សឿ សុធារ៉ា រៀបរាប់​ពី​​តម្លៃ​ខ្លួន​ក្នុង​សិល្បៈ​

  • 2016-06-28 16:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ សឿ សុធារ៉ា បាន​ថ្លែង​មក​កាន់​ Sabay នា​​ឱកាស​​​មង្គល​ ថន ដារ៉ា ​ថា​ ​តម្លៃ​ខ្លួន​សិល្បៈ​នាង​ថេរ​មិន​មាន​ការ​ប្រែ​ប្រួល​​​ឡើយ ​បើ​ទោះ​ជា​វិស័យ​សិល្បៈ​មាន​ការ​រីក​ចម្រើន​ជាង​មុន​ ក៏​ពិត​មែន​។

 

ភរិយា​លោក សាពូន មីដាដា ថ្លែង៖ "ចាស​អូន​ ចំពោះ​តម្លៃ​ខ្លួន​បង​ ដូច​គេ​ដូច​ឯង​ មិន​ខុស​ពី​គេ​ប៉ុន្មាន​ទេ ធម្មតាៗ​អូន"។

 

ទន្ទឹម​នឹង​វិស័យ​សិល្បៈ​កំពុង​តែ​រីក​ចម្រើន​​ ហើយ​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​មាន​ការ​​​អភិវឌ្ឍ​ និង​មាន​ការងារ​ធ្វើ​ច្រើន​ ក្នុង​នោះ​ សឿ សុធារ៉ា ប្រាប់​ថា​ មិន​ដែល​នឹក​ថា​ នឹង​តម្កើង​តម្លៃ​ខ្លួន​ឡើយ​ ជាក់​ស្តែង​​អា​ស្រ័យ​ទៅ​លើ​​ប្រភេទ​ការងារ​ដែល​គេ​ផ្ដល់​ឲ្យ​​ប៉ុណ្ណោះ។

 

 

"ខ្ញុំ​ស្រលាញ់​សិល្បៈ​ណាស់​ ស្រុក​ខ្មែរ​យើង​ពេល​ធ្វើ​អ្វី​ គឺ​ស៊ីសង​នឹង​ខ្លួន​របស់​យើង​ដែរ​ ដូច្នេះ​មុន​នឹង​ទទួល​ការងារ​អ្វី​មួយ ​ក៏​ត្រូវ​ពិនិត្យ​មើល​សិន​ដែរ​ ថា​សម​នឹង​យើង​ដែរ​អត់​ មិន​មែន​ចេះ​តែ​ធ្វើ​នោះ​ទេ នេះ​សម្រាប់​ខ្ញុំ"។ តួ​ស្រី​ក្នុង​រឿង "មាយាស្រ្តី" បន្ថែម។

 

ទោះ​បី​ជា​យ៉ាង​ណា​​​តារា​សម្តែង​រូប​នេះ ​​មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​សិល្បៈ​ពិត​ប្រាកដ​ប៉ុណ្ណា​នោះ​ឡើយ​ គ្រាន់​តែ​នាង​អះ​អាង​ថា​ បើ​ការងារ​នោះ​គេ​ឲ្យ​តម្លៃ​ថ្លៃ​​ ប៉ុន្តែ​ប្រភេទ​នៃ​ការងារ​មិន​សម​នឹង​ខ្លួន​នាង​ ក៏​នាង​មិន​ទទួល​ដែរ៕

 

អត្ថបទ៖ ថា ម៉ាលីដា​​