ក្រសួង​វប្បធម៌ ទទួល​យក​ញត្តិ​ និង​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ចំណាត់​ការបណ្ដឹង​របស់ វ៉ាន់ នីឡា

  • 2016-06-29 00:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយ​តប​នឹង​ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​វប្បធម៌​រសៀល​នេះ​ពី​កញ្ញា វ៉ាន់ នីឡា ដែល​ជា​ជន​រងគ្រោះ​ក្នុង​ករណី​បញ្ចេញ​រូបភាព​អាក្រាត​របស់​នាង​ដោយ​ជន អនាមិក ក្រសួង​បាន​ទទួល​យក​ញត្តិ​នោះ​ហើយ ហើយ​ថែម​ទាំង​បាន​សន្យា​ថា នឹង​ជួយ​សម្រួល​តាម​មើល​ករណី​នេះ​ផង។

 

 

ឯកឧត្ដម ថៃ នរៈសត្យា តាង​នាម​ឲ្យ​លោក​ជំទាវ​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ញត្តិ​ពី វ៉ាន់ នីឡា អម​ដំណើរ​ដោយ​សមាគម​សិល្បករ រួម​ជាមួយ​សិល្បករ សិល្ប​ការិនី​មួយ​ចំនួន​ទៀត ក្រសួង​សូម​ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ចដែល​កំពុង​ដំណើរ​ការ​បណ្ដឹង សូម​ជួយ​ពន្លឿន​ចំណាត់​ពី​បណ្ដឹង​នេះ ដើម្បី​ឲ្យ​តារា​ចម្រៀង វ៉ាន់ នីឡា បាន​ទទួល​នូវ​យុត្តិធម៌។

 

ឯកឧត្ដម នៅ​បន្ត​ទៀត​ថា ក្រសួង​នឹង​ចាំ​ឃ្លាំ​មើល​ពី​ដំណើរ​ការ​បណ្ដឹង​មួយ​នេះ​ផង​ដែរ ជាមួយ​នឹង​ការ​លើក​សរសើរ​ពី​ភាព​រឹង​មាំ​របស់​កញ្ញា វ៉ាន់ នីឡា ផង ដែល​តាំង​ចិត្ត​មុតមាំ​ប្រឈម​នឹង​បញ្ហា​ដែល​កើត​ឡើង។ ងាក​មក​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​ជូន​ដំណើរ វ៉ាន់ នីឡា យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​អ្វី​ដែល​លោក​ចង់​បាន និង​សង្ឃឹម​ថា ចំណាត់​លើ​បណ្ដឹង​របស់​តារា​ចម្រៀង​រង​គ្រោះ ឆាប់​ទទួល​បាន​លទ្ធផល។

 

 

សាមី​ខ្លួន វ៉ាន់ នីឡា បាន​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​ថា នាង​មាន​អារម្មណ៍​កក់​ក្ដៅ ចំពោះ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​ក្រសួង។ កញ្ញា បញ្ជាក់​ថា បាន​ស្គាល់​ច្បាស់​នូវ​បុគ្គល​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង ប៉ុន្តែ​អ្វី​ៗ​ត្រូវ​រង់​ចាំ​អន្តរាគមន៍​ពី​តុលាការ​ដោយ​ផ្អែក​លើ​ភស្តុតាង​នានា​សិន។

 

នៅ​រសៀល​នេះ ដឹក​នាំ​ដោយ​សមាគម​សិល្បករ វ៉ាន់ នីឡា បាន​យក​ញត្តិ​ថ្កោល​ទោស​ជន​ល្មើល ដែល​មាន​ស្នាម​មេដៃ​របស់​សិល្បករ​ខ្មែរ​ប្រមាណ​ជា ៣០០​នាក់​ដាក់​ជូន​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ តាម​ញត្តិ​នេះ គឺ​ដើម្បី​សុំ​ការ​គាំទ្រ​ចំពោះ​​ចំណាត់​ការ​របស់​សមត្ថកិច្ច​លើ​ករណី​របស់​កញ្ញា វ៉ាន់ នីឡា៕

 

អត្ថបទ៖ ទារិកា

Video Live៖ សំ ជំនាញ

អត្ថបទថ្មី