គណិតវិទ្យា​រូប​នេះ បាន​ចាប់​អាជីព​ជា​គ្រូ​បង្រៀន​នៅ​ឆ្នាំ ១៩៩៦ និង បាន​បណ្ដុះ​សិស្ស​ឲ្យ​ក្លាយ​ជា​សិស្ស​ពូកែ​ទូទាំង​​ប្រទេស​ជា​បន្តបន្ទាប់ ដោយ​រាប់​ពី​ឆ្នាំ ២០០០ ដល់​បច្ចុប្បន្ន​ គឺ​​មាន​ចំនួន ៦ នាក់៕

 

អត្ថបទ៖ វិបុត្រ

អត្ថបទពេញនិយម