តារា ៤រូប​ កំពុង​ជាប់​ពាក់ព័ន្ធ​​រឿង​ប្ដឹងផ្ដល់

  • 2016-06-21 21:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​កម្ពុជា​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ប្ដឹងផ្ដល់ ដោយ​មូលហេតុ​ផ្សេងៗ​គ្នា ស្រប​ពេល​មាន​ករណី​ខ្លះ​តុលាការ​កំពុង​ដំណើរ​ការ​នីតិ​វិធី ហើយ​ករណី​ខ្លះ​ទៀត​នៅ​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ។

 

ប៉ែន ចំរ៉ុង និង ភិន សុដាលីស៖ តារា​សម្ដែង និង​ជា​ពិធី​ករ​រូប​នេះ​បាន​ដាក់​ពាក្យ​ប្ដឹង​លែងលះ ភិន សុដាលីស ផ្អើល​ពិភព​សិល្បៈ​កាល​ថ្ងៃ​ទី​២៩​ខែ​មេសា​កន្លង​ទៅ ខណៈ​មូលហេតុ​ពិត​ប្រាកដ ភាគី​ទាំង​សងខាង​មិន​បាន​ទម្លាយ​ឱ្យ​ដឹង​ឡើយ។ អ្នក​ទាំង​ពីរ​ធ្លាប់​ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហៅ​ទៅ​សម្របសម្រួល​តាម​នីតិ​វិធី​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ២០១៦ កន្លង​ទៅ។​​​

 

 

តារា​ចម្រៀង ខេម៖ សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពាក់ព័ន្ធ​ទៅ​នឹង​តារា​ចម្រៀង ខេម ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ ១៨ ខែ​ឧសភា​កន្លង​ទៅ​នោះ តុលាការ​នៅ​មិន​ទាន់​ចាត់ការ​តាម​នីតិ​វិធី​នៅ​ឡើយ​ទេ ទោះ​បី​ជា​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ដល់​ដៃ​តុលាការ​ហើយ​ក្ដី។ ដោយ​ឡែក​កន្លង​មក​មាន​ការ​ចុះ​ផ្សាយ​ថា ភាគី​អ្នក​ស្លាប់​យល់​ព្រម​ទទួល​សំណង ៤ ០០០ ដុល្លារ​ពី​តារា​ចម្រៀង​រូប​នេះ​ហើយ។

 

 

ម៉ៅ សុចាន់ធី ជាមួយ​លោក រតនៈ វិបុល ៖ អតីត​តារា​សម្ដែង​ជើងចាស់​រូប​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក រតនៈ វិបុល ជា​តារា​សម្ដែង​ដូច​គ្នា​ពី​បទ"ជេរ​ប្រមាថ និង​គំរាម​បាញ់​សម្លាប់" ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា​កន្លង​ទៅ។ ភ្លាមៗ​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ​ភាគី​ចុងចោទ​មក​សាក​សួរ​ផង​ដែរ។ ដើម្បី​សម្រួល​ស្ថានការណ៍ ថ្មីៗ​នេះ​លោក រតនៈ វិបុល ចេញ​វីដេអូ​សុំ​ទោស​ចំពោះ​អ្នក​នាង ម៉ៅ សុចាន់ធី ជា​សាធារណៈ ដើម្បី​បញ្ចប់​រឿង៕

 

 

អត្ថបទ៖ សំ ជំនាញ