KMH Champions ​យក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ជូន​គន្ធបុប្ផា

  • 2016-06-24 20:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កាំង សេន ​អ្នក​ដឹក​នាំ​ការ​ប្រកួត​ពាន​រង្វាន់ KMH Champions League ​និង KMH Cup ​បាន​នាំ​យក​ប្រាក់​ចំនួន​ ១៦ ០០០​ដុល្លារ​អាមេរិក​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​កាល​ពី​ព្រឹកមិញ​នេះ ដោយ​ប្រាក់​ទាំង​នេះ​ទទួល​បាន​ពី​ Sponsors ​នានា ​ក៏​ដូចជា​ក្លឹប​ដែល​ចូល​រួម​ប្រកួត​ផ្ទាល់។

 

 

លោក កាំង សេន ​បាន​និយាយ​ថា​៖ “​ប្រាក់​ទាំង​អស់​ដែល​យើង​មាន​នេះ គឺ​បាន​មក​ពី​អ្នក​ឧបត្ថម្ភ​នានា ក៏​ដូចជា​ក្លឹប​ចូល​រួម​ប្រកួត​ជួយ​គ្នា​មួយ​ដៃ​មួយ​ជើង។ ថវិកា​មិន​ជា​ច្រើន ប៉ុន្តែ​វា​ជា​ចំណែក​មួយ​ដែល​អាច​ជួយ​ដល់​សង្គម។ ខ្ញុំ​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត យើង​នឹង​អាច​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​នេះ​ជូន​មន្ទីរពេទ្យ"។

 

អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ខាង​លើ​បាន​បន្ថែម​ថា​នៅ​ខែ​សីហា​ខាង​មុខ​នេះ លោក​នឹង​យក​ថវិកា​មក​ជួយ​គន្ធបុប្ផា​ម្ដង​ទៀត​ដែល​អាច​មាន​ចំនួន​ ១៤ ០០០​ដុល្លារ​អាមេរិក ​ដែល​មាន​ការ​ចូល​រួម​ពី​​ក្រុម KMH All Stars ​និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ព្រោះ​នៅ​ខែ​សីហា​នេះ ក្រុម​ទាំង​ពីរ​នឹង​មាន​ប្រកួត​សប្បុរសធម៌​មួយ ក្នុង​ន័យ​ប្រមូល​ប្រាក់​ជូន​គន្ធបុប្ផា​ដូច​គ្នា។

 

មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ការ​បែងចែក​​ប្រាក់​ជា​ពីរ​ដំណាក់​កាល​យ៉ាង​នេះ គឺ​ត្រូវ​បាន​លោក កាំង សេន ​ពន្យល់​ថា​ដោយសារ​តែ​ក្រុម​ការងារ​របស់​លោក​ទទួល​បាន​ ប្រភព​ចំណូល​ពី​ការ​រៀបចំ​​ពាន​ពីរ​គឺ KMH Champions League និង KMH Cup ។ ខណៈ​ដែល​ពេល​ខាង​មុខ​មាន​ការ​ប្រកួត​មួយ​ទៀត អីចឹង​ហើយ​ទើប​តម្រូវ​ឱ្យ​មាន​ការ​ផ្ដល់​ជូន​២​ដង​តែ​ម្ដង​ ក្រែង​លើក​ទី​២​នេះ​អាច​បាន​ច្រើន​ជាង​លើក​ទី​មួយ។

 

 លោក កាំង សេន អាវខៀវ

 

នេះ​ជា​ឆ្នាំ​ទី​២ ​ហើយ​ដែល​ក្រុម​ការងារ​របស់​លោក កាំង សេន បាន​នាំ​យក​ថវិកា​មក​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​កាល​ពី​ឆ្នាំ​មុន​ប្រមូល​គ្នា​បាន​ជិត​២​ម៉ឺន​ដុល្លារ។ បុរស​វ័យ​ក្មេង​ស្រលាញ់​កីឡា​រូប​នេះ ​រំពឹង​ថា​លោក​នឹង​អាច​រៀប​ចំ​ការ​ប្រកួត KMH Champions ​បាន​បន្ដ​ទៀត​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ប្រមូល​ប្រាក់​បាន​កាន់​តែ​ច្រើន​ជួយ​ដល់​មន្ទីរពេទ្យ​ដែល​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​រាប់​ម៉ឺន​នាក់៕

 

អត្ថបទ៖ មុន្នី រម្យ