លក្ខណៈ​សម្បត្តិ​ដែល​អ្នក​ជំនាញ​វាយ​តម្លៃ​អចលនទ្រព្យ​គួរ​មាន

  • 2016-07-11 17:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អាជីព​ផ្នែក​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​ពុំ​មាន​ច្រើន​នោះ​ទេ។ បើ​និយាយ​ពី​សាលា​បង្រៀន​ពី​ជំនាញ​នេះ​ទៀត​សោត​ក៏​ពុំ​ទាន់​មាន​ដែរ។ ដូច្នេះ​ប្រសិន​បើ​បុគ្គល​ម្នាក់​ស្រលាញ់​ហើយ​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​វាយ​តម្លៃ​អចលន​ទ្រព្យ​ម្នាក់ តើ​គេ​គួរ​មាន​លក្ខណៈ​សម្បត្តិ​បែប​ណា​ខ្លះ?

 

 

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា ( CVEA) លោក គឹម ហ៊ាង បាន​ប្រាប់​ថា ​គឺ​ត្រូវ​ទាម​ទារ​កត្តា​ជា​ច្រើន​ក្នុង​ការ​ក្លាយ​ជា​អ្នក​ជំនាញ​វាយ​តម្លៃ​អចលនទ្រព្យ​ម្នាក់ ដែល​រួម​មាន៖​

 

-ចំណេះ​ដឹង​ទូ​ទៅ​។  យ៉ាង​ហោច​ណាស់​ ត្រូវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ដែល​សិក្សា​ជំនាញ​ទាក់​ទង​នឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់​ឬ​ច្បាប់​ជា​ដើម។

 

-ចំណេះដឹង​ភាសា​បរទេស​បាន​ល្អ។ នៅ​ក្នុង​ការងារ​ការ​វាយ​តម្លៃ​អចលនទ្រព្យ ​គេ​ប្រើ​ភាសា​បរទេស ពិសេស​ភាសា​អង់គ្លេស​នេះ​ដើម្បី​ងាយ​ស្រួល​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំនាញ​នៅ​បរទេស ស្រាវជ្រាវ​ឯកសារ​ផង​ដែរ។

 

-មាន​ចំណេះ​ដឹង​ផ្នែក​ដី​ធ្លី។ ទោះ​នៅ​​កម្ពុជា ពុំ​ទាន់​មាន​សាលា​បើក​បង្រៀន​ជំនាញ​នេះ​ក្តី តែ​លោកអ្នក​អាច​ទទួល​បាន​តាម​រយៈ​ការ​ចូល​រួម​សិក្ខា​សាលា​នានា​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន ឬ​សមាគម​ណា​មួយ។

 

-មាន​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​លើ​អចលនទ្រព្យ​២​ឆ្នាំ​ឡើង​ទៅ។​ ​លោក គឹម ហ៊ាង បញ្ជាក់​ថា ទោះ​លោក​អ្នក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ក៏​ដោយ តែ​បើ​គ្មាន​ការ​ប្រឡូក​វាយ​តម្លៃ​លើ​អចលនទ្រព្យ​នោះ​ទេ នោះ​មិន​អាច​បំពេញ​ការងារ​នេះ​បាន​ល្អ​នោះ​ឡើយ។

 

ម្ល៉ោះ​ហើយ លោក​អ្នក​អាច​ទទួល​បទពិសោធន៍​នេះ​តាម​រយៈ​ការ​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​នា​នា​២​ឆ្នាំ​ឡើង​ទៅ។

 

អត្ថបទ៖ លឹម សុ​នា