ប្រទេស​បី​ធំ​ៗ​ចែក​រំលែក​ពី​របៀប​គ្រប់​គ្រង​ទឹក​បាន​ល្អ

  • 2016-06-22 16:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​បី​រួម​មាន អ៊ី​ស្រា​អែល សិង្ហបុរី និង​ហុល្លង់ ដែល​ជា​ប្រទេស​ធ្លាប់​ជួប​វិបត្តិ​លើ​បញ្ហា​​ការ​គ្រប់​គ្រង​ទឹក​មិន​បាន​ល្អ តែ​ពេល​នេះ​​បាន​ក្លាយ​ជា​ប្រទេស​​ប្រើ​ប្រាស់​និង​គ្រប់​គ្រង​ទឹក​ដោយ​ឆ្លាត​វៃ​ប្រកប​ដោយ​​និរន្តរភាព​នោះ បាន​រួម​គ្នា​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​ដើម្បី​ចៀស​ផុត​ពី​គ្រោះ​រាំង​ស្ងួត និង​ទឹក​​ជំនន់ ។

 

 

ក្នុង "​វេទិកា​ថៃ​ថ្នាក់​ជាតិ​ស្ដី​ពី​ការ​គ្រប់​គ្រង​ទឹក​ប្រកប​ដោយ​និរន្តរភាព ឆ្នាំ២០១៦" រៀប​ចំ​ដោយ​ក្រុម​ហ៊ុន SCG វាគ្មិន​តំណាង​មក​ពី​ប្រទេស​សិង្ហបុរី បាន​ពន្យល់​ថា សិង្ហបុរី​គ្មាន​ស្ទឹង​ឬ​បឹង​ទឹក​សាប​ធម្មជាតិ​ទេ។ ប្រភព​ផ្គត់​ផ្គង់​ទឹក​សាប​ក្នុង​ស្រុក​និង​ចម្បង​ជាង​គេ​គឺ ទឹក​ភ្លៀង ដែល​ត្រូវ​បាន​ស្ដុក​ទុក​ក្នុង​អាង​សិប្បនិម្មិត។

 

ការ​ផ្គត់ផ្គង់​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​តម្រូវការ​ឡើយ ដូច្នេះ​រដ្ឋាភិបាល​បាន​បង្កើន​ចំនួន​រោង​ចក្រ​ចម្រាញ់​ទឹក​សមុទ្រ​ជា​ទឹក​សាប​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ទឹក​នាំ​ចូល។ អ្វី​ដែល​សំខាន់ ប្រទេស​កើត​ឡើង​ពី​កោះ​សរុប​៦៣​នេះ បាន​កំណត់​គោល​នយោបាយ​​ថា​ទឹក​ជា​បញ្ហា​សន្តិសុខ​ជាតិ ដូច្នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​ប្រើ​ប្រាស់​ដោយ​សន្សំ​សំចៃ​ខ្ពស់។

 

ចំណែក​ប្រទេស​ហុល្លង់​វិញ​ ពី​មុន​ឧស្សាហ៍​​ជួប​គ្រោះ​​ទឹក​ជំនន់​ណាស់។ តែ​គេ​បាន​រក​គន្លឹះ​ដោះ​ស្រាយ​ដោយ​ការ​សង់​ទំ​នប់​និង​ប្រព័ន្ធ​​គ្រប់​គ្រង​​ទឹក​​ទំនើប ដែល​នាំ​​ឲ្យ​មាន​តុល្យភាព​ទឹក​ក្រោម​ដី ទឹក​សាប និង​ទឹក​សមុទ្រ ។

 

រី​ឯ​អ៊ី​ស្រា​អែល​ក៏​ធ្លាប់​ជា​ប្រទេស​ដែល​ខ្សត់​ទឹក​ផង​ដែរ។ ប្រទេស​នេះ បាន​​បង្កើន​​ការ​​ផ្គត់​​ផ្គង់​​ប្រព័ន្ធ​​ទឹក​របស់​ខ្លួន​ដោយ​​ប្រើ​បច្ចេកវិទ្យា​បម្លែង​ទឹក​ប្រៃ​ជា​ទឹក​សាប ព្រម​ទាំង​កែ​ច្នៃ​ទឹក​ដែល​ប្រើ​ប្រាស់​រួច​ហើយ​មក​ប្រើ​ប្រាស់​ឡើង​វិញ​ទៀត​ផង ។ សម្រាប់​ប្រជាជន​វិញ បាន​ចាត់​ទុក ការ​រក្សា​ទឹក​ជា​រឿង​ដ៏​មាន​សារៈសំខាន់​បំផុត។​

 

 

ចំពោះ​លោក Roongrote Rangsiyopash អគ្គនាយក​ក្រុម​ហ៊ុន SCG ក្នុង​ការ​ផ្ដួច​ផ្ដើម​វេទិកា​ខាង​លើ​ដែល​មាន​អ្នក​ចូល​រួម​ជាង​២០០​នាក់ បាន​និយាយ​ថា នេះ​ជា​សារប្រយោជន៍​មួយ​នៃ​បទពិសោធន៍​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​គ្រប់​គ្រង​ទឹក​របស់​ប្រទេស​ជឿន​លឿន​មួយ​ចំនួន ដែល​វា​ជា​មេរៀន​អាច​ឲ្យ​ប្រទេស​ថៃ​អនុវត្ត​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​នៅ​ប្រទេស​ថៃបាន ។

 

ម្ល៉ោះ​ហើយ​នេះ​ជា​គំនិត​មួយ​ល្អ​សម្រាប់​ប្រទេស​ដែល​ងាយ​រង​គ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​អាច​ដក​ស្រង់​ជា​គំនិត​យោបល់​និង​យក​ជា​គំរូ​សម្រាប់​ដំណោះស្រាយ​បាន៕

 

អត្ថបទ៖ លឹម សុ​នា