គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ

  • 2016-07-01 21:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វែល​នឹង​ប៉ះ​​​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ​នា​កីឡដ្ឋាន​ Stade Pierre-Mauroy ស្ថិតនៅ​ Villeneuve-d'Ascq ភាគ​ខាងជើង​ប្រទេស​បារាំង។

 

មុន​ការ​ឈាន​ដល់​វគ្គ​៨ក្រុម​ចុង​ក្រោយ​នេះ​វែល​បាន​ឈ្នះ​អៀរឡង់​ខាង​ជើង​ក្នុង​លទ្ធផល​ ១-០ ខណៈ​ក្រុម​ខ្លាំង​បែលហ្សិក​បាន​យក​ឈ្នះ​ហុងគ្រី​ដោយ​លទ្ធផល​ ៤-០ កាល​ពី​វគ្គ​១៦ក្រុម​ចុងក្រោយ​កម្ម​វិធី​អឺរ៉ូ។ ក្រុម​ទាំង​២​នេះ​មួយ​ណា​ឈ្នះ​នឹង​ឡើង​ទៅ​ប៉ះ​ព័រទុយហ្គាល់​ដែល​រង​ចាំ​ស្រាប់​ក្រោយ​ឈ្នះ​ប៉ូឡូញ​យប់​មិញ។

 

ប្រវត្តិ​ជួប​គ្នា​និង​ស្ថិតិ​មួយ​ចំនួន

  • ជំនួប​រវាង​គូ​នេះ​ ១២លើក​ បែលហ្សិក​ធ្លាប់​ឈ្នះ​៥ ស្មើ​៣ និង​ចាញ់​៤។

  • នៅ​វគ្គ​ជម្រុះ​អឺរ៉ូ​២០១៦នេះ ក្រុម​ទាំង​២ធ្លាប់​ប៉ះ​គ្នា​ដោយ​បែលហ្សិក​បាន​ត្រឹម​ស្មើ​០-០ ប៉ុណ្ណោះ​នៅ​ទឹកដី​ខ្លួនឯង​ រីឯ​វែល​បាន​យក​ឈ្នះ​១-០ ក្នុង​ទីក្រុង​ Cardiff ស៊ុត​បញ្ចូល​ទី​ដោយ Gareth Bale​។

  • ការ​ប៉ះ​គ្នា​យប់​នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​វែល និង​បែលហ្សិក​ប្រកួត​គ្នា​ក្នុង​ពាន​រង្វាន់​ធំ។

 

សំដី​គ្រូ​បង្វឹក​៖

លោក Chris Coleman គ្រូ​បង្វឹក​វែល៖ "យើង​មិន​និយាយ​មើល​ងាយ​ក្រុម​ណា​ទេ តែ​យើង​នឹង​ដណ្ដើម​ឱកាស​នេះ​ដូច​ដែល​យើង​បាន​ឆ្លង​ផុត​កន្លង​មក​។ ការ​ប៉ះ​បែលហ្សិក​គឺ​ជា​ការ​ធ្វើ​តេស្ត​ដ៏​ធំ​ ជា​ការ​ល្បង​សមត្ថភាព​ដែល​យើង​ធ្លាប់​ជួប​រួច​ហើយ​»។

 

លោក Marc Wilmots គ្រូ​បង្វឹក​បែលហ្សិក៖ «ពួក​យើង​ពេល​នេះ​ស្ថិត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។ ការ​ប្រកួត​ជាមួយ​ហុងគ្រី​កន្លង​ផុត​ទៅ​ហើយ​ ដូច្នេះ​បែលហ្សិក​ត្រូវ​ផ្ដោត​លើ​ការ​ជួប​វែល។ យើង​ត្រូវ​តែ​រក្សា​ការ​លេង​ដែល​យើង​ធ្វើ​បាន​ល្អ​កន្លង​មក។ ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ឲ្យ​កីឡាករ​ទាំង​អស់​ឈរ​លើ​ជើង​ខ្លួន​ឯង​ហើយ​ប្រឹង​ប្រែង»។

 

ជើង​កីឡាករ៖

វែល​៖ គ្មាន​បញ្ហា​កីឡាករ​នោះ​ទេ ដូច្នេះ​ជម្រើស​១១នាក់​ដំបូង​អាច៖ Hennessey; Gunter, Chester, Williams, Davies, Taylor; Allen, Ledley; Ramsey, Bale; Robson-Kanu។

 

បែលហ្សិក៖ មាន​បញ្ហា​កីឡាករ​មួយ​ចំនួន​ដូចជា Vermaelen ត្រូវ​ជាប់​ពិន័យ, Vertonghen របួស.កជើង ហើយ​Hazard ដែល​មាន​បញ្ហា​សាច់​ដុំ​នៅ​មិន​ទាន់​ច្បាស់​ថា​លេង​បាន​នៅឡើយ​ដូច្នេះ​ជម្រើស​១១​នាក់​របស់​ពួកគេ​អាច​ជា៖ Courtois; Meunier, Alderweireld, Ciman/Denayer, J Lukaku; Witsel, Nainggolan; Mertens/Carrasco, De Bruyne, Hazard; R Lukaku៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ វែល ០-១ បែលហ្សិក ចុះ​អ្នក​គាំទ្រ​វិញ​យល់យ៉ាងណា​ដែរ?

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ UEFA