ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម ​​មាន​ស្នាដៃ​ច្រើន​ និង​​កម្រិត​សិក្សា​មិន​ធម្មតា​

  • 2016-07-01 14:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក តឹក​ ប៊ុន​វី ម្ចាស់​មេដាយ​មាស​​កាយ​វប្បកម្ម​​អាស៊ាន​​​ឆ្នាំ​២០១៦ ដែល​ទើប​ដណ្ដើម​បាន​នៅ​ប្រទេស​ថៃ​កាល​ពី​ពេល​ថ្មី​ៗ នេះ​បាន​បញ្ចប់​កម្រិត​សិក្សា​អនុបណ្ឌិត​​ផ្នែក​សេដ្ឋកិច្ច​ ​​និង​​​បាន​បង្កើត​​​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​​ និង​​ក្នុង​ស្រុក​ច្រើន​យ៉ាង​ច្រើន​។

 

 

ពេល​វេលា​ចាប់​ផ្ដើម​ហ្វឹកហាត់​​ ​អគ្គ​លេខាធិការ​​នៃ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​​​រូប​នេះ​​បាន​​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​កាយ​វប្បកម្ម​ក្នុង​កំឡុង​ឆ្នាំ​២០០៧។ ដំបូង​ឡើយ​លោក​គិត​ថា ហ្វឹកហាត់​គ្រាន់​តែ​​ដើម្បី​សុខភាព​​ប៉ុណ្ណោះ ប៉ុន្តែ​​​ដោយ​សារ​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​មើល​ឃើញ​ថា មាន​សាច់​ល្អ ​ទើប​សម្រេច​ចូល​រួម​ជា​សមាជិក​ក្នុង​ប្រភេទ​កីឡា​នេះ​តែ​ម្ដង។ ​​ ​  

លោក​ត្រូវ​បាន​ជាប់​ជា​ជម្រើស​ជាតិ​កាយ​វប្បកម្ម​កម្ពុជា​ កាល​ពី​ឆ្នាំ​​២០១១។ ​ក្រោយ​ពេល​ជាប់​ជា​ជម្រើស​ជាតិ​លោក​ត្រូវ​បាន​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​​តំណាង​ឲ្យ​កម្ពុជា​​ជា​ច្រើន​លើក​ផង​ដែរ។

 

 

​​ជីវប្រវត្តិ​គ្រូ​សារ​ ​លោក​ តឹក ប៊ុន​វី ​មាន​បង​ប្អូន​បង្កើត​ចំនួន ៧​នាក់​ ​លោក​ជា​កូន​ទី៤ ក្នុង​គ្រួសារ។ ​លោក​មាន​ឪពុក​ឈ្មោះ ស៊ោម ឃាង ​និង​ម្ដាយ​ឈ្មោះ ជា​ ធួក ​​​សព្វ​ថ្ងៃ​លោក​ទាំង​ពីរ​កំពុង​រស់​នៅ​ខេត្ត​សៀម​រាប។

 

​កុមារា ប៊ុន​វី ​​កើត​​នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ​ឆ្នាំ​១៩៧៥ ​​ទីកន្លែង​កំណើត​នៅ​ទី​រួម​ខេត្ត​សៀម​រាប​។ មក​ដល់​ពេល​នេះ​រូប​គេ​​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ម្នាក់ បន្ទាប់​ពី​រៀប​ការ​ជា​មួយ​ប្រពន្ធ​ឈ្មោះ ហាក់​​ ស្រី​ទូច កាល​ពី​ឆ្នាំ​២០០៦។

 

 

កម្រិត​សិក្សា និង​ប្រវត្តិ​ការងារ ​ឈាន​ដល់​វ័យ​ប្រហែល​ ៦​​ឆ្នាំ​​ កុមារា​​ ប៊ុន​វី​ បាន​ចូល​​​រៀន​នៅ​សាលា​បឋម​សិក្សា​គំរូ​ស្រុក​ជីក្រែង​​​​នា​ឆ្នាំ​១៩៨០​។ រហូត​ដល់​ឆ្នាំ​ ១៩៨៦ រូប​គេ​ក៏​បាន​ចូល​រៀន​នៅ​​អនុ​វិទ្យាល័យ​​កំពង់​ក្ដី​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប។

 

ប្រឡង​​​បឋម​ភូមិ​បាន​ជោគជ័យ​ ប៊ុន​វី បន្ត​ចូល​រៀន​វិទ្យាល័យ​ ១០​មករា ១៩៧៩ ​នៅ​ខេត្ត​សៀម​រាប នា​ឆ្នាំ​១៩៨៩។ ​ដល់​ឆ្នាំ​១៩៩២ ​យុវជន​​​សកម្ម​ និង​ការ​សិក្សា​រូប​នេះ​បាន​ប្រឡង​ទុតិយភូមិ​ជាប់​ ក៏​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ផ្នែក​​សេដ្ឋកិច្ច​ នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង​។ ក្រោយ​​បញ្ចប់​បរិញ្ញាបត្រ​​សេដ្ឋកិច្ច​​នា​ឆ្នាំ​១៩៩៩ ​លោក​សម្រេច​ចូល​រៀន​អនុ​បណ្ឌិត​ផ្នែក​នេះ​បន្ត​ទៀត ​រហូត​បញ្ចប់​យ៉ាង​ជោគជ័យ​នា​ឆ្នាំ​២០០៣។

 

​​ឆ្នាំ​​១៩៩២ ប៊ុន​​វី ធ្វើការ​​នៅ​អង្គរ​ការ​ស្បៀង​អាហារ​ពិភពលោក​ រហូត​ដល់​ឆ្នាំ​១៩៩៤ រូប​គេ​បាន​ចូល​ខ្លួន​បម្រើ​ការ​​ងារ​ជា​អង្គរក្ស​​។ ​​ក្រៅ​ពី​ការ​ងារ​​ទាំង​នេះ ម្ចាស់​មេដាយ​មាស​​​​​​​​ប្រចាំ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤ រូប​នេះ​បាន​ធ្វើការ​​ឲ្យ​ក្រុមហ៊ុន​ថ្នាំ​ពេទ្យ​មួយ ​អស់​រយៈ​ពេល​​ជាង​ ១០​ឆ្នាំ​​គិត​មក​ដល់​បច្ចុប្បន្ន។

 

 

​​ស្នាដៃ ​​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​​រូប​នេះ​​​មានស្នាដៃ​​ច្រើន។​​ ​លោក​បាន​ចូល​​​​ខ្លួន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​ក្នុង​កម្មវិធី​​មួយ​នៅ​ប្រទេស​ថៃ​​​នា​ឆ្នាំ​២០១២​ ពេល​នោះ​ដណ្ដើម​បាន​លេខ៤។ នា​ឆ្នាំ​ ២០១៣ កីឡាករ​រូប​នេះ​ចូលរួម​ប្រកួត ស៊ីហ្គេម ​នៅ​មីយ៉ាន់ម៉ា ដោយ​ដណ្ដើម​បាន​លេខ៥។ ​  

ចុង​​ឆ្នាំ​២០១៣​​​ ប៊ុន​វី ចូល​រួម​ប្រកួត​កីឡា​កាយ​​វប្បកម្ម​​ជើង​ឯក​ទ្វីប​អាស៊ី ​និង​ដណ្ដើម​បាន​លេខ​ ៥​។ ​រហូត​ដល់​ឆ្នាំ​២០១៤ លោក​កាន់​តែ​ធ្វើ​បាន​ល្អ ដោយ​ដណ្ដើម​បាន​លេខ ៣​​ក្នុង​កម្មវិធី​ជើង​ឯក​​អាស៊ីអាគ្នេយ៍​ជូន​កម្ពុជា​ម្ដង​ទៀត។ ​​ងាក​មក​​ការ​ចូល​រួម​ប្រកួត​ក្នុង​ស្រុក​វិញ​កីឡាករ​រូប​នេះ​តែង​ដណ្ដើម​បាន​លេខ ១​រាល់​ឆ្នាំ​​តាំង​ពី​ឆ្នាំ​២០១២ ​មក​ម្ល៉េះ។

 

​​​ចុង​ក្រោយ​លោក​​​ តឹក​ ប៊ុន​វី សូម​​សំណូមពរ​ដល់​​ប្រជា​ជន​កម្ពុជា ​មេត្តា​ងាក​មក​លើក​ទឹក​ចិត្ត​ដល់​វិស័យ​កីឡា​នេះ​ផង។ ងាក​ទៅ​យុវជន​កម្ពុជា​វិញ​​ គួរតែ​ចូល​រួម​លេង​កីឡា​​​ទាំង​អស់​គ្នា ​សម្រាប់​កីឡា​កាយ​វប្បកម្ម​​ នឹង​ទទួល​បាន​រង្វាន់​​ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ដែរ ប្រសិន​បើ​​កីឡាករ​ណា​ម្នាក់​​​​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ៕

 

តឹក ប៊ុន​វី លើក​ដៃ​សំពះ​​

 

អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​​​ រូប​ថត​៖ តឹក ប៊ុនវី​