ប៉ូឡូញ ជា​ក្រុម​មួយ​ឡើង​ដល់​វគ្គ​​៨​ក្រុម​នៅ Euro 2016 យ៉ាង​ភ្ញាក់​ផ្អើល

  • 2016-06-29 13:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ​​​បាន​ឡើង​លេង​ Euro ៣​សម័យ​កាល​​នៅ​ឆ្នាំ​២០០៨, ២០១២ និង​២០១៦​​ ប៉ុន្តែ​ពួកគេ​បាន​​បង្កើត​កំណត់ត្រា​​ដ៏​អស្ចារ្យ​ អាច​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ ​នៅ​ឆ្នាំ​២០១៦​នេះ។

 

ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ

 

១. Euro 2008៖

 

 

កាល​ឆ្នាំ​២០០៨ ប៉ូឡូញ​បាន​ឡើង​លេង​នៅ​ Euro ជា​លើក​ដំបូង​ដែល​ពេល​នោះ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ក្រូអាត អាល្លឺម៉ង់ និង​ម្ចាស់​ផ្ទះ​អូទ្រីស។ ឆ្លង​កាត់​៣​ប្រកួត​ក្នុង​ពូល​ ប៉ូឡូញ​​បាន​ចាញ់​អាល្លឺម៉ង់ ២-០, ស្មើ​អូទ្រីស​ ១-១ និង​ចាញ់​​ក្រូអាត ១-០។ ដូច្នេះ​សរុប​មក ៣​ប្រកួត​បាន​តែ​១​ពិន្ទុ ស្ថិត​នៅ​បាត​តារាង​គេ ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។

 

២. Euro 2012៖

 

 

​ឆ្នាំ​២០១២ ប៉ូឡូញ​​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​សហ​​ម្ចាស់​ផ្ទះ​ Euro ជាមួយ​​ប្រទេស​អ៊ុយក្រែន និង​ស្ថិត​នៅ​ពូល​ A ជាមួយ​ក្រុម​សាធារណ​រដ្ឋឆេក ក្រិក និង​រុស្សី។ ឆ្លង​កាត់​៣​ប្រកួត​ក្នុង​ពូល​​ស្មើ​ក្រិក​ ១-១, ស្មើ​រុស្សី ១-១ និង​ចាញ់​​សាធារណរដ្ឋឆេក ១-០។ សរុប​មក ៣​ប្រកួត ​បាន​ត្រឹម​២​ពិន្ទុ នៅ​បាត​តារាង ធ្លាក់​វគ្គ​ចែក​ពូល​​​ជា​លើក​ទី​២។

 

៣. Euro 2016៖

 

 

Euro 2016 នៅ​ប្រទេស​បារាំង​ឆ្នាំ​នេះ​ ប៉ូឡូញ​​ជាប់​វគ្គ​ជម្រុះ​ឡើង​មក​លេង​ជា​លើក​ទី​៣ ​ដោយ​នៅ​ពូល​ C ជាមួយ​ក្រុម​អាល្លឺម៉ង់ អៀរឡង់​ខាង​ជើង និង​អ៊ុយក្រែន។ ​៣​ប្រកួត​ក្នុង​ពូល ប៉ូឡូញ​​បាន​យក​ឈ្នះ​​អៀរឡង់​ខាង​ជើង​ ១-០, ស្មើ​ជាមួយ​ក្រុម​ជើង​ឯក​ World Cup 2014 អាល្លឺម៉ង់​ ០-០ ​​និង​ឈ្នះ​អ៊ុយក្រែន ១-០ ទៀត។ សរុប​មក ប្រកួត​បាន​៧​ពិន្ទុ ស្ថិត​នៅ​លេខ​២​ក្នុង​ពូល អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម។

 

នៅ​វគ្គ​១៦​ក្រុម​ ប៉ូឡូញ​បាន​បន្ត​ឈ្នះ​ស្វីស ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៥-៤ បន្ទាប់​ពី​បញ្ចប់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដោយ​លទ្ធផល​ស្មើ​គ្នា​ ១-១។

 

៤. អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​នៅ​ Euro 2016 និង​តារា​ល្បី​របស់​ក្រុម៖

ខ្សែ​បម្រើ​ស្លាប​​វ័យ​៣០​ឆ្នាំ Jakub Błaszczykowski​ ​​របស់​​ក្លឹប​ Borussia Dortmund ​​ស៊ុត​ឲ្យ​ប៉ូឡូញ​ច្រើន​គ្រាប់​ជាង​គេ​ (២គ្រាប់) នៅ​ Euro 2016 នេះ​ ដោយ​គ្រាប់​ដំបូង​ស៊ុត​ចូល​អ៊ុយក្រែន កាល​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល និង​គ្រាប់​ទី​២ ស៊ុត​ស្វីស​នៅ​វគ្គ​១៦​ក្រុម។

 

រីឯ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Robert Lewandowski ​​របស់​ក្លឹប​ Bayern Munich ​ដែល​ឈ្នះ​ស្បែក​ជើង​មាស​ អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​នៅ​ Bundesliga (៣២​ប្រកួត, ស៊ុត​៣០​គ្រាប់) ​​រដូវ​កាល​២០១៥-២០១៦​កន្លង​ទៅ​នេះ នៅ​មិន​ទាន់​រក​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​ប៉ូឡូញ បាន​នៅ​ឡើយ​ទេ សម្រាប់​ព្រឹត្តិការណ៍​ Euro 2016 នេះ។

 

​ចំណែក​ឯ​​វគ្គ​៨​ក្រុម​ Euro 2016 ​ប៉ូឡូញ​នឹង​ត្រូវ​ប៉ះ​ក្រុម​ព័រទុយហ្គាល់ នៅ​​​​យប់​ថ្ងៃ​សុក្រ​ខាង​មុខ​ ​​វេលា​ម៉ោង​០២:០០​រំលង​អាធ្រាត្រ។ ដូច្នេះ​ចាំ​មើល​ថា ពួកគេ​អាច​នឹង​បង្កើត​កំណត់ត្រា​អស្ចារ្យ​ទៀត​ បន្ត​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ឬ​យ៉ាង​ណា៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ SkySports | wiki