វីដេអូ​អប់រំ​ថ្មី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​តូច

  • 2016-07-08 22:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ អង្គការ​នារី​ដើម្បី​សន្តិភាព ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​ស្តី​ពី ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​អប់រំ​ទាក់ទង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅ​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ដោយ​មាន​ភ្ញៀវ​កិត្តិយស​មក​ពី​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល សិល្បករ ប្រជាជន​ក្នុង​សហគមន៍ និង​អ្នក​សារព័ត៌មាន​ចូលរួម​យ៉ាង​ច្រើន។

 

លោកស្រី ជា មួយគ្រី នាយិកា​អង្គការ​នារី​ដើម្បី​សន្តិភាព ថ្លែង​នៅ​ក្នុង​កម្មវិធី​នេះ​ថា៖ "អង្គការ​នារី​ដើម្បី​សន្តិភាព ផលិត​វីដេអូ​នេះ​ឡើង​សម្រាប់​ផ្សព្វផ្សាយ​ដល់​ក្រុម​គោលដៅ និង​ប្រជាពលរដ្ឋ​ទូទៅ គឺ​ដើម្បី​ដាស់សតិ​អារម្មណ៍​កូន​ខ្មែរ​យើង ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិនសូវ​បាន​រៀនសូត្រ​ខាង​កិច្ចការ​សន្តិភាព ឱ្យ​បាន​គិត​ពិចារណា​ពី​ផលវិបាក​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​មិនមែន​គ្រាន់​តែ​បំផ្លាញ​គ្រួសារ​តូច​មួយ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​បំផ្លាញ​អនាគត​របស់​សង្គម​ខ្មែរ​ទាំងមូល​ទៀត​ផង"។

 

យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ នឹង​ប្រើប្រាស់​វីដេអូ​អប់រំ​ ២ គឺ «ស្រវឹង» និង «ល្បែង​ស៊ីសង» ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ និង​តំបន់​គោលដៅ​តាម​ស្ថានភាព​ផ្សេងៗ​គ្នា។ វីដេអូ​ផ្សព្វផ្សាយ​ទាំង​ពីរ បាន​ប្រើប្រាស់​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​តូច​របស់​ខ្មែរ ដើម្បី​សម្តែង​រឿង​អប់រំ មុន​នឹង​ផលិតជា​ខ្សែ​វីដេអូ។

 

 

ទាក់ទង​នឹង​គោលបំណង​នៃ​ការ​ផលិត​វីដេអូ​ដោយ​ប្រើប្រាស់​ល្ខោន​ស្រមោល​ស្បែក​តូច​នេះ លោកស្រី ជា មួយគ្រី បាន​លើកឡើង​ថា៖ «​យើង​ផលិត​វីដេអូ​នេះ​ឡើង​គឺ​ដើម្បី​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​ជាតិ​ខ្មែរ​បុរាណ។ តាម​រយៈ​វីដេអូ​ល្ខោន​ស្រមោល​ស្បែក​តូច គឺ​មាន​ភាព​ប្លែក​ពី​ក្រុម​ដទៃ ព្រម​ទាំង​ធ្វើ​ឱ្យ​សហគមន៍​ឆាប់​ចងចាំ​ខ្លឹមសារ​មេរៀន​ទាំង​នោះ​ក្នុង​ចិត្ត​របស់​ពួកគេ។ ពិសេស​គឺ​ដើម្បី​ឱ្យ​ស្ត្រី កុមារ និង​បុរស​ជា​ស្វាមី​នៅ​តាម​មូលដ្ឋាន កាន់​តែ​យល់​ច្បាស់​ថែម​ទៀត​អំពី​សញ្ញា​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បង្ហាញ​គេ​អំពី​របៀប​ផ្សេងៗ​ដើម្បី​ឱ្យ​ជៀស​ផុត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បង្កើន​ការ​ថែរក្សា ការពារ​ក្រុម​គ្រួសារ និង​ញាតិមិត្ត​ឱ្យ​មាន​លក្ខណ​:​ប្រសើរ​ជាង​មុន"។

 

វីដេអូ​មួយ​ក្រោម​ចំណង​ជើង​ថា «ស្រវឹង» រយៈពេល ២ នាទី ដែល​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន បង្ហាញ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ប្ដី​ប្រមឹក​ផឹកស្រា​ស្រវឹង​រាល់​ថ្ងៃ បង្ក​ឱ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ​រហូត​ឈាន​ទៅ​ដល់​ការ​វាយ​ធ្វើ​បាប​ប្រពន្ធ​កូន។ វីដេអូ​ខ្លី​នេះ ក៏​បង្ហាញ​ដំណោះ​ស្រាយ​បញ្ហា​ ២ ដែរ​គឺ បន្ត​ការ​វាយដំ និង​បញ្ឈប់​ការ​វាយដំ ដែល​ដំណោះស្រាយ​នី​មួយៗ​ទទួល​បាន​លទ្ធផល​ ២ ​ផ្សេងគ្នា ពោល​គឺ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ចេះ​ត្រិះរិះ​ពិចារណា និង​ចេះ​សម្រេច​ចិត្ត​បាន​ល្អ​ប្រសើរ​ជាង​មុន។

 

 

ក្រៅពី​ផ្សព្វផ្សាយ​តាមរយៈ​ទូរទស្សន៍ YouTube និង Facebook អង្គការ​នារី​ដើម្បី​សន្តិភាព នឹង​ប្រើ​ប្រាស់​វីដេអូ​នេះ​សម្រាប់​ពេល​ចុះ​ទៅ​បណ្ដុះ​បណ្ដាល​ដល់​សហគមន៍​តាម​ជនបទ និង​ក្រុម​យុវជន​ផង​ដែរ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម