​ឥណ្ឌូណេស៊ី​​៖ ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក​ ស្លាប់​អស់​១៨​នាក់

  • 2016-07-06 19:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​អាជ្ញាធរ​​​​នៅ​ទីក្រុង​ Brebes ​នៃ​​ខេត្ត​ Central Java ប្រទេស​ឥណ្ឌូណេស៊ី​​ បាន​អះអាង​ថា​​​​​មនុស្ស​​ចំនួន​​​ ១៨​នាក់​ ​បាន​ស្លាប់​បាត់បង់​ជីវិត​ ​អំឡុង​ពេល​​​​​​ស្ទះ​ចរាចរណ៍​​គួរ​ឲ្យ​រន្ធត់​​រយៈ​​​ជាង​ ២០​ម៉ោង​​​​​​កាល​ពី​ថ្ងៃ​អង្គារ​​​ម្សិលមិញ​។

 

​​​​ ​​​មនុស្ស​ម្នា​ធ្វើ​ដំណើរ​​​​ពី​​ទីក្រុង​ហ្សាកាតា​ ​ទៅ​​ទីក្រុង​ Tegal ខេត្ត​ Central Java ​បាន​​​​អត់​ទ្រាំ​​នឹង​​​​​​​​​​​​​​​បរិយាកាស​​ថប់​​​​​អស់​ជា​ច្រើន​ម៉ោង​​​​​​​​ពេល​​ផ្លូវ​ស្ទះ។ ​​ព័ត៌មាន​ទទួល​បាន​​ផ្សេង​ទៀត ​ថា​​អ្នក​ដំណើរ​​​​​​មួយ​ចំនួន​​​បាន​​រង់​ចាំ​​​​​ពេល​ស្ទះ​​​​​​​​​ដល់​ទៅ​ជាង​ ៣៥​ម៉ោង។

​​​​​

គ្រូ​ពេទ្យ​ប្រចាំ​​ទីក្រុង​ Brebes ​​លោក​ Sri Gunadi Parwoko ​និយាយ​ថា​​ជន​រងគ្រោះ​​​ចំនួន​ ១២​នាក់​ ​បាន​ស្លាប់​​ដោយ​សារ​អស់​កម្លាំង​​ ​ខណៈ​​​ ៥​នាក់​​ទៀត​​​​​ជួប​គ្រោះ​ថ្នាក់​​​ពេល​​បត់​ឆ្លង​ផ្លូវ ​និង​​​ម្នាក់ផ្សេង​​ទៀត​​មិន​ទាន់​ដឹង​មូល​ហេតុ​។

 

បើ​តាម​​ប្រភព​ Lensa Indonesia ​​ចុះ​ផ្សាយ​ថា​ ​អ្នក​​ដែល​ស្លាប់​​ដោយ​សារ​​អស់​កម្លាំង​មាន​ជំងឺ​ប្រចាំ​កាយ​​​​ ​​​និង​ធ្វើ​ឲ្យ​សុខភាព​​កាន់​​តែ​​​ខ្សោយ​​​​​​ព្រោះ​​​​​អាកាសធាតុ​​ក្ដៅ​​​ថប់​ពេល​​​​​ស្ទះ​។

 

គ្រូ​ពេទ្យ​​​​ដដែល​បន្ត​ថា ​​​​ក្រុម​ជួយ​សង្គ្រោះ​​​​ជួប​​​ភាព​​លំបាក​​​​ក្នុង​​ការ​ជួយ​សង្គ្រោះ​​​​ជនរងគ្រោះ​​ ​ព្រោះ​​រថយន្ត​ពេទ្យ​​​​​​មិន​អាច​​ចូល​ទៅ​យក​​​​ពួក​គេ​បាន​ទាន់​ពេល​វេលា។

 

​​ការ​​នាំ​​គ្នា​​ធ្វើដំណើរ​​​​ដ៏​ច្រើន​​នេះ​ ​​​ពី​ព្រោះ​ម្សិលមិញ​​​​​​​​ ​ពួក​គេ​ប្រញាប់​ធ្វើ​ដំណើរ​​​ទៅ​កាន់​​​​ស្រុក​កំណើត​​​​​ ដើម្បី​ប្រារព្ធ​​ពិធី​បុណ្យ​បែប​សាសនា Eid ​ដែល​​​​ជា​ថ្ងៃ​បិទ​បញ្ចប់​​​បុណ្យ​​ Ramadan ​របស់​សាសនា​ឥស្លាម​៕

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ asiancorrespondent​​​​​​​​​​​​​​