និស្សិត​​ស្រី​ចិន​រៀន​នៅ​ក្រៅ​ប្រទេស ឆ្លៀត​រក​លុយ​បាន​ជាង​៣​ពាន់​ដុល្លារ ក្នុង​មួយ​សប្ដាហ៍

  • 2016-07-04 17:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​នេះ និស្សិត​ចិន​ជា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​តែ​បង្កើត​សំណាង​តូច​មួយ​សម្រាប់​ខ្លួន​ឯង ដោយ​ការ​លក់​ផលិតផល​ទារក វីតាមីន ទឹកឃ្មុំ Manuka និង​ផលិតផល​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត ទៅ​ឲ្យ​មិត្ត​ភក្តិ និង​សាច់ញាតិ​របស់​ខ្លួន តាម​រយៈ​បណ្ដាញ​សង្គម WeChat។

 

 

ជាក់ស្ដែង​ដូចជា​កញ្ញា លីន វ័យ២៥ឆ្នាំ អាច​រក​ចំណូល​បាន​រហូត​ដល់​ទៅ ជាង​៣​ពាន់​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ខណៈ​និស្សិត​សកលវិទ្យាល័យ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ភាគ​ច្រើន អាច​រក​ចំណូល​បាន​ត្រឹមតែ ២៣​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង។ ជា​រៀង​រាល់​ថ្ងៃ កញ្ញា លីន ត្រូវ​បង្ហោះ​រូបថត​ផលិតផល ទៅ​ក្នុង​គណនី WeChat របស់​នាង ហើយ​អ្នក​ទិញ​អាច​ផ្ញើ​សារ​សួរ​នាង ពី​តម្លៃ​នៃ​ផលិតផល​ដែល​ពួក​គេ​ចង់​ទិញ​។ ប្រតិបត្តិការ​ទិញ​លក់​តាម​រយៈ​បណ្ដាញ​អនឡាញ​នេះ អាច​ធ្វើ​ទៅ​បាន​យ៉ាង​ងាយ​ស្រួល ដោយ​អ្នក​ប្រើ​ប្រាស់ ផ្ទេរ​លុយ​តាម​កម្មវិធី​ផ្ទេរ​លុយ នៅ​លើ​បណ្ដាញ​សង្គម WeChat។ បន្ទាប់មក កញ្ញា លីន ដើរ​ទិញ​ផលិតផល និង​ផ្ញើ​ទៅ​ឲ្យ​អតិថិជន​នៅ​ក្នុង​ប្រទេស​ចិន​វិញ​ជា​ការ​ស្រេច។

 

​ស្ដាប់​ទៅ​​ហាក់​ដូច​ជា​ងាយ​ស្រួល ប៉ុន្តែ​កញ្ញា លីន បាន​និយាយ​ថា ប្រភព​នៃ​ផលិតផល​និមួយៗ ត្រូវ​ចំណាយ​ពេល​ច្រើន​​ដើម្បី​ដើរ​ទិញ ខណៈ​ផលិតផល​ដែល​អតិថិជន​កុម្ម៉ង់​ទិញ​ខ្លះ តម្រូវ​ឲ្យ​ដើរ​រក​ទិញ​នៅ​ក្នុង​ហាង​ខុសៗ​គ្នា​ក៏​មាន​ដែរ។ ជាង​នេះ​ទៅ​ទៀត នាង​ត្រូវ​ឆ្លើយ​តប​ជាមួយ​នឹង​អតិថិជន​គ្រប់​ពេល​វេលា​ទាំងអស់ ទោះ​បី​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​ដោយ។ នាង​អាច​ចំណេញ​បាន​ពី ៥ ទៅ ១០​ដុល្លារ ពី​ផលិតផល​និមួយៗ។

 

យ៉ាងណាមិញ វា​អាច​ជា​រឿង​ភ្ញាក់ផ្អើល​មួយ ដែល​និស្សិត​ស្រី​រូប​នេះ អាច​រក​ចំណូល​បាន​ច្រើន​បែបនេះ ខណៈ​នៅ​ក្នុង​ប្រទេស​ចិន មាន​ទីផ្សារ​អនឡាញ​ដ៏​ធំ​មួយ គឺ Taobao ដែល​មាន​លក់​ផលិតផល​អស់​ទាំង​នេះ​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​ប្រហែល​ជា​មក​ពី​ការ​ជឿ​ទុកចិត្ត​លើ កញ្ញា លីន ហើយ​មនុស្ស​ភាគ​ច្រើន​ស្គាល់​នាង​ច្បាស់ និង​មាន​ទំនុក​ចិត្ត​លើ​ផលិតផល​របស់​នាង ទើប​នាង​អាច​ឈរ​ជើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ Shanghaiist

អត្ថបទពេញនិយម