ចាប៉ី​ដង​វែង​ក៏​ខ្វះ​អ្នក​គាំទ្រ​មិន​ខុស​ល្ខោនខោល

  • 2016-06-20 21:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប៉ី​ដង​វែង​​ដែល​មាន​ប្រវត្តិ​ជា​យូរ​ណាស់​មក​ហើយ​នោះ ក៏​ជួប​ប្រទះ​បញ្ហា​ខ្វះ​អ្នក​គាំទ្រ ទាំង​ថវិកា​ជួយ​ទំនុក​បម្រុង អ្នក​ផ្ដល់​កម្លាំង​ចិត្ត​ និង​អ្នក​ជួយ​អភិរក្ស​បន្ត មិន​ខុស​ស្ថានភាព​ល្ខោន​ខោល​មុន​ពេល​ប្រទេស​ថៃ​គ្រោង​ស្នើ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ឡើយ។

 

 

លោក​ ពេជ្រ សារ៉ាត់​ ជា​ប្រធាន​ក្រុម​សហគមន៍​ចាប៉ី​អមត មាន​ប្រសាសន៍​ថា​ ការ​គាំទ្រ​សម្រាប់​សិល្បៈ​ចាប៉ី​នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​បាន​បន្ថែម​ថា ពេល​ខ្លះ​លោក​ចង់​បាន​វិធីសាស្ត្រ​ណាមួយ​ដែល​អាច​ជួយ​ស្វែង​រក​ថវិកា​បាន។ លោក​បាន​បន្ត​ថា៖ "ពេល​ខ្លះ​ហា៎ ពួក​ខ្ញុំ​ចង់​តស៊ូ​មតិ​ ធ្វើ​ម៉េច​អាច​រក​ថវិកា​បាន ហើយ​ចង់​ឱ្យ​ជីវភាព​ល្អ​ប្រសើរ... ថវិកា​ដែល​បាន​មក​ពេល​ខ្លះ​ គឺ​ចេញ​ពី​ចិត្ត​របស់​អ្នក​ឱ្យ​ មាន​ខ្លះ​ ១០០(ដុល្លារ) ១៥០(ដុល្លារ) ២០០(ដុល្លារ)"។

 

លោក​ ពេជ្រ សារ៉ាត់​ 

 

លោក ​សារ៉ាត់​ ដែល​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ និង​ជា​អ្នក​រៀន​ចាប៉ី​៥ឆ្នាំ​រូប​នេះ បាន​ប្រាប់​ទៀត​ថា ចាប៉ី​ក៏​កំពុង​ជួប​ឧបសគ្គ​ច្រើន​មាន​ទាំង ការ​ធ្លាក់​កម្លាំង​ចិត្ត និង​ភ័យ​ខ្លាច​បាត់បង់។ លោក​បាន​និយាយ​ទាំង​មុខ​ស្ងួត​ថា​៖ “សហគមន៍​មាន​ឧបសគ្គ​ដោយ​សារ​ កម្លាំងចិត្ត​ធ្លាក់​ចុះ​ ហើយ​បើ​និយាយ​ពី​កម្សត់​វិញ វា​លើស​ពី​កម្សត់​ ព្រោះ​ចូលរួម​ដោយ​ឆន្ទៈ ហើយ​ពេល​ខ្លះ​អត់​អី​ញ៉ាំ​ក៏​មាន​។" លោក​បន្ត​ថា៖ "​កាល​ពី​២០១១​កាល​ហ្នឹង​ ជិត​បាត់​មែន​ ព្រោះ​អត់​សិស្ស​ ហើយ​សូម្បី​ឥឡូវ​យើង​បាន​កំពុង​ស្វែង​រក​ជំនួយ​ផ្សេងៗ​... ថ្វី​សហគមន៍​យក​កម្រៃ​៦ម៉ឺន​ពី​សិស្ស​ក្ដី​ តែ​យើង​ក៏​សម្រួល​ដល់​សិស្ស​ដែល​គ្នា​ខ្វះ​ជីវភាព​ដែរ។"

 

ជា​អ្នក​បង្រៀន​ចាប៉ី​ផង និង​ជា​អ្នក​ដឹកនាំ​ផង លោក សារ៉ាត់​ បាន​ប្រាប់​ទៀត​ថា៖ "បើ​មាន​មួយ​ធ្លាក់​ចុះ​ លំហូរ​វប្បធម៌​នឹង​ធ្លាក់​ចុះ។" ពោល​លោក​ខ្លាច សិល្បៈ​ទម្រង់​ផ្សេងៗ​ក្រៅ​ចាប៉ី​ អាច​នឹង​ជួប​វិបត្តិ​ដូច​ករណី​ចាប៉ី​ដង​វែង​។

 

យ៉ាង​ណា​មិញ​ លោក​ក៏​បាន​ប្ដេជ្ញា​ថា​នឹង​ព្យាយាម​បង្កើត​នូវ​អ្វី​ដែល​ថ្មី តែ​មិន​ប្រាសចាក​ពី​របស់​ចាស់ ហើយ​លោក​ក៏​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ជួយ​នូវ​អ្វី​ដែល​ពួក​គាត់​អាច​ជួយ​បាន ដូចជា​ការ​ផ្សព្វផ្សាយ សកម្មភាព​បទ​បង្ហាញ​ មូលនិធិ និង​ផ្ដោត​ការ​ចាប់​អារម្មណ៍៕ អត្ថបទ៖ នួន ចាន់លីហួត រូប​ថត៖ ផ្ដល់ឲ្យ

អត្ថបទពេញនិយម