ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?

  • 2016-06-25 19:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Euro 2016 វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ​នឹង​ចាប់​ផ្ដើម​នៅ​យប់​នេះ​ហើយ ខណៈ​ដែល​​គូ​ជក់​ចិត្ត​ជាង​គេ​ គឺ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​នឹង​ត្រូវ​ប៉ះ​ក្រុម​ព័រទុយហ្គាល់ នា​វេលា​ម៉ោង​០២:០០​នាទី​រំលង​អាធ្រាត្រ។

 

​ក្រូអាត ឡើង​ដល់​វគ្គ​១៦​ក្រុម​ ដោយ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល​ D ​​បន្ទាប់​ពី​៣​ប្រកួត​ ​ឈ្នះ​២​ ស្មើ​១។ រីឯ​ព័រទុយហ្គាល់ ​​៣​ប្រកួត​ក្នុង​ពូល​ F ​ស្មើ​ទាំង​៣​ប្រកួត ប៉ុន្តែ​អាច​ឡើង​មក​វគ្គ​១៦​ក្រុម​បាន ដោយ​​ជាប់​ក្នុង​ចំណោម​ក្រុម​លេខ​៣​ល្អ​បំផុត។ ដូច្នេះ​ចាំ​មើល​ថា ​២​ក្រុម​នេះ ក្រុម​ណា​នឹង​ឡើង​ទៅ​វគ្គ​៨​​ក្រុម​បាន។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

  • ប៉ះ​គ្នា​៣​ប្រកួត​ចុង​ក្រោយ​ ​ព័រទុយហ្គាល់​ឈ្នះ​ក្រូអាត ទាំង​៣​ប្រកួត ស៊ុត​ចូល​សរុប​៦​គ្រាប់ និង​របូត​គ្រាប់​០។

 

  • ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះ​គ្នា​នៅ​ពាន​រង្វាន់​ធំ​តែ​ម្ដង​ប៉ុណ្ណោះ កាល​ Euro 96 ​ខណៈ​ដែល​ពេល​នោះ​ ព័រទុយហ្គាល់ ឈ្នះ​ក្រូអាត ៣-០។ ជួប​គ្នា​ចុង​ក្រោយ កាល​​មិត្តភាព​ឆ្នាំ​២០១៣ ព័រទុយហ្គាល់​ ឈ្នះ​ ១-០ ទៀត​ ស៊ុត​ដោយ​ Cristiano Ronaldo។

 

  • ក្រូអាត ​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ ​ក្នុង​១០​ប្រកួត​ចុង​ក្រោយ​នៅ​ពាន​រង្វាន់​ Euro (ឈ្នះ​៦ ស្មើ​៣)។ ពួកគេ​ ក៏​ជា​ក្រុម​មួយ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ នៅ​ប្រកួត​អន្តរជាតិ​១០​ប្រកួត​ចុង​ក្រោយ​ផង​ដែរ (ឈ្នះ​៨ ស្មើ​២)។

 

  • ព័រទុយហ្គាល់​ ជា​ក្រុម​ដំបូង​គេ​ ដែល​ស្មើ​ទាំង​៣​ប្រកួត នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​​នៅ​ Euro។ ពួកគេ​ លេង​​នៅ​ Euro សរុប​បាន ៣១​ប្រកួត ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​មិន​ដែល​បាន​ពាន​ទេ។

 

  • ៧​គ្រាប់​ចុង​ក្រោយ​របស់​ព័រទុយហ្គាល់ នៅ​ Euro ស៊ុត​ចូល​តែ​កីឡាករ​២​នាក់​ប៉ុណ្ណោះ​គឺ Ronaldo (៥​គ្រាប់) និង​ Nani (២​គ្រាប់)។

 

សម្ដី​គ្រូ​បង្វឹក៖

 

Ante Cacic ​​គ្រូ​បង្វឹក​ក្រូអាត៖ "យើង​នឹង​ជួប​ក្រុម​មួយ ដែល​​មាន​កីឡាករ​ល្អៗ​លក្ខណៈ​ឯកជន។ ពួកគេ​​មិន​បាន​ឈ្នះ​នៅ​ប្រកួត​ក្នុង​ពូល​មែន ប៉ុន្តែ​ពួកគេ​លេង​បាន​ល្អ​ណាស់។ បើ​យើង​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​របស់​ពួកគេ ពួកគេ​ពិត​ជា​គ្រប​លើ​គូ​ប្រកួត​​ច្រើន និង​បង្កើត​​ឱកាស​ច្រើន។ យ៉ាង​ណា ​ក្រុម​យើង ​នឹង​បន្ត​ឲ្យ​បាន​វែង​ឆ្ងាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៀត”។

 

Fernando Santos គ្រូ​បង្វឹក​ព័រទុយហ្គាល់៖ "ក្រុម​ទាំង​២​ខ្លាំង​ដូច​គ្នា ប៉ុន្តែ​ខ្ញុំ​មាន​គោលដៅ​របស់​ខ្ញុំ គឺ​ត្រូវ​តែ​ព្យាយាម និង​ឈ្នះ​ប្រកួត​នេះ​ឲ្យ​បាន។ ក្រូអាត ជា​ក្រុម​មួយ​មាន​គុណភាព​ល្អ​ ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​​ដ៏​អស្ចារ្យ​ ព្រោះ​ក្រុម​ទាំង​២​ចង់​ទៅ​វគ្គ​បន្ទាប់​ដូច​គ្នា។ ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​អាច​ឈ្នះ​ក្រូអាត”។

 

ជើង​កីឡាករ៖

 

​សម្រាប់​ក្រូអាត ខ្សែ​បម្រើ​ Luka Modric ​អាច​ត្រឡប់​មក​វិញ​ហើយ បន្ទាប់​ពី​អវត្តមាន​កាល​ឈ្នះ​អេស្ប៉ាញ ដោយ​សារ​របួស​ក្រលៀន ក្រៅ​ពី​នោះ​គ្មាន​បញ្ហា​កីឡាករ​ណា​ទៀត​ទេ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រូអាត អាច៖ Subašić; Srna, Ćorluka, Vida, Strinić; Modrić, Badelj; Brozović, Rakitić, Perišić; Mandžukić។

 

រីឯ​ព័រទុយហ្គាល់​ ​​ខ្សែ​ការពារ​ Raphael Guerreiro ​​អាច​នឹង​ចូល​លេង​បាន​វិញ បន្ទាប់​ពី​មាន​បញ្ហា​សាច់​ដុំ​ត្រូវ​អវត្តមាន​ កាល​ស្មើ​​ហុងគ្រី។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ព័រទុយហ្គាល់​ អាច៖ Rui Patrício; Vieirinha, Carvalho, Pepe, Guerreiro; William Carvalho, João Moutinho, André Gomes, João Mário; Nani, Ronaldo។

 

ព្យាករណ៍​៖ ​ក្រូអាត ១-២ ព័រទុយហ្គាល់​ , ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​វិញ?

 

*​២​គូ​ទៀត​នៅ​យប់​នេះ​​គឺ៖

 

  • ស្វីស​ vs ប៉ូឡូញ (ម៉ោង​០៨:០០​យប់)
  • វែល vs អៀរឡង់​ខាង​ជើង (ម៉ោង​១១​:០០​យប់)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA | SkySports