កែវ​ រំចង​ប្រាប់​​មូល​ហេតុ​បាត់​មុខ​ពី​សង្វៀន​​យូរ​

  • 2016-07-09 13:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ដល់​ពេល​​នេះ​ប្រហែល​ជា​ជិត​៦​ខែ​ហើយ​ដែល​ជើង​ខ្លាំង កែវ រំចង់ បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​ បន្ទាប់​ពី​រូប​គេ​បាន​ប្រកួត​ជា​មួយ​កីឡាករ​​រុស្ស៊ី​​នៅ​សង្វៀន​អប្សរា​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ នៅ​ខេត្ត​ព្រះ​សីហនុ។ អ្នក​គាំទ្រ​​ជា​ច្រើន​ចង់​ឃើញ​រូប​គេ​ឡើង​វ៉ៃ​បន្ត​ទៀត។

 

 

ជុំ​វិញ​​អវត្តមាន​នេះ កែវ រំចង់ បាន​ប្រាប់​ Sabay តាម​ទូរសព្ទ​ថា រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ រូប​គេ​មិន​បាន​ប្រកួត​ឡើយ​ បើ​ទោះ​ជា​មាន​ការ​ផ្គូផ្គង​ឲ្យ​​ប្រកួត​ច្រើន​ក៏​​ដោយ។ ប្រការ​ដែល​​​​រូប​គេ​អវត្តមាន​នេះ​គឺ​ដោយ​សារ​តែ​​ខ្លួន​មាន​​បញ្ហា​សុខភាព​ពោល​គឺ​​ជំងឺ​តម្រងនោម​​ដែល​កំពុង​ព្យាបាល​នៅ​ស្រុក​កំណើត​​ក្នុង​ខេត្ត​បាត់ដំបង។ រូប​គេ​មិន​ដឹង​ថា​ ពេល​ណា​ទើប​ជា​សះ​ស្បើយ​ដែរ។

 

អ្នក​ប្រដាល់​ដែល​អង្រួន​សង្វៀន​ Thai Fight ​កក្រើក​នៅ​ប្រទេស​ថៃ​កាល​ពី​ខែ​​ធ្នូ ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​មាន​សង្វៀន​ប្រដាល់​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ និង​​កម្មវិធី​ប្រដាល់​នៅ​ក្រៅ​ប្រទេស​​មួយ​ចំនួន​បាន​ទាក់​ទង​រូប​គេ​ឲ្យ​ឡើង​ប្រកួត​ ប៉ុន្តែ​រូប​គេ​មិន​ទាន់​អាច​ឡើង​វ៉ៃ​បាន​ឡើយ​នៅ​ពេល​នេះ។ មែន​ទែន​ទៅ ​​រូប​គេ​ក៏​​ចង់​ឡើង​វ៉ៃ​​ដើម្បី​បម្រើ​ដល់​អ្នក​គាំទ្រ​​ដែល​និយម​ចូល​ចិត្ត​ទស្សនា​ការ​ប្រកួត​របស់​គេ​ដែរ។

 

 

ការ​ប្រកួត​ចុង​ក្រោយ​របស់​ កែវ រំចង់ ​​បាន​យក​ឈ្នះ​កីឡាករ​រុស្ស៊ីឈ្មោះ​​ អ៊ីបី ​របស់​សង្វៀន​​អប្សរា​​ដែល​រៀប​ចំ​ការ​ប្រកួត​នៅ​ខេត្ត​ព្រះ​សីហនុ​ដើម្បី​អបអរសាទរ​ទិវា​៧ មករា ឆ្នាំ​២០១៦។ កាល​ពី​ចុង​ឆ្នាំ​២០១៥ ​អ្នក​ប្រដាល់​កម្ពុជា​​រូប​នេះ​បាន​យក​ឈ្នះ​​ជើង​ខ្លាំង​ថៃ  Iquezang ដោយ​ពិន្ទុ​​ក្នុង​ព្រឹត្តិការណ៍​ Thai Fight​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សាកល​២០១៦៕

 

អត្ថបទ៖ នួន ស៊ីណា