ក្មេង​ស្រី​ ១០​ឆ្នាំ​ ឈ្នះ​បាន​អាហារូបករណ៍​​ផ្នែក​​​បណ្ឌិត ដើម្បី​បង្កើត​រ៉ូបូត​

  • 2016-07-02 17:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​វ័យ​ ១០​ឆ្នាំ​មួយ​រូប​ឈ្មោះ​ Eva ​​ឈ្នះ​បាន​នូវ​អាហារូបករណ៍​ដែល​​​បង្កើត​ឡើង​សម្រាប់​សិស្ស​បណ្ឌិត បន្ទាប់​ពី​​គោលបំណង​របស់​នាង​បាន​ដឹង​ឮ​ទៅ​ដល់​​អ្នក​បង្កើត​កម្មវិធី​អាហារូបករណ៍​នេះ។

 

 

ក្មេង​ស្រី​សញ្ជាតិ​បារាំង​​ខាង​លើ​នេះ​​បាន​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ពី​កម្មវិធី​ Summer Innovation Fellowship បង្កើត​ឡើង​ដោយ​​ភ្នាក់ងារ​ឌីជីថល​ Five by Five ដោយ​នាង​បាន​សូម​ឲ្យ​ពួក​គេ​ជួយ​លើ​គម្រោង​ការ​នាង​ ដោយ​​ចង់​បង្កើត​រ៉ូបូត​ដែល​អាច​បង្កើត​គំនូរ​លើ​ដង​ផ្លូវ​បាន។

 

Eva បាន​សរសេរ​រៀបរាប់​លើ​ពាក្យ​ស្នើសុំ​ដូច​នេះ​ថា​៖ "ដង​ផ្លូវ​នៃ​ទីក្រុង​ប៉ារីស​មើល​ទៅ​ដូច​កម្សត់​ណាស់។ ខ្ញុំ​ចង់​បង្កើត​រ៉ូបូត​មួយ​ដែល​អាច​​ធ្វើ​​ឲ្យ​ដង​ផ្លូវ​ទាំង​នោះ​ប្រែ​ជា​រីករាយ​បាន។ ខ្ញុំ​កំពុង​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​លើ​រ៉ូបូត​ Thymio ប៉ុន្តែ​ខ្ញុំ​ជួប​ប្រទះ​បញ្ហា​ខ្លះ។ ខ្ញុំ​ចង់​ចូល​រួម​កម្មវិធី​អាហារូបករណ៍​ ដូច​នេះ​អ្នក​​បង្ហាត់​បង្ហាញ​នឹង​អាច​ជួយ​ខ្ញុំ​បាន"។

 

បន្ទាប់​ពី​ឃើញ​ការ​រៀបរាប់​នេះ​ Kat Borlongan ស្ថាបនិក​ភ្នាក់ងា​ Five by Five បាន​សរសេរ​តប​ទៅ​វិញ​ថា៖ "ខ្ញុំ​សរសេរ​ទៅ​កាន់​ប្អូន​ដោយ​ផ្ទាល់​ព្រោះ​ថា​ពាក្យ​ស្នើសុំ​របស់​ប្អូន​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​យ៉ាង​ខ្លាំង។ ប្អូន​បាន​និយាយ​ដោយ​បើក​ចំហ​ថា​មាន​បញ្ហា​ជា​មួយ​រ៉ូបូត ហើយ​ត្រូវ​ការ​ជំនួយ។ នេះ​ជា​ការ​ទទួល​ស្គាល់​ដ៏​ក្លាហាន​មួយ ហើយ​វា​ជំរុញ​ឲ្យ​ពួក​យើង​ព្រម​ទទួល​យក​គម្រោងការ​ប្អូន"។

 

​ក្រៅ​ពី​បាន​សុំ​ជំនួយ ​ Eva បាន​បង្កើត​​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​វៃ​ឆ្លាត​មួយ​​រួច​មក​ហើយ។ នាង​បាន​ព្រីន​ 3D នូវ​កង់​​ និង​​​កន្លែង​​ដាក់​ដី​ស​​សម្រាប់​រ៉ូបូត​ Thymio របស់​នាង​ ហើយ​បាន​សរសេរ​កូដ​បញ្ជា​ឲ្យ​រ៉ូបូត​នោះ​​គូរ​រូបរាង​ផ្កាយ​ថែម​ទៀត​ផង៕​

 

​​​​​​​​​ចុច​អាន​៖ ជនជាតិ​ឥណ្ឌា​កាន់​តែ​ច្រើន ​ឡើង​កាន់​កាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​អាមេរិក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Telegraph