នារី​ចិន​ម្នាក់​ស្ម័គ្រ​ចិត្ត​​អៀវ​មិត្ត​ប្រុស​​ដើរ​កាត់​ទឹក ​​កុំ​ឲ្យ​​តែ​ស្បែក​ជើង​​​សង្សារ​​​ចូល​ទឹក​ខូច​

  • 2016-07-09 16:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​​​​សារព័ត៌មាន​មួយ​របស់​ចិន​​ People Daily បាន​​​​​ធ្វើ​ឲ្យ​​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​​​លើ​​​​​គូ​សង្សារ​មួយ​គូ​​ ដែល​គេ​ឃើញ​​ភាគី​ខាង​​ស្រី​សុខ​ចិត្ត​អៀវ​បុរស​ជា​សង្សារ​​ដើរ​​លុយ​ទឹក​ ឆ្លង​កាត់​ផ្លូវ​។ ​

 

 

ទិដ្ឋភាព​​ខាង​លើ​ត្រូវ​គេ​ថត​បាន​នៅ​ទី​ក្រុង​វ៉ូហាន ក្នុង​ខេត្ត​ ហូប៊ៃ​ ដែល​ជា​​ខេត្ត​មួយ​កំពុង​​​ជួប​ប្រទះ​​បញ្ហា​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់ធ្ងរ​។ នៅ​ពេល​សារព័ត៌មាន​ក្នុង​ស្រុក​ចិន​​​ បាន​ស្កាត់​ជួប​សួរ​នាំ​នារី​​អៀវ​សង្សារ​​​ថា​ហេតុអ្វី​បាន​ជា​ធ្វើ​បែប​នោះ? នាង​បាន​តប​ថា៖ “ខ្ញុំ​ពេល​នោះ​ពាក់​ស្បែក​ជើង​​សង្រែក ហើយ​មិត្ត​ប្រុស​ខ្ញុំ​​ពាក់​ស្បែក​ជើង​ស្បែក​ បើ​ត្រូវ​ទឹក​អាច​ខូច​បាន​ ដូច្នេះ​ខ្ញុំ​​សម្រេច​ចិត្ត​​អៀវ​គាត់​​តែ​ម្ដង​ទៅ “។

 

រូប​ភាព​​របស់​គូ​សង្សារ​ខាង​លើ​ត្រូវ​បាន​​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​​លើ​បណ្ដាញ​អ៊ីនធឺណិត​ចិន។ មាន​​អ្នក​បង្ហាញ​មតិ​រិះ​គន់​​ច្រើន​​​លើ​គូ​ស្នេហ៍​ទាំង​ពីរ​ ជា​ពិសេស​ភាគី​ខាង​បុរស។

 

 

អ្នក​បញ្ចេញ​មតិ​​ម្នាក់​​ឈ្មោះ Randy Leyva បាន​សរសេរ​​លើ​អ៊ីនធឺណិត​​ថា៖ "គាត់​​(បុរស​ជា​សង្សារ​) អាច​ដោះ​ស្បែក​ជើង​ហ្នឹង​កាន់​បាន ហើយ​នាំ​មិត្ត​ស្រី​គាត់​ដើរ​ទៅ"។

 

អ្នក​បញ្ចេញ​មតិ​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា៖ "គាត់​​នោះ​មើល​ទៅ​មិន​មែន​ជា​ប្រុស​ទេ បើ​មែន​ក៏​គួរ​ឲ្យ​ខ្មាស​គេ​ដែរ។ ឯ​នារី​ជា​សង្សារ​ដាក់​ខ្លួន​ពេក​ហើយ"។

 

​​​​​ប្រទេស​​ចិនថ្មីៗនេះកំពុង​​ជួប​គ្រោះ​ទឹក​​ជំនន់​​​​​ដ៏​ធ្ងន់ធ្ងរ​បំផុត​​មួយ​​​ គឺ​លិច​​លង់​ចំនួន​ ២៦​ខេត្ត​​​នៅ​ទូទាំង​ប្រទេស​ ​​ដោយ​សារ​​ធ្លាក់​​ភ្លៀង​​ខ្លាំង​​​​​​​នៅ​ប៉ុន្មាន​ថ្ងៃ​​ជាប់​​ៗ​គ្នា៕

 

 

ចុចអាន៖  ស្ម័គ្រ​អៀវ​មិត្តភ័ក្ដិ​​ពិការ​ទៅ​រៀន​រាប់​ឆ្នាំ​ សង្ឃឹម​​បាន​​រៀន​ដល់​វិទ្យាល័យ​ជាមួយ​គ្នា​

 

​​​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail

​​​​​​​​