ទើប​ដឹង ​តាម​ពិត​យុវជន​ដែល​ស្លាប់​ដោយ​សារ​ផ្ទុះ​កាំជ្រួច មិន​បាន​ស្ថិត​នៅ​ក្បែរ​កន្លែង​ដុត​កាំជ្រួច​ទេ

  • 2014-10-30 21:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ច្បាស់​ការ​ពី​ប្រជាពលរដ្ឋ​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា តាម​ពិត​យុវជន ណាគ្រី ដារ៉ូ ដែល​បាន​ស្លាប់​​យ៉ាង​អាណោចអាធ័ម​ដោយ​សារ​ហេតុការណ៍​ផ្ទុះ​កាំជ្រួច​​ក្នុងកាល​ពី​​យប់​មិញ​នេះ មិន​បាន​មក​ឈរ​មើល​គេ​ដុត​កាំជ្រួច​ជិត​ដោយ​ផ្ទាល់​នោះ​​ទេ គឺ​រូប​គេ​នៅ​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ​ដល់​ទៅ​ជាង ២០០ម៉ែត្រ​ឯណោះ។

 

ប្រភព​ប្រាប់​ថា មុន​ពេល​ស្លាប់ គេ​បាន​ឃើញ យុវជន ដារ៉ូ បាន​មក​អង្គុយ​ទស្សនា​កាំជ្រួច(កាំជ្រួច​ដែល​បាន​បាញ់​ឡើង​ទៅ​លើ​មេឃ) ជាមួយ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ទៀត នៅ​មាត់​ទន្លេ​ត្រើយ​ម្ខាង​ប៉ែក​ខាង​សណ្ឋាគារ​សុខា ដោយ​អង្គុយ​ទ្រាប់​ស្បែក​ផ្ទាល់​ហ្នឹង​ដី​។

 

ពេល​ឧប្បត្តិហេតុ​ផ្ទុះ​គ្រាប់​កាំជ្រួច​កើត​ឡើង ប្រភព អះអាង​ទៀត​ថា គ្រាប់​ទី​១ បាន​ហោះ​ទៅ​បុក​កញ្ចក់​សណ្ឋាគារ​សុខា​ឯណោះ។ ប៉ុន្តែ​គ្រាប់​ចុង​ក្រោយ មិន​បាន​ហោះ​ទៅ​លើ​មេឃ​តាម​ការ​គ្រោង​ទេ បែរ​ជា​ហោះ​ចូល​ក្នុង​ហ្វូង​មនុស្ស ហើយ​ក៏​បាន​​ហោះ​សំដៅ​យុវជន​រងគ្រោះ ណាគ្រី ដារ៉ូ ធ្លាយ​ពោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ហ្នឹង​កន្លែង​តែ​ម្ដង។

 

ហេតុការណ៍​ខាង​លើ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៧ និង ៣០នាទី​យប់​ថ្ងៃ​ទី​២៩ ជា​វេលា​បាញ់​កាំជ្រួច​អបអរសាទរ ព្រះ​រាជ​ពិធី​យាង​គ្រង​រាជ្យ​សម្បត្តិ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ហេតុការណ៍​បាន​បណ្ដាល​ មនុស្ស​ម្នាក់​ស្លាប់ និង​៤​ផ្សេង​ទៀត​បាន​រង​របួស។ យុវជន ណាគ្រី ដារ៉ូ មាន​វ័យ​អាយុ​២៣​ឆ្នាំ ​​មាន​​ស្រុក​កំណើត​នៅ​ឃុំ​ឈើ​ខ្មៅ​ ​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្តាល​។ រូប​គេ ជា​និស្សិត​សាកលវិទ្យាល័យ​ស៊ីតិក​៕

មនុស្ស​ ១ នាក់​ស្លាប់ និង ៤ នាក់​រង​របួស ក្នុង​ករណី​ផ្ទុះ​កាំជ្រួច ​យប់​មិញ (វីដេអូ)

 ប្រជាពលរដ្ឋ​នៅ​តែ​មក​មើល​កន្លែង​កើត​ហេតុ​នៅ​ឡើយ​ព្រឹក​នេះ

អត្ថបទ៖ ទារិកា

រូបថត៖ ទូរសព្ទ​ដៃ