ក្រុមហ៊ុន​ដីធ្លី​ដែល​ជោគជ័យ ត្រូវ​មាន​អគារ​១០ជាន់​ឡើង

  • 2016-07-04 22:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​​កម្ពុជា លោក គីម ហ៊ាង បាន​ឱ្យ​ដឹង​​ថា ក្រុមហ៊ុន​​រកស៊ី​ដីធ្លី​​ណា ដែល​មាន​អគារ​ផ្ទាល់​ខ្លួន​ចាប់​ពី​ ១០ជាន់​ឡើង​ទៅ ទើប​លោក​ចាត់​ទុក​ថា ជា​ក្រុមហ៊ុន​ជោគជ័យ។

 

 

លោក​បាន​​បញ្ជាក់​​ថា៖ "ក្រុមហ៊ុន​​ដីធ្លី​ជោគជ័យ​មួយ​ត្រូវ​ចាំ...ត្រូវ​មាន​អគារ​ផ្ទាល់​ខ្លួន​១០​ជាន់​ឡើង​ទៅ។ យើង​ប្រើ ២ជាន់​សល់​ ៨ជាន់​ជួល​ឱ្យ​គេ​យក​លុយ...មាន​ទ្រព្យសម្បត្តិ​ប៉ុណ្ណឹង អាច​និយាយ​​ថា ​ជាក្រុមហ៊ុន​ជោគជ័យ ឬ​ក្រុមហ៊ុន​មាន​លំនឹង"។

 

លោក​បន្ត​ថា ប្រសិនបើគ្មាន​​អគារ​ផ្ទាល់​ខ្លួន​ ក្រុមហ៊ុន​នោះ​មិន​ទាន់​មាន​លំនឹង​ទេ ព្រោះវិស័យ​អចលនទ្រព្យ មិន​ទៀងទាត់​​ឡើយ។ បើ​វិស័យដី​ធ្លី​ឡើងថ្លៃ ក្រុមហ៊ុនមុខរីកដូចគ្រាប់ជី តែ​​បើ​ធ្លាក់​​ចុះឬជាប់​គាំងវិញ​ ក្រុមហ៊ុនអាចជួប​​វិបត្តិ​សេដ្ឋកិច្ច ឬ​ប្រឈម​នឹង​ការ​បិទទ្វារជាដើម។ ​

 

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Khmer Real Estate រូប​នេះបន្ត​ថា បើក​ក្រុមហ៊ុន​អចលនទ្រព្យ ប្រៀប​ដូចជា​ដាំ​ដើម​ត្នោត​ដូច្នេះ​ដែរ ព្រោះ​ជំនួញ​នេះ​ត្រូវ​ការ​ពេលវេលា​យូរឆ្នាំ ប៉ុន្តែ​ចំណុច​សំខាន់​បំផុត​ក្នុង​វិស័យ​មួយ​នេះ គឺ​ភាព​ស្មោះត្រង់។

 

“ក្នុង​ទីផ្សារ​មាន​ភ្ញៀវ​ល្អ និង​ភ្ញៀវ​មិន​ល្អ។ ភ្ញៀវ​ល្អ​ត្រូវ​ការ​អ្នក​ផ្ដល់​សេវាកម្ម​ល្អ ភ្ញៀវ​មិន​ល្អ​ក៏​ត្រូវ​ការ​អ្នក​សេវាកម្ម​ល្អ​ដែរ។ បើ​សិន​យើង​​ជា​ក្រុមហ៊ុន​ល្អ ត្រឹមត្រូវ​យុត្តិធម៌ ភ្ញៀវ​ប្រភេទ​ណា​ក៏​មក​រក​យើង​​ដែរ"។ លោក គីម ហ៊ាង បញ្ជាក់។

 

វិនិយោគិន​ដដែល​​​បាន​បន្ថែមលើ​ចំណុច​ខាងលើ​​​ថា ក្រុមហ៊ុន​​រកស៊ី​ដីធ្លី​ដែល​ជោគជ័យ គឺ​ជា​ក្រុមហ៊ុន​ចេះ​ពង្រឹង​ខ្លួន ប៉ុន្តែ​​មិន​មែន​​ពង្រីក​ខ្លួន​ឡើយ។

 

"ជា​រួម​ដើម្បី​ជោគជ័យ ​ត្រូវ​មាន​ចំណេះដឹង បទពិសោធន៍ ទាល់​ចេះ​ភាសា មាន​ដើមទុន និង​​ធំ​ជាងគេ ត្រូវ​មាន​ភាព​ស្មោះត្រង់​ជា​គោល"៕

 

ចុចអាន៖ ២​ឆ្នាំ​ខាង​មុខ ក្រុមហ៊ុន​អចលនទ្រព្យ​​កម្ពុជា នឹង​អាច​វាយ​តម្លៃ​អចលទ្រព្យ​ធំៗ​បាន

ចុចអាន៖ អ្នក​ជំនាញ​ថា អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ គួរ​ឈប់​រង់ចាំ​ទៀត​ទៅ

អត្ថបទ៖ អ៊ុំ សុភក្តិ