Rooney ​ថា​អង់គ្លេស មិន​ផ្ដោត​អារម្មណ៍​លើ​តែ Sigurdsson ​ទេ​យប់​នេះ

  • 2016-06-27 19:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​លើក​ឡើង​​មុន​ប៉ះ​ក្រុម​អ៊ីស្លង់ ​នៅ​ Euro 2016 វគ្គ​១៦​ក្រុម​យប់​នេះ​ថា អង់គ្លេស​មិន​ផ្ដោត​អារម្មណ៍​លើ​តែ តារា​ឆ្នើម​ Gylfi Sigurdsson ​របស់​ក្រុម​អ៊ីស្លង់​តែ​ម្នាក់​នោះ​ទេ តែ​ត្រូវ​ប្រយ័ត្ន​​ចំពោះ​កីឡាករ​គូ​ប្រកួត​ទាំង​អស់។

 

Wayne Rooney ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

 

Sigurdsson ​ខ្សែ​បម្រើ​ក្រុម​ Swansea City ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​អ៊ីស្លង់​ច្រើន​ជាង​គេ​ កាល​វគ្គ​ជម្រុះ​ Euro 2016 ដោយ​ស៊ុត​បាន​៦​គ្រាប់ ហើយ​កាល​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​កីឡាករ​វ័យ​​២៦​ឆ្នាំ​រូប​នេះ ក៏​ស៊ុត​​បាន​១​គ្រាប់​ទៀត​ និង​ជា​តួអង្គ​ដ៏​សំខាន់​ជួយ​ឲ្យ​អ៊ីស្លង់​ ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ពូល​ F ​ផង​ដែរ។

 

យ៉ាងណាក្ដី Rooney បាន​លើក​ឡើង​ថា​អង់គ្លេស នឹង​ផ្ដោត​អារម្មណ៍​លើ​ក្រុម​អ៊ីស្លង់​ទាំង​មូល ដោយ​មិន​ចាំបាច់​ផ្ដោត​លើ​តែ​កីឡាករ​ណា​ម្នាក់​នោះ​ទេ។ ប្រធាន​ក្រុម​ Manchester United រូប​នេះ​ បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពី​គាត់​ (Sigurdsson) ទេ។ គាត់​ជា​កីឡាករ​អស្ចារ្យ និង​លេង​បាន​យ៉ាង​ល្អ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នៅ​ Premier League”។

 

“គាត់​ជា​កីឡាករ​ដែល​គ្រោះ​​ថ្នាក់​ម្នាក់។ គាត់​អាច​ស៊ុត​បញ្ចូល​ទី​​បាន​រហ័ស​ទាំង​​បាល់​ជិត​ និង​បាល់​ពី​ចម្ងាយ។ ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​កាល​ពី​​ដើម​​ចឹង​ គឺ​យើង​នឹង​ផ្ដោត​អារម្មណ៍ ​ទៅ​លើ​ក្រុម​អ៊ីស្លង់​ទាំង​មូល មិន​មែន​តែ​កីឡាករ​ម្នាក់​នោះ​ទេ”។ ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម​ បន្ថែម។

 

ក្រុម​តោ​កំណាច​អង់គ្លេស នឹង​ប៉ះ​អ៊ីស្លង់​​នៅ​កីឡដ្ឋាន​ Allianz Riviera ​ទី​ក្រុង​ Nice ​​នា​វេលា​ម៉ោង​០២:០០​រំលង​អាធ្រាត្រ​យប់​នេះ​ ​ហើយ​ក្រុម​ណា​ឈ្នះ​ នឹង​ឡើង​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ​បារាំង នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ SkySports